ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើកម្មភាពលួចកាច់សោម៉ូតូបានសម្រេចទៅ ហើយ តែចំថ្ងៃស៊យ ពេលបើកគេចខ្លួនត្រូវបាន ម្ចាស់ម៉ូតូប្រទះឃើញទាន់ពេលក៏ស្រែកផ្អើលដល់ ប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាដេញចាប់បាន និងបញ្ចោញកំហឹងម្នាក់១ដៃម្នាក់១ជើង ធ្វើឱ្យ ជនសង្ស័យរបួសទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់។ ហេតុការណ៍នេះ បង្ក ឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង ៣០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ក្នុងភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល។
ជនសង្ស័យជាចោរកាច់សោម៉ូតូ ដែល ត្រូវអ្នកស្រុកចាប់វាយឡើងទ្រមខ្លួនហើមមុខនេះ មានឈ្មោះពៅ ធី ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានលំនៅ ភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ចំណែកម្ចាស់ម៉ូតូឈ្មោះចន រស្មី ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ នំប៉័ង មានលំនៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីបុរសជាម្ចាស់ម៉ូតូបានឱ្យដឹងថា មុនពេលកើតហេតុ ក្រោយទំនេរពីការដើរ លក់នំប៉័ង គាត់និងមិត្តភក្តិបាននាំគ្នាដើរទាក់ សត្វលលកនៅចំណុចកើតហេតុ ដោយបើកម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DO- 2393 ហើយបានទុកម៉ូតូនៅកណ្តាលវាលស្រែ ចម្ងាយពីផ្លូវ១០០ម៉ែត្រ ពីកន្លែងដែលខ្លួនទាក់ សត្វលលក ដោយចាក់សោត្រឹមត្រូវ។
ប្រភពដដែលបន្តថា ពេលរូបគាត់កំពុង តែទាក់សត្វលលកភ្លេចខ្លួន ស្រាប់តែឮសំឡេង ម៉ូតូបញ្ឆោះ លុះក្រឡេកមើលទៅក៏ឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់គាត់គេចខ្លួន ទៅ ទិសខាងជើង ដោយជនសង្ស័យបានទុកម៉ូតូ របស់គេសេ១០០កូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 1X-3641 នៅនឹងកន្លែងកើតហេតុ។ ភ្លាមៗ នោះ រូបគាត់ក៏បានស្រែកចោរៗ ផ្អើលដល់អ្នក ភូមិជិតខាង និងដឹងដល់សមត្ថកិច្ចសហការដេញ តាមដល់ចំណុចភូមិអង្គតាសិត ឃុំទួលព្រេជ ទើបឃាត់ខ្លួនបាន និងដកហូត ត្រឡប់មកវិញ ហើយប្រជាពលរដ្ឋនាំគ្នាជួយ បញ្ចោញកំហឹង ម្នាក់១ដៃម្នាក់១ជើង ធ្វើឱ្យជនសង្ស័យរងរបួស ទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាម ផ្លូវច្បាប់ជាក្រោយ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅឃុំ ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធី៕