Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្នេហ៍ជួបឧបសគ្គ បាញ់សម្លាប់ខ្លួនទាំងពីរនាក់

 ស្នេហ៍ជួបឧបសគ្គ បាញ់សម្លាប់ខ្លួនទាំងពីរនាក់

ខេត្តកណ្តាល ៖ បុរសជាមន្ត្រីនគរបាលម្នាក់ បានទាក់ទងស្នេហាជាមួយនឹងនារីជាអ្នកលក់ដូរតាមអនឡាញម្នាក់ អស់ជាច្រើនឆ្នាំមកហើយ លុះក្រោយមក ស្នេហាមានឧបសគ្គ ក៏សម្រេចចិត្តធ្វើអត្តឃាតរួមគ្នា ដោយដឹកដៃគ្នាចូលព្រៃ រួចបាញ់សម្លាប់ខ្លួនទាំង២នាក់តែម្តង រហូតដល់សាកសពស្អុយរលួយ សល់តែគ្រោងឆ្អឹង ទើបមានអ្នកប្រទះឃើញ កើតមានការភ្ញាក់ផ្អើល។

ករណីប្រទះឃើញសព (គ្រោងឆ្អឹង) របស់គូស្នេហ៍មន្ត្រីប៉ូលិស និងនារីលក់អនឡាញនេះ មានការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្នុងចម្ការដូងរបស់ឈ្មោះយ៉ុង ឈិន ស្ថិតក្នុងភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា គូស្នេហ៍ដែលធ្វើអត្តឃាតរួមគ្នានេះ ខាងប្រុស មានឈ្មោះឆើត ឆវិន អាយុ៣០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានលំនៅ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកនារីជាសង្សារ មានឈ្មោះឈឿង មួយឡេង អាយុ៣២ឆ្នាំ មុខរបរលក់ដូរអនឡាញ មានលំនៅ ភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញមានកាំភ្លើងខ្លី ១ដើម គ្រាប់ក្នុងបង់ ៤គ្រាប់ គ្រាប់ក្នុងកាណុង ១គ្រាប់ គ្រាប់កាំភ្លើងក្នុងប្រអប់ មាន៣៣គ្រាប់ បង់ចំនួន១ មាន៧គ្រាប់។

តាមប្រភពពីស្ត្រីឈ្មោះឈឿង ធាវី ត្រូវជាបងស្រីបង្កើតរបស់ស្ត្រីឈ្មោះឈឿង មួយឡេង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្អូនស្រីរបស់គាត់ មានមុខរបរលក់ខោអាវ តាមអនឡាញ និងមានទំនាក់ទំនងស្នេហាជាមួយឈ្មោះឆើត ឆវិន ជាមន្ត្រីនគរបាល ជាយូរឆ្នាំមកហើយ។ លុះកាលពីវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ប្អូនស្រីរបស់គាត់ (ជនរងគ្រោះ) បានឆាតតាម Messenger ប្រាប់គាត់ជាបងស្រីថា “ជួយមើលម៉ែ ខ្ញុំទៅស្លាប់ក្នុងព្រៃហើយ”។ ពេលនោះ គាត់បានសួរប្អូនស្រីដែរថា “មានរឿងអ្វី?” តែនាងមិនបានឆ្លើយតបសោះ រួចក៏បិទទូរស័ព្ទតែម្តង។

បងស្រីរបស់ស្ត្រីរងគ្រោះ បានបន្តថា បន្ទាប់មក នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ គាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន២ និងព្យាយាមតាមស្វែងរកប្អូនស្រីគ្រប់កន្លែងដែរ តែគ្មានតម្រុយអ្វីបន្តិចទាល់តែសោះ។ រហូតមកដល់វេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ មានប្អូនស្រីម្នាក់ដែលរាប់អានគ្នា មានគណនីហ្វេសប៊ុក ឈ្មោះ pich pich បានឆាតមកប្រាប់គាត់ថា មានគេប្រទះឃើញសាកសពមនុស្ស២នាក់ នៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម។ ឮដូច្នេះ គាត់មានការសង្ស័យ ក៏បានបបួលបងប្អូនមកមើល ពេលមកដល់ បានពិនិត្យតាមភិនភាគ ទើបស្គាល់ថា ពិតជាប្អូនស្រីរបស់ខ្លួនប្រាកដមែន។

ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES