Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូ លក់ស៊ីចាយអស់ ជាប់ខ្នោះ

លួចម៉ូតូ លក់ស៊ីចាយអស់ ជាប់ខ្នោះ

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានសម្រេច  រួចជិះគេចយកទៅលក់នៅភ្នំពេញ បានលុយដើរស៊ីចាយអស់  ស្រាប់តែរយៈពេលជាង ១០ថ្ងៃ ក្រោយមក ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួន នាំយក មកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡេងិ កាលពីវេលាម៉ោង ៩និង៥៣នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣  នៅចំណុច ភូមិប្រមាយ ឃុំប្រមោយ ស្រុកវាលវែង។ លុះមកដល់វេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិឈើទាលជ្រំ ឃុំប្រមោយ ស្រុកវាលវែង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយូ សា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឈើទាលជ្រំ ឃុំប្រមោយ ស្រុកវាលវែង។ ចំណែកជនរងគ្រោះ មានឈ្មោះឌៀប សុហេង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរអាជីវករ មានលំនៅ ភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានបញ្ជាក់ប្រាប់ថា នៅវេលាម៉ោង ៣និង៥០ នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិដ្ឋាននគរបាលស្រុកវាលវែង បានទទួល ពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះឌៀប សុហេង អំពីករណីចោរកម្ម លួចម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវអាល់ហ្វា ពណ៌ខ្មៅ ឆ្នាំផលិត២០២១ ពាក់ស្លាកលេខ ពោធិ៍សាត់ 1L-6759 ដោយជនសង្ស័យបាន ធ្វើសកម្មភាពលួចម៉ូតូ ខាងលើ ដែលចតទុកនៅនឹងមុខតូបលក់ដូរមួយកន្លែង ស្ថិតក្នុងភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង កាល ពីវេលា ម៉ោង ៩និង៥៣នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកអធិការ បន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម សមត្ថកិច្ចបានចុះស្រាវជ្រាវតាមវិធានការជំនាញ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះយូ សា បាននៅវេលាម៉ោង ៥និង៣០នាទី ថ្ងៃដដែល។ក្រោយសមត្ថកិច្ចឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុញៀន មានលទ្ធផលវិជ្ជមាន (មានសារធាតុក្នុងទឹកនោម)។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូដែលខ្លួនបានលួច គឺបានយក ទៅលក់នៅរាជ ធានីភ្នំពេញ ៕

RELATED ARTICLES