Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម  លួចឡានគេ ដូរស្លាកលេខក្លែងក្លាយ ជិះបាន៥ថ្ងៃ ជាប់ខ្នោះ២នាក់

  លួចឡានគេ ដូរស្លាកលេខក្លែងក្លាយ ជិះបាន៥ថ្ងៃ ជាប់ខ្នោះ២នាក់

ខេត្តព្រះសីហនុ ៖ ជនសង្ស័យ ២នាក់ ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចរថយន្តទំនើបមួយគ្រឿង បានសម្រេច រួចយកទៅដោះស្លាកលេខចេញ ដាក់ស្លាកលេខក្លែងក្លាយ ដើម្បីបន្លំភ្នែកសមត្ថកិច្ច និងជិះបាន៥ថ្ងៃ។

តាមប្រភពសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ នៅចំណុចបុរី HILL PARK VILLA ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចរថយន្ត មួយគ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-7889 ដែលជនរងគ្រោះចតទុកនៅក្បែរផ្ទះ រួចជិះគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរ បាលព្រហ្ម ទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់និរោធ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ ជនជាតិចិន ភេទប្រុស និងដកហូតបានវត្ថុតាង រថយន្តដែលបាត់ខាងលើ ដោយជសង្ស័យ បានផ្លាស់ប្តូរផ្លាកលេខរថយន្ត ទៅជាលេខ (ភ្នំពេញ 2AI-5090) ដើម្បីបន្លំភ្នែកសមត្ថកិច្ច។

ជនរងគ្រោះជាម្ចាស់រថយន្ត ឈ្មោះ ចាង ចិនតុង (ZHANG CHENDONG) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្ត មានលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារបាត់បង់ រថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 2BG-7889 ។ជនសង្ស័យទាំង០២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ លីវ ហៃហ័រ (LIU HAI HUA) ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានលំនៅមិនពិតប្រាកដ និងទី២-ឈ្មោះ លី ស៊ាវជុន (LI XIAOJUN) ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានលំនៅមិនពិតប្រាកដ ។

សម្ភារវត្ថុតាងចាប់យកបាន រួមមាន ៖ រថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-7889 (ជាផលនៃអំពើចោរកម្ម) រថយន្ត ០១គ្រឿង ម៉ាក PRUIS ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-2574 (មធ្យោបាយជិះប្រព្រឹត្តបទល្មើស) ផ្លាកលេខរថយន្ត ០២គូ (ជាផលនៃ អំពើចោរកម្ម) ១-មានលេខ ៖ ភ្នំពេញ 2AB-7893 ២-មានលេខ ៖ ភ្នំពេញ 2AI-5090 ឧបករណ៍ផ្តាច់ប្រព័ន្ធ GPS រថយន្ត ០១គ្រឿង ឧបករណ៍ថតចម្លង ទិន្នន័យសោរថយន្ត ០២គ្រឿង ឧបករណ៍ GPS ០១គ្រឿង ឧបករណ៍សប់ខ្យប់ សម្រាប់បើកទ្វាររថយន្ត ចំនួន ០៥ ឧបករណ៍ចុចបំបែកកញ្ចក់រថយន្ត ០១គ្រឿង ដែកសម្រាប់ទាក់បើកដៃទ្វាររថយន្ត ចំនួន ០១ ដង្កាប់ ០៣ដើម ម៉ាស៊ីនស្វាន ០១គ្រឿង ទួរណឺវីស ០៣ដើម ពិលតូច ០២គ្រឿង សោរថយន្ត ចំនួន ០២ ស្រោមដៃ និងម៉ាសមួយចំនួន ។

ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងចាត់ ការតាមនីតិវិធី៕

RELATED ARTICLES