Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានដឹកម៉ែឈឺទៅពេទ្យ បុកតាម៉ូតូឌុបស្លាប់

បើកឡានដឹកម៉ែឈឺទៅពេទ្យ បុកតាម៉ូតូឌុបស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បើករថយន្ត ១គ្រឿង ជូនម្តាយឈឺធ្ងន់ ទៅមន្ទីរពេទ្យ ស្រាប់តែជាន់ហ្គែរច្រឡំថាហ្វ្រាំង បណ្តាលឱ្យបុករះម៉ូតូ ១គ្រឿង រួចជ្រុលបុកចូលហាងលក់គ្រឿងសំណង់ មួយកន្លែង ធ្វើឱ្យបុរសចំណាស់ជាអ្នកជិះម៉ូតូ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់បុករះនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះខុង សុវ៉ាន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គេឃើញមានរថយន្ត ១គ្រឿង ម៉ាក TOYOTA REVO ពាក់ស្លាកលេខ បាត់ដំបង 2C-9055 បានបើកបរក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន រួចក៏បានបើកឡើងផ្លូវជាតិលេខ៥ ដល់ចំណុចកើតហេតុ ជាន់ហ្គែរ ស្មានថាហ្វ្រាំង ធ្វើឱ្យជ្រុលទៅបុកអ្នកជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-4518 ដែលកំពុងបើកបរក្នុងទិសដៅពីកើត ទៅលិច បណ្តាល ឱ្យស្លាប់នៅកន្លែងកើតហេតុ ដោយម៉ូតូជាប់ក្រោមរថយន្ត រួចជ្រុលទៅបុកហាងលក់គ្រឿងសំណង់ បណ្តាលឱ្យរងការខូចខាតថែមទៀត។

ក្រោយកើតហេតុភ្លាមៗ មានរថយន្តកាមរីបាឡែន ១គ្រឿង បានមកដឹកយកស្ត្រីចំណាស់ម្នាក់ ដែលជិះក្នុងរថយន្ត រួមទាំងអ្នកបើកបររថយន្តបង្កហេតុ ចេញទៅបាត់។

បន្ទាប់មក មានកម្លាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានចុះមកពិនិត្យវាស់វែង ហើយបានប្រាប់ថា មូលហេតុដែល បង្កឱ្យមានគ្រោះថ្នាក់ ចរាចរណ៍នេះ គឺដោយសារអ្នកបើកបររថយន្តបានដឹកម្តាយមានជំងឺទៅពេទ្យ លុះពេលជំងឺម្តាយធ្វើទុក្ខក្នុងរថយន្ត ទើបធ្វើឱ្យអ្នកបើកបរភ័យស្លន់ ច្រឡំជាន់ហ្គែរ ថាជាន់ហ្វ្រាំង ទើបបុករះ បណ្តាលស្លាប់អ្នកបើកបរម៉ូតូម្នាក់ ហើយបុកហាងលក់គ្រឿងសំណង់ បណ្តាលខូចខាតបែបនេះតែម្តង។

ក្រោយធ្វើការវាស់វែងរួច សមត្ថកិច្ចបានអូសយករថយន្តបង្កហេតុ និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមច្បាប់នៅពេលក្រោយ។

ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES