ខេត្តតាកែវ ៖ បុរសម្នាក់ បានស្ពាយឧបករណ៍ឆក់ត្រី ចេញទៅដើរឆក់ត្រីនៅក្នុងបឹង ស្រាប់តែអកុសលមិនដឹងជាយ៉ាងម៉េច ក៏ស្រាប់ តែភ្លាត់ស្នៀត ឆក់ខ្លួនឯង បណ្តាលឱ្យស្លាប់យ៉ាង អាណោចអាធ័ម កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចបឹង ខាងជើង វត្តពោធិ ស្ថិតក្នុងភូមិបាម ឃុំគោកព្រិច ស្រុកគិរីវង់។
ជនរងគ្រោះ ដែលដើរឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់នោះ មានឈ្មោះជន កែន អាយុ ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ តែងចេញ ទៅឆក់ត្រីស្ទើររាល់យប់ ដើម្បីយកមកទុក ហូបខ្លះ លក់ខ្លះ គ្រាន់បានប្រាក់កម្រៃចិញ្ចឹម ជីវិត។ នៅមុនពេលកើតហេតុ នៅវេលារសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះ បានស្ពាយឧបករណ៍ឆក់ត្រី ដើរចេញពីផ្ទះសំដៅ ទៅបឹង ទីតាំងកើតហេតុខាងលើ រួចក៏បាត់មិន ឃើញត្រឡប់មកផ្ទះវិញសោះ។ ស្រាប់តែមក ដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានអ្នក ភូមិរត់មកប្រាប់ថា ប្រទះឃើញជនរងគ្រោះ ដេកស្លាប់នៅក្នុងទឹកបឹង ក៏ប្រញាប់រត់ទៅមើល ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មកក៏នាំគ្នាជួយសែងយក សពជនរងគ្រោះត្រឡប់មកផ្ទះវិញ រួចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយ កើតហេតុ សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោ សល្យវិច័យសពរួចរាល់ ឃើញថា ជនរងគ្រោះ បានស្លាប់ដោយសារតែត្រូវឧបករណ៍ឆក់ត្រីឆក់ ខ្លួនឯងស្លាប់ប្រាកដមែន ពោលគឺមិនពាក់ព័ន្ធ ទៅនឹងករណីអ្វីផ្សេងនោះទេ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ កុយ សាគឿន