ភ្នំពេញ ៖ សម្តេចម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលគាល់ក្រាបថ្វាយបង្គំ សួរសុខទុក្ខព្រះរាជសុខភាពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជា ណាចក្រកម្ពុជា ដែលកំពុងសម្រាកព្យាបាលព្រះរោគ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ការអញ្ជើញចូលគាល់ ក្រាបថ្វាយបង្គំសួរសុខទុក្ខព្រះរាជសុខភាពសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នេះ បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សម្តេចសង្ឃ ទេព វង្ស ធ្លាប់ត្រូវបានបញ្ជូនទៅព្យាបាលព្រះរោគ នៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិ បាវិត បន្ទាប់ពីសុខភាពរបស់ព្រះអង្គ បានចុះខ្សោយ។បច្ចុប្បន្ន សម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស មាសម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះជន្មា យុ ៩២ព្រះវស្សា កំពុងសម្រាកព្យាបាលព្រះរោគ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕

