Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមើលមុខឌឺគ្នា វ៉ៃប្រាវ ទាញដុំថ្មគប់ ជាប់ខ្នោះ៤

មើលមុខឌឺគ្នា វ៉ៃប្រាវ ទាញដុំថ្មគប់ ជាប់ខ្នោះ៤

ខេត្តប៉ៃលិន ៖ យុវជន ១ក្រុម មានគ្នា ៣នាក់ បានអង្គុយជុំគ្នាផឹកស៊ីសុខៗ មានយុវជន ៣នាក់ទៀត ជិះម៉ូតូដឹកគ្នា សម្លឹងមុខ ឌឺដងដាក់ រហូតកើតជាជម្លោះ ឈានដល់អំពើហិង្សា ដេញវាយកាប់ចាក់គ្នា ព្រមទាំងទាញដុំថ្មគប់ គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសម្នាក់ រួចនាំគ្នារត់គេចបាត់អស់។ លុះសមត្ថកិច្ចចុះស្រាវជ្រាវ ក៏ឈានដល់ ការឃាត់ខ្លួនក្មេងទំនើង ចំនួន៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សារវាងក្មេងទំនើង ២ក្រុមនេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ រហូតដល់វេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនគូជម្លោះ ទាំងសងខាង បានចំនួន៤នាក់។

ក្រុមទី១- មានគ្នាចំនួន៣នាក់ រួមមាន ទី១-ឈ្មោះខ្នា ប្រុស ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅ ភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) ជាមុខសញ្ញាចាស់មិនរាងចាល (ឃាត់ខ្លួន)។ ចំណែកបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់។

ក្រុមទី២- មានគ្នាចំនួន៣នាក់ដូចគ្នា រួមមាន ទី១-ឈ្មោះអាន ធនិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិកំពង់ចម្លង ក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ (របួសកូនដៃស្រាល) បើកបរម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ បាត់ដំបង 1AT-5813 (ម៉ូតូខូចខាតមធ្យម)។ ទី២-ឈ្មោះហេង សុជាតិ ហៅកច់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (គ្មានរបួស) ជាមុខសញ្ញាចាស់មិនរាងចាល អ្នកជិះពីខាងក្រោយ និងទី៣-មានឈ្មោះរិទ្ធិ តារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន (គ្មានរបួស) អ្នកជិះពីក្រោយ។ ក្រុមទី៣ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានទាំង៣នាក់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ យុវជនក្រុមទី១ ដែលមានគ្នាចំនួន៣នាក់ បាននាំគ្នាជិះម៉ូតូ ទៅឈប់អង្គុយលេង និង ផឹកស្រាបៀរ នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតនៅចំណុច កើតហេតុខាងលើ។ លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានយុវជនក្រុមទី២ ជិះម៉ូតូចំនួន១គ្រឿង មានគ្នា៣នាក់ បានជិះម៉ូតូទៅមកៗ របៀបឌឺដង ដាក់យុវជន ក្រុមទី១ ។ បន្ទាប់មកយុវជនទាំង២ក្រុម ក៏វាយគ្នា និងរើសដុំថ្មគប់គ្នាទៅវិញទៅមក បណ្តាលឱ្យរបួសកូនដៃ ស្រាលម្នាក់ និងខូចខាតអាវម៉ូតូទាំងសងខាង ព្រមទាំងភ្លើងមុខក្រោយ រងការខូចខាតមធ្យម។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ យុវជនទាំង២ក្រុមខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានយកដុំថ្ម គប់គ្នាទៅវិញទៅមក ប្រាកដមែន។

ចំណែកវត្ថុតាងដែលដកហូតបាន សរុបរួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AT-5813 ចំនួន១គ្រឿង និង២-ដុំថ្ម ចំនួន៣ដុំ។

យុវជនទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES