Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឥសីព្យាបាលជំងឺ បញ្ចូលកម្លាំងធាតុក្នុងមុង ក្រសួង សុខាភិបាល សម្រេចបិទអាស្រម

 ឥសីព្យាបាលជំងឺ បញ្ចូលកម្លាំងធាតុក្នុងមុង ក្រសួង សុខាភិបាល សម្រេចបិទអាស្រម

ភ្នំពេញ ៖ គ្រូឱសថបុរាណ ស៊ូ សេងហួ ដែលតាំងខ្លួនជាឥសី លក់ទាំងឱសថបុរាណ និងអាហារបំប៉ន ហើយ ថែមទាំងប្រកាសថាខ្លួនគឺជាអ្នកមានបុណ្យ និងកំពុងបង្រៀនធម៌ព្រះពុទ្ធឡើងវិញផងនោះ ពេលនេះត្រូវបាន ក្រសួងសុខាភិបាល សហការជាមួយអាជ្ញាធរ សម្រេច ចុះបិទទីតាំងអាស្រមព្យាបាលជំងឺនោះហើយ បន្ទាប់ពី បានធ្វើសកម្មភាពមិនប្រក្រតី ដូចជាព្យាបាលជំងឺស្រីក្មេង បញ្ចូលកម្លាំងធាតុក្នុងមុង និងលក់ឱសថបុរាណមិន មានច្បាប់អនុញ្ញាតពីក្រសួង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា កន្លងមកនាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខា ភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហ៊ួ ចំពោះករណី ផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយនិងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មី ដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ដង រួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។

ក្រសួងបន្តថា ទោះបីជាធ្លាប់បានសន្យាថា បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោកស៊ូ សេងហ៊ួ នៅតែបន្ត ផ្សព្វផ្សាយតាមបណ្តាញសង្គម ហ្វេសប៊ុក នូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់ អនុញ្ញាតពីក្រសួងសុខាភិបាល។

ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយ អាជ្ញាធរពាក់ព័ន្ធ ចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំលោកស៊ូ សេងហ៊ួ ឱ្យលុបវីដេអូផ្សព្វផ្សាយ ការព្យាបាលជំងឺប្រាសចាកការពិតទាំងអស់ ចេញពីបណ្តាញសង្គម ហ្វេសប៊ុក ជាបន្ទាន់។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នក្នុងការសម្រេច ចិត្តទទួលការព្យាបាលដោយមន្តអាគម ឬឱសថបុរាណដែលខុសច្បាប់ និងកុំជឿការឃោសនាភូតកុហកបោក ប្រាស់ទាំងនោះ តាមបណ្តាញសង្គម ឃ្លីបវីដេអូ ឬការផ្សព្វផ្សាយតៗគ្នា ដែលនាំឱ្យខាតបង់ប្រាក់ ពេលវេលា ប៉ះ ពាល់ដល់សុខភាព និងអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ អាយុជីវិតជាយថាហេតុ៕

RELATED ARTICLES