Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីពន្ធដារ បោកគេ ៣ម៉ឺនដុល្លារ អង្គភាពថា បណ្តេញ ចេញ៣ឆ្នាំហើយ

មន្ត្រីពន្ធដារ បោកគេ ៣ម៉ឺនដុល្លារ អង្គភាពថា បណ្តេញ ចេញ៣ឆ្នាំហើយ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានប្តឹងបុរសម្នាក់ ឈ្មោះ រស់ សុមេធ អតីតជាមន្ត្រីសាខាពន្ធដារខណ្ឌសែនសុខ ទៅអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោកប្រាក់ បន្ទាប់ពីឈ្មោះ រស់ សុមេធ បានធានាម៉ៅការទទួល ប្រាក់ពីខ្លួន ជាង ៣ម៉ឺនដុល្លារ យកទៅជួយរៀបចំឯកសារ ដើម្បីបង់ពន្ធជូនរដ្ឋ ខណៈគាត់ជាប់ពន្ធលើ ទឹកប្រាក់ ជាង ៥ម៉ឺនដុល្លារ។

ដើមបណ្តឹងក្នុងសំណុំរឿងនេះ មានឈ្មោះយូ គាវ ភេទស្រី អាយុ៦០ឆ្នាំ មានលំនៅ ភូមិកណ្តោលជ្រំ ឃុំកណ្តោល ជ្រំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជាម្ចាស់ក្រុមហ៊ុន សាន់ ហ្វីត (ខេមបូឌា)។ រីឯបុគ្គលដែលរងការចោទប្រកាន់ មានឈ្មោះ រស់ សុមេធ ជាអតីតមន្ត្រីសាខាពន្ធដារ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទាក់ទិននឹងបញ្ហានេះ ក្រុមគ្រួសារលោកស្រី យូ គាវ បានអះអាងប្រាប់អ្នកសារព័ត៌មានថា ដើមចមដំបូង ក្រុម ហ៊ុន សាន់ ហ្វីត (ខេមបូឌា) បានរកស៊ីខាត និងជំពាក់ប្រាក់រដ្ឋ ចំនួន ៥០ ៧៥៧ដុល្លារ។ បន្ទាប់មកក៏លេចមុខលោក រស់ សុមេធ មកអះអាងថា ខ្លួនជាមន្ត្រីពន្ធដារស្រាប់ ខ្លួនស្គាល់គេឯងច្រើន និងធានា រៀបចំឯកសារបែបបទផ្សេងៗ ក្នុងការបង្វែរពីបង់ពន្ធអស់ច្រើន មកតិច សម្រាប់រត់ការបង់លុយផ្តាច់ទាំងអស់ ដែលក្រុមហ៊ុនសាន់ ហ្វីត (ខេមបូឌា) បានជំពាក់រដ្ឋ ចំនួន ៥០ ៧៥៧ដុល្លារ ដោយចំណាយត្រឹមតែ ៣៤ ២៥៦ ដុល្លារប៉ុណ្ណោះ នឹងចប់សព្វគ្រប់។ ប៉ុន្តែសុទ្ធតែជាចេតនាទុច្ចរិតទាំងអស់ គឺស៊ីដាច់លុយ។

ដោយជឿតាមការអះអាងនិងបញ្ចុះបញ្ចូលពីសំណាក់លោក រស់ សុមេធ ទើបនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី យូ គាវ ម្ចាស់ក្រុមហ៊ុន សាន់ ហ្វីត (ខេមបូឌា) បានប្រគល់ប្រាក់ចំនួន ៣៤ ២៥៦ដុល្លារ ឱ្យទៅលោក រស់ សុមេធ អតីតមន្ត្រីសាខាពន្ធដារខណ្ឌសែនសុខ តាមការព្រមព្រៀងនិងនិយាយគ្នា ហើយព្រោះការជឿ ទុកចិត្តពេក ទើបការប្រគល់ប្រាក់ឱ្យលោក រស់ សុមេធ ពីសំណាក់លោកស្រី យូ គាវ នៅពេលនោះ ពុំបាន ធ្វើលិខិតទទួល ឬវិក្កយបត្របញ្ជាក់នោះទេ ដោយគ្រាន់តែធ្វើជាលិខិតទទួលឯកសារទុក សម្រាប់ផ្ទៀងផ្ទាត់ ដោះស្រាយបញ្ហាបង់ពន្ធចូលរដ្ឋប៉ុណ្ណោះ។ ពោលគឺភាគីទាំងសងខាង ចាត់ទុកការរត់ការនេះជារឿងសម្ងាត់ ដែលត្រូវលាក់បាំង ទើបមិនសរសេរបញ្ជាក់ពីការប្រគល់-ទទួលប្រាក់ក្នុងលិខិត។

បន្ទាប់ពីប្រគល់ប្រាក់ឱ្យលោក រស់ សុមេធ ហើយនោះ លោកស្រី យូ គាវ នឹកស្មានថាចប់រឿងរ៉ាវអស់ហើយ ព្រោះរត់ការបង់ពន្ធរួច ស្រាប់តែមកដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹង ឱ្យក្រុមហ៊ុនខ្លួនបំពេញកាតព្វកិច្ចចូលបង់ពន្ធ ទើបដឹងថា លោក រស់ សុមេធ ពុំទាន់ចាត់ចែងបង់ពន្ធនោះទេ ហើយក៏ទាក់ទងសួរនាំជាបន្តបន្ទាប់។

ជាមួយគ្នានោះ លោក រស់ សុមេធ តែងតែពន្យារ និងលើកពេលពីមួយខែ ទៅមួយខែ ពី១ឆ្នាំទៅ១ឆ្នាំ ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ មិនចប់មិនហើយ  រហូតដល់អំឡុងដើមឆ្នាំ២០២៣ ស្រាប់តែលោក រស់ សុមេធ គេចវេះផ្តាច់ទំនាក់ ទំនង ប្លុកលេខ លុបតេឡេក្រាម ទាក់ទងលែងបាន ទើបលោកស្រី យូ គាវ បានប្តឹងលោក រស់ សុមេធ ចូល អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោកលុយ ជាង៣ម៉ឺនដុល្លារតែម្តង។

ពាក់ព័ន្ធបណ្តឹងមួយនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក រស់ សុមេធ ឱ្យចូលបំភ្លឺ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែសាម៉ីខ្លួនពុំមានវត្តមានចូលបំភ្លឺនោះឡើយ។ជុំវិញករណីខាងលើ តាមប្រភពពីមន្ត្រីជាន់ខ្ពស់របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា បុគ្គលឈ្មោះ រស់ សុមេធ ពីមុនធ្លាប់ជាមន្ត្រីពន្ធដារនៅខណ្ឌសែនសុខ មែន ប៉ុន្តែត្រូវបានអង្គភាពលុបឈ្មោះ និងបណ្តេញចេញ ពីអង្គភាព ប្រមាណជា ៣ឆ្នាំមកហើយ ដោយសារបុគ្គល នេះ បំពេញការងាររបស់ខ្លួន មិនអនុវត្តតាមតួនាទីភារ កិច្ច ក្នុងនាមជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈ។ មន្ត្រីដដែល បានបញ្ជាក់ថា ខាងអង្គភាពអគ្គនាយកដ្ឋាន ពន្ធដារ កន្លងទៅក៏ធ្លាប់ចេញលិខិតបញ្ជាក់ជូនទៅតុលាការ បន្ទាប់ពីមានបណ្តឹងទៅលើឈ្មោះ បុគ្គលរូបនេះ ផងដែរ។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួន លោក រស់ សុមេធ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES