Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបំពុលឆ្កែ លួចគោ៦ក្បាល ម្ចាស់យំហើមភ្នែក

បំពុលឆ្កែ លួចគោ៦ក្បាល ម្ចាស់យំហើមភ្នែក

ខេត្តប៉ៃលិន ៖ រយៈពេលត្រឹមតែ ១យប់ ក្រុមចោរបានដើរបំពុលសត្វឆ្កែ នៅក្នុងភូមិ រួចបាននាំគ្នាធ្វើសកម្មភាព លួចគោរបស់ប្រជាពលរដ្ឋ អស់ចំនួន៦ក្បាល ខណៈម្ចាស់គោ ២គ្រួសារនេះ មានជីវភាពក្រីក្រ និងបាន ខិតខំ សន្សំលុយយ៉ាងយូរ ទម្រាំទិញគោទាំង៦ក្បាលនេះបាន ស្រាប់តែត្រូវក្រុមចោរលួចអស់ក្នុងរយៈពេលតែ ១យប់ ធ្វើឱ្យពួកគាត់ត្រូវអស់សង្ឃឹម បានត្រឹមទួញយំហើមភ្នែកប៉ុណ្ណោះ។

ករណីបំពុលឆ្កែលួចគោនេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

ស្ត្រីវ័យចំណាស់ឈ្មោះហ៊ីង សែ អាយុ៦៣ឆ្នាំ និងប្តីឈ្មោះឌិត ឌន អាយុ ៧៥ឆ្នាំ រស់នៅភូមិប៉ាងរលឹម សង្កាត់ អូរតាវៅ ក្រុងប៉ៃលិន ដែលជាម្ចាស់គោ បានរៀបរាប់ទាំងទឹកភ្នែកថា កាលពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ពួកគាត់បាន ឮសំឡេងឆ្កែព្រុសខ្លាំងៗ ហើយក៏ក្រោកដើរមើលដែរ តែមិន ឃើញមានអ្វីប្លែកទេ ទើបដើរទៅដេកវិញ ក៏លង់លក់តែម្តង។ លុះដល់វេលាម៉ោង ៥ទៀបភ្លឺថ្ងៃដដែលពេលប្តី គាត់ក្រោកចេញទៅមើលគោ ស្រាប់តែបាត់អស់រលីងពីក្រោល ដោយមើលឃើញដានជើងចោរដឹកគោឡើង ឡាន យកទៅបាត់អស់រលីង។

ស្ត្រីវ័យចំណាស់រូបនេះ បានបន្តថា គោរបស់គាត់ មានចំនួន៤ក្បាល បាត់ទាំងអស់។ នេះជាទ្រព្យដែលគាត់ខិត ខំសន្សំ និងដើរស៊ីឈ្នួលគេ ហើយថែមទាំងដើររើសអេតចាយផ្សែផ្សំផង ទម្រាំនឹងទិញគោបាន គឺវាលំបាកខ្លាំង ណាស់ តាំងពីបានមេមួយ រហូតដល់កើតកូនបានចំនួន៤ក្បាល គឺខិតខំថែទាំ ទោះបីជាគេសួរទិញមិនលក់ទេ ទុកឲ្យកើតកូនបានច្រើន នឹងលក់ទិញដី ធ្វើផ្ទះ រស់នៅនឹងគេ ព្រោះបច្ចុប្បន្ន ពួកគាត់សុំដីគេសង់ ខ្ទមស្នាក់នៅ បណ្តោះអាសន្នប៉ុណ្ណោះ។ រាល់ថ្ងៃ ប្តីរបស់គាត់ឃ្វាលគោផង និងដើរស៊ីឈ្នួលគេផង។ រីឯរូបគាត់ដើររើសអេតចាយ លក់យកលុយទិញម្ហូប ដោយជីវភាពជួបការលំបាកខ្លាំង។ តែពួកគាត់ នៅតែមាន សង្ឃឹម ព្រោះនៅមានគោដែលជាទ្រព្យ។ ស្រាប់តែពេលនេះ អ្វីៗត្រូវរលាយអស់ត្រឹមតែ ១យប់ប៉ុណ្ណោះធ្វើឱ្យ គាត់មិនចង់រស់ទៀតឡើយ ចង់តែរត់ចូលឡានឱ្យស្លាប់ទេ។

ចំណែកជនរងគ្រោះជាម្ចាស់គោ ១គ្រួសារទៀត ក៏មានស្ថានភាពស្រដៀងគ្នាផងដែរ គឺបុរសជាប្តីឈ្មោះញៀន ទូច អាយុ៤៦ឆ្នាំ និងស្ត្រីជាប្រពន្ធ ឈ្មោះមាន អួម អាយុ៤១ឆ្នាំ បានប្រាប់ថា ពួកគាត់បាត់គោអស់ ចំនួន២ ក្បាលក្បាល ហើយពួកគាត់ក៏មិនមែនជាអ្នកមានជីវភាពធូរធា អីដែរ សុំដីគេរស់នៅក្បែរថ្នល់ជាតិ ចំណែក ជីវភាព រំពឹងតែលើគោ២ក្បាលនោះប៉ុណ្ណោះ ពេលនេះក្តីសង្ឃឹម ត្រូវរលាយក្លាយជាផេះអស់ហើយ មិនដឹង ជាត្រូវគិតយ៉ាងណាទេ។

ក្រុមគ្រួសារជនរងគ្រោះទាំង២គ្រួសារខាងលើ បានទទូចសំណូមពរដល់អាជ្ញាធរខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ សូមជួយតាមស្វែងរកគោ និងចាប់ជនល្មើស មកផ្តន្ទាទោសផង ព្រោះពួកគាត់ សុទ្ធតែក្រីក្រ រកព្រឹកខ្វះ ល្ងាច និងសុំដីគេសង់ខ្ទមរស់នៅប៉ុណ្ណោះសព្វថ្ងៃ។

ពាក់ព័ន្ធករណីខាងលើនេះ លោកជា សុភត្រា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវៅ បានឱ្យដឹងថា ខាង សមត្ថកិច្ចកំពុងដុតដៃដុតជើង ស្វះស្វែងរកមុខសញ្ញា តែក្រុមចោរប្រហែលដឹកគោ តាមឡានឆ្ពោះទៅខាងខេត្ត បាត់ដំបង ព្រោះមើលតាមកាំរ៉ាសុវត្ថិភាព មិនឃើញចូល មកក្រុងប៉ៃលិន ឡើយ៕

RELATED ARTICLES