Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញប្លន់ដំបូង ភ្លាត់ស្នៀត ជាប់ខ្នោះ៣

ចេញប្លន់ដំបូង ភ្លាត់ស្នៀត ជាប់ខ្នោះ៣

ភ្នំពេញ ៖ ជនសង្ស័យជាក្រុមចោរវ័យក្មេង ១ក្រុម ជិះម៉ូតូដេញតាមគេពេលយប់ រួចយកដុំថ្មប្លន់ម៉ូតូ ជាលើកដំបូង តែភ្លាត់ស្នៀត គប់មិនត្រូវ ប្លន់មិនបានសម្រេច បែរជាត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ ចំនួន៣នាក់ នាំយកទៅចាត់ ការតាមច្បាប់។

ករណីដេញគប់ដុំថ្ម ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកវត្តស្លែង កែងនឹងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។ជនរងគ្រោះ មានឈ្មោះថុល វុទ្ធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានលំនៅ ភូមិដំណាក់ ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហួន វាសនា ហៅឌី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិ ក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ ទី២-ឈ្មោះសុខហេង សីហា ហៅហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងទី៣-ឈ្មោះហ៊ន ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

រីឯវត្ថុតាងដកហូត រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ និងលេខម៉ាស៊ីន 6367860 ពាក់ស្លាកលេខ ភ្នំពេញ 1JR-2472 (ជារបស់ជនសង្ស័យឈ្មោះហួត វាសនា ហៅឌី)។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ លេខតួ និងលេខម៉ាស៊ីន 0068083 ពាក់ស្លាកលេខ ភ្នំពេញ 1KD-5730 (ជារបស់ជនសង្ស័យឈ្មោះសុខហេង សីហា ហៅហុង)។ ៣-ដុំថ្មទំហំប៉ុនកដៃ ចំនួន១ដុំ។ ៤-ទូរស័ព្ទដៃ ម៉ាក OPPO ពណ៌ស្វាយ ចំនួន១គ្រឿង (ជារបស់ជនសង្ស័យឈ្មោះ សុខហេង សីហា ហៅហុង) និង៥-ទូរស័ព្ទដៃ ម៉ាកសាំសុង ពណ៌សូកូឡា ចំនួន១គ្រឿង (ជារបស់ជនសង្ស័យឈ្មោះហ៊ន ជីវ័ន្ត)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះថុល វុទ្ធារិទ្ធ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ ស្លាកលេខ ភ្នំពេញ 1AB-8594 ដឹកមិត្តភក្តិ ចំនួន២នាក់ (ទី១-ឈ្មោះម៉ែន សែនអេឡិចស្កាយ ភេទប្រុស អាយុ ១៥ឆ្នាំ និងទី២-ឈ្មោះម៉ៅ តុលា ភេទប្រុស អាយុ១៦ឆ្នាំ) ចេញពីផ្ទះ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បំណងទៅយកប្អូនស្រី នៅម្តុំបែកចាន ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ពេលជនរងគ្រោះនិងមិត្តភក្តិ ជិះម៉ូតូតាមផ្លូវជាតិលេខ៣ ពីជើង ទៅត្បូង ហួសស្ថានីយប្រេង ភីធីធី ប្រហែល ២០០ម៉ែត្រ ស្ថិតនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ស្រាប់តែលេចមុខជនសង្ស័យ ទាំង៣នាក់ ខាងលើ ជិះម៉ូតូ ចំនួន២គ្រឿង បិទភ្លើងម៉ូតូ ដេញតាមពីក្រោយជនរងគ្រោះ ឃើញដូចនេះជនរងគ្រោះ បានបើក ម៉ូតូរត់គេចពីក្រុមជនសង្ស័យ ទៅដល់ផ្លូវបំបែកវត្តស្លែង កែងនឹងផ្លូវជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពង ទឹក ខណ្ឌដង្កោ នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃដដែល ជនសង្ស័យឈ្មោះហ៊ន ជីវ័ន្ត ដែលជិះពីក្រោយ ឈ្មោះសុខហេង សីហា ហៅហុង បានប្រើដុំថ្មគប់ទៅលើជនរងគ្រោះ ប៉ុនប៉ងប្លន់ម៉ូតូ តែជនរងគ្រោះគេចផុត ទើបក្រុមជនសង្ស័យ បានបើកម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។

ភ្លាមនោះ ជនរងគ្រោះ បានជិះម៉ូតូទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដែលឈរជើង នៅគោលដៅស្តុបវត្តស្លែង ដើម្បីឱ្យជួយអន្តរាគមន៍។ លុះទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចក៏បានទាក់ទង កម្លាំងជំនាញចេញ អន្តរាគមន៍ដេញតាមឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើ ការសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេទាំង៣នាក់ ពិតជាបានធ្វើ សកម្មភាពប្រើដុំថ្ម គប់ជនរងគ្រោះ បំណងប្លន់ម៉ូតូប្រាកដមែន ដោយពួកខ្លួនទើបនឹងចេញធ្វើសកម្មភាពលើកដំបូង តែមិនបាន សម្រេច ក៏ត្រូវសមត្ថកិច្ចចាប់ជាប់តែម្តង។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ និងមានការសម្របសម្រួលពីលោកឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាម ផ្លូវច្បាប់តែម្តង៕

RELATED ARTICLES