Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទុះធុងខ្យល់ របួស៦នាក់

ផ្ទុះធុងខ្យល់ របួស៦នាក់

ភ្នំពេញ ៖ ផ្ទះដំឡើងធុងចាក់ប្រេង និងធុងហ្គាស់ មួយកន្លែង ខណៈពេលជាងកំពុងតែដំឡើង សម្ភារៈ ស្ថានីយ ប្រេង និងហ្គាស់ ក៏ស្រាប់តែផ្ទុះធុងខ្យល់ លាន់កក្រើក បណ្តាលឱ្យមនុស្ស ៦នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវ បានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៦យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច ទីតាំងយីហោ រាជសីហ៍ សាងសង់ស្ថានីយប្រេងហ្គាស់ ផ្គត់ផ្គង់កុងទ័រប្រេងហ្គាស់ និងស៊ីទែនគ្រប់ប្រភេទ តាមបណ្តោយផ្លូវវត្តអង្គតាម៉ិញ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ម្ចាស់ផ្ទះកើតហេតុ មានឈ្មោះអួន សុផារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ទីតាំងខាងលើ គឺបើកអាជីវកម្មសាងសង់ស្ថានីយប្រេង និងហ្គាស់ ផ្គត់ផ្គង់កុងទ័រប្រេង ហ្គាស់ និងស៊ីទែនគ្រប់ប្រភេទ។ មុនពេលកើតហេតុ ក្រុមគ្រួសារខាងលើ កំពុងនៅក្នុងផ្ទះ ដោយមានគ្នាចំនួន ៤នាក់ ក្នុងនោះប្តីប្រពន្ធ និងកូនស្រីតូច ព្រមទាំងជាងម្នាក់ផងដែរ។ ខណៈពេលជាង កំពុងតែដំឡើងសម្ភារៈស្ថានីយប្រេង និងហ្គាស់ ក៏ស្រាប់តែផ្ទុះធុងខ្យល់ បែកខ្ទាតពីខាងក្នុងចេញមកក្រៅ បណ្តាលឱ្យមនុស្សនៅក្នុងផ្ទះ ចំនួន៤នាក់ រងរបួសធ្ងន់ និងស្ត្រីជាអ្នកជិតខាងម្នាក់ ក៏ត្រូវរបួសស្រាល ព្រមទាំង អ្នករួមដំណើរម្នាក់ទៀតដែលចូលមកមើលនៅខាងមុខផ្ទះ ក៏ត្រូវរងរបួសធ្ងន់ផងដែរ។

ប្រភពដដែល បន្តថា ខណៈពេលកម្លាំងធុងខ្យល់ផ្ទុះនោះ គឺទ្វារផ្ទះដែលបិទ ត្រូវបានកម្លាំងខ្យល់បុក ធ្វើឱ្យរង ការខូចខាតបែកកញ្ចក់ខ្ទាតចេញមករាយប៉ាយពេញផ្លូវតែម្តង ព្រមទាំងប៉ើងដំបូលស័ង្កសីផ្ទះខាងមុខ ធ្វើឱ្យដាច់ដោចរងការខូចខាតយ៉ាងដំណំ សូម្បីតែអ្នកជិតខាងកំពុងតែលក់ដូរ ក៏ធ្វើឱ្យកញ្ចក់ទូដាក់ភេសជ្ជៈ រងការខូចខាតបែកខ្ទេចអស់មួយចំនួនធំផងដែរ។

បន្ទាប់ពីកើតមានគ្រោះថ្នាក់ផ្ទុះធុងខ្យល់ខាងលើនេះភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជន ជាច្រើនរថយន្ត ក្នុងនោ រួមមានរថយន្តសង្គ្រោះឯកជន សម្ភពសែនមានជ័យ និងសម្ភពពន្លឺ ព្រមទាំង រថយន្តផ្សេងទៀត បានមកដឹកជនរងគ្រោះភ្លាមៗ ដើម្បីយកទៅសង្គ្រោះ។ ចំណែកជនរងគ្រោះរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះឯកជន បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រួមទាំងសមត្ថកិច្ចជំនាញ បានចុះមក កន្លែងកើត ហេតុភ្លាមៗ តែជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះឯកជន បញ្ជូនទៅសង្គ្រោះបន្ទាន់នៅ ឯមន្ទីរពេទ្យ ឯកជន អស់ទៅហើយ៕

RELATED ARTICLES