ខេត្តកំពង់ស្ពឺ ៖ ជ័យលាភីលេខ១ កម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី១ លោកប៊ុត សីហា ដែលធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន កាលពីអំឡុង ឆ្នាំ២០១៨ កន្លងទៅនោះ ក្រោយពីប្រកាសកែខ្លួនមិនបានប៉ុន្មាន ស្រាប់តែត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺ ចាប់ឃាត់ ខ្លួន រួមជាមួយបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធបទល្មើសជក់គ្រឿងញៀនដដែល ដោយដកហូតបានគ្រឿងញៀន មួយចំនួន ធ្វើឲ្យមហាជន ជាពិសេសអ្នកធ្លាប់គាំទ្រតារាចម្រៀងម្ចាស់ពានទី១ រូបនេះ មានការខកចិត្ត និងសោក ស្តាយ រហូតខ្លះលាន់មាត់ថា «ចប់ហើយ! ប៊ុត សីហា កែមិនឡើងទេ»។
ការឃាត់ខ្លួនតារាចម្រៀង ប៊ុត សីហា និងបក្ខពួកនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញស្រុកគងពិសី បានធ្វើការបង្ក្រាបមុខសញ្ញា សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ រួមមាន ទី១-ឈ្មោះឆន វល្លិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី និង ទី២ -ឈ្មោះប៊ុត សីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកចម្រៀង (ម្ចាស់ពាន The Voice Cambodia រដូវកាលទី១) មានលំនៅ ភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ។
ប្រភពដដែល បន្តថា មុនឈានដល់ការឃាត់ខ្លួនតារាចម្រៀង ប៊ុត សីហា និងបក្ខពួកខាងលើ កម្លាំងសមត្ថ កិច្ចបានចេញល្បាតក្នុងមូលដ្ឋានដូចសព្វដង ស្រាប់តែបានប្រទះឃើញជនសង្ស័យ ចំនួន២នាក់ ដែលក្នុងនោះ មានម្នាក់ត្រូវគេស្គាល់ច្បាស់ថា ជាម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ឈ្មោះប៊ុត សីហា គួរឱ្យសង្ស័យ ទើបឃាត់សាកសួរ និងឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន៥កញ្ចប់ (៣កញ្ចប់តូច និង២កញ្ចប់មធ្យម) ទូរស័ព្ទ ៣គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។
តារាចម្រៀង ប៊ុត សីហា រួមនិងបក្ខពួក ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យជំនាញ រៀបចំ កសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា តារាចម្រៀង ប៊ុត សីហា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនម្តងរួចមកហើយ កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន នៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែល តារាចម្រៀងរូបនេះ បានទៅទិញគ្រឿងញៀន ដើម្បីជក់ ប៉ុន្តែ ត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងបញ្ជូនទៅដាក់មណ្ឌលបន្សាបគ្រឿង ញៀន ហើយក្រោយចេញពីមណ្ឌលកែប្រែ ប៊ុត សីហា បានប្រកាសសន្យាកែខ្លួន តែមិនបានប៉ុន្មានផង ស្រាប់ ពេលនេះតារាចម្រៀងរូបនេះ បែរជាដើរជាន់ដានចាស់ បន្តប្រើប្រាស់គ្រឿងញៀនរហូត ត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួនជាថ្មី។
ជុំវិញករណីប៊ុត សីហា នេះ លោកស្រីទ្រី ដាណា ថៅកែហាងមាសពេជ្រ និងជាម្ចាស់ក្រុមហ៊ុន NNP បានឲ្យ ដឹងថាលោកស្រីបានជួយដល់ប៊ុត សីហា អស់ជិត ១០ម៉ឺនដុល្លារ សម្រាប់ទិញឡាន ទិញផ្ទះ និងជួយចេញ លុយឲ្យផលិតបទចម្រៀង ដោយផ្ដល់ប្រាក់ខែ ជាប្រចាំ ខ្ទង់ពាន់ដុល្លារ ដោយគេសន្យាថាកែខ្លួន តែបានមួយ រយៈខ្លី ក៏ឮថាលក់ឡាន លក់របស់អស់ ចាយលុយអស់ លែងថតចម្រៀង ដើរលេង ទាក់ទងលែងបាន ចុង ក្រោយក៏ឃើញសមត្ថកិច្ចឃាត់ខ្លួន រឿងគ្រឿងញៀន។
លោកស្រី ទ្រី ដាណា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ថា «ជិត១០ម៉ឺនដុល្លារ និងឱកាសការងារដែលខ្ញុំបានជួយ និងផ្ដល់ឲ្យប៊ុត សីហា តែគួរស្ដាយ គាត់មិនអាចកែបាន ហើយម្សិលមិញ ក៏ឃើញសមត្ថកិច្ចឃាត់ខ្លួន រឿងគ្រឿងញៀន។ សម្រាប់ខ្ញុំ ចូលចិត្តផ្ដល់ ឱកាសឲ្យគេណាស់ ហើយសម្រាប់ ប៊ុត សីហា ពេលមកជួបខ្ញុំដំបូង សន្យាថាកែខ្លួន សុំការងារ និងសុំកសាង ជីវិតថ្មី ដោយពេលនោះ ថតវីដេអូ និងឡាយមុខបងប្អូនជាសាធារណៈ។
ខ្ញុំបានផ្ដល់លុយសុទ្ធគាត់ ៦ម៉ឺនដុល្លារ ទិញឡាន ទិញផ្ទះ ហើយជួយចេញលុយឲ្យគាត់ផលិតបទចម្រៀង ជាច្រើនបទ ដោយផ្ដល់ប្រាក់ខែឲ្យជាប្រចាំ ខ្ទង់ពាន់ដុល្លារ។ តែមួយរយៈខ្លី ក៏ឮថាលក់ឡាន លក់របស់អស់ ចាយលុយអស់ ដើរលេង ទាក់ទងលែងបាន លែងថតបទចម្រៀង។
សម្រាប់ខ្ញុំ ជួយគេមិនដែលចង់បានអីមកវិញ ក៏មិនដែលរំឭកដែរ វាជាបុណ្យរបស់ខ្ញុំ តែខ្ញុំស្ដាយសមត្ថភាព។ យ៉ាងណាក៏ហួសអស់ហើយ រឿងបន្តទៀត មានតែខ្លួនគាត់ប៉ុណ្ណោះ ព្រោះជីវិតមនុស្ស មិនអាចមានឱកាស ច្រើនដងទេ»៕