Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សុំបាយស៊ីអត់បាន កាប់១ដាវ

 សុំបាយស៊ីអត់បាន កាប់១ដាវ

ខេត្តកណ្តាល ៖ ក្មេងស្ទាវឈាវរាវម្នាក់ បានដើរទៅសុំបាយពីស្ត្រីជាអ្នកជិតខាងម្នាក់ ហូប តែស្ត្រីរូបនោះមិនឱ្យ ស្រាប់តែខឹង ទាញដាវកាប់ស្ត្រីរងគ្រោះ ១ដាវ បណ្តាលឱ្យរងរបួសដេរ ៥ថ្នេរ រួចព្យាយាមរត់គេចខ្លួនបាន១ថ្ងៃ ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវរទេះ ស្ថិតក្នុងភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។ លុះមកដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ រហូតឈាន ដល់ការឃាត់ខ្លួនជនសង្ស័យបាន។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយៀក វី ហៅចយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។ ចំណែកជនរងគ្រោះមានឈ្មោះចក់ អូន ភេទស្រី អាយុ៤៩ឆ្នាំ មានលំនៅភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះឈ្មោះ ចក់ អូន បានដើរពីចំណុចផ្លូវរទេះស្ថិតក្នុងភូមិអម្ពិលទឹក ទៅកន្លែងចតទូក រួចដើរឡើងជិះទូក បម្រុងធ្វើដំណើរទៅផ្ទះ ក្រោយភូមិដែលលិចទឹក ស្រាប់តែរំពេចនោះ លេចមុខជនសង្ស័យឈ្មោះយៀក វី ហៅ ចយ បានយារដាវកាប់ពីក្រោយ ហើយជនរងគ្រោះងាកឃើញ គេច ត្រូវចុងដាវចំចិញ្ចើមខាងឆ្វេង បណ្តាលឱ្យ ដាច់របួស ដេរចំនួន៥ថ្នេរ។ បន្ទាប់ពីកើតហេតុរួច ជនសង្ស័យឈ្មោះវី ហៅ ចយ បានគេចខ្លួនបាត់។

លុះព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះឈ្មោះចក់ អូន បានមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍រដ្ឋបាល កំពង់ភ្នំ ក្រោយពីទទួលបណ្តឹងភ្លាម ប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានរាយការណ៍ទៅផ្នែកជំនាញ នគរបាលយុត្តិធម៌ ស្រុកលើកដែក និងបានសហការចុះទៅដល់ផ្ទះជនសង្ស័យឈ្មោះ យៀក វី ហៅចយ នាំខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកលើកដែក។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនខឹងស្ត្រីរងគ្រោះឈ្មោះចក់ អូន ដែល បានរអ៊ូច្រើន ថែមទាំងមិនឱ្យខ្លួនស៊ីបាយ ដោយពេលនោះខ្លួនមកពីធ្វើការលីជីហត់ផង ក៏ខឹង រួចបានយក ដាវទៅកាប់ជនរងគ្រោះតែម្តង។

តាមការបញ្ជាក់ពីសមត្ថកិច្ច កន្លងមក (កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣) ជនសង្ស័យឈ្មោះវី ហៅចយ ធ្លាប់បានលួចទូកស្មាច់ ចំនួន១គ្រឿង និងម៉ាស៊ីន ចំនួន១គ្រឿង តែត្រូវម្ចាស់ទូក រកឃើញវិញ។ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES