Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរកាលីប ជិះឡានដើរលួចម៉ូតូ ជាប់ខ្នោះ៣

ចោរកាលីប ជិះឡានដើរលួចម៉ូតូ ជាប់ខ្នោះ៣

ខេត្តកំពង់ធំ ៖ ជនសង្ស័យ ១ក្រុម ជិះរថយន្ត ១គ្រឿង ចូលទៅជួលបន្ទប់ផ្ទះសំណាក់ដេក រួចធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច លុះជនរងគ្រោះ ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់ ហេង ហេង ១៦៨ ស្ថិតក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តកំពង់ធំ បង្ហាញជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លុះមកដល់វេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់បាន នៅចំណុចមុខមន្ទីរពេទ្យ ស្រេង សេងហៀង ស្ថិតក្នុងភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។

លោកវរសេនីយ៍ឯក ឃួន ងួន ស្នងការរង ជំនួយការផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា  កាលពីវេលាម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់ ហេង ហេង ១៦៨ ស្ថិតក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន មានករណីលួចម៉ូតូ ១គ្រឿង។បន្ទាប់ពីទទួលបានពត៌មានខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោកស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងក្រោមការដឹក នាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តម សេនីយ៍ត្រី ញ៉ែម ឈុនលី ស្នងការរង ជំនួយផែនបានដឹកនាំកងកម្លាំង សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងសហការជាមួយ កម្លាំង អធិការដ្ឋាននគរបាល ទាំង៩ក្រុង-ស្រុក បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃដដែល នៅចំណុចមុខមន្ទីរពេទ្យ ស្រេង សេងហៀង ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះយ៉ា គីនី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ទី២-ឈ្មោះងួន តុលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិគោរដ្ឋាន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងទី៣-ឈ្មោះញឹប តុលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទំពរ ឃុំត្រពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

រីឯវត្ថុតាងដកហូត រួមមាន ១-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួ ND125M6190341 ពាក់ស្លាកលេខ ភ្នំពេញ 1JE-8774 របស់ ជនរងគ្រោះឈ្មោះឡាំង យ៉ាំងណេ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម មានលំនៅ ភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ប្រគល់ជូនម្ចាស់វិញ)។ ២-រថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-5668 ជារបស់ជនសង្ស័យ ដែល ជិះធ្វើសកម្មភាព និងឧបករណ៍សម្ភារៈសម្រាប់លួចមួយចំនួនទៀត។

ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញ បានបញ្ជូនជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES