ភ្នំពេញ ៖ ឥទ្ធិពលនៃគ្រឿងញៀនធ្វើអោយបុរសម្នាក់គំរាមអាករសម្លាប់ជីដូនជាដូនជីនៅក្នុងវត្តសំបូរមាសដើម្បីយកលុយទៅទិញថ្នាំញៀនជក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនញៀនថ្នាំគំរាមសម្លាប់យាយជីមានឈ្មោះ សរ ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅវត្តសំបួរមាសភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត ភូមិកណ្ដាល ស្រុកបាទី ខេត្តតាកែវ ។ ចំណែកលោកយាយរងគ្រោះមានឈ្មោះ សំ លោក អាយុ៨៣ឆ្នាំ ជាដូនជីស្នាក់នៅក្នុងវត្តសំបូរមាស ត្រូវជាជីដូនជនញៀនថ្នាំ ។
បើតាមប្រភពព័ត៌មានពីតាជីយាយជីស្នាក់នៅវត្តសំបួរមាសបានអោយដឹងថា មុនពេលកើតហេតុគាត់បានឃើញលោកយាយសំលោកមកអង្គុយញ័រញាក់តែម្នាក់ឯងនៅក្រោមដើមស្វាយ ពេលពួកគាត់បានសួរនាំទៅទើបដឹងថាចៅប្រុសរបស់លោកយាយគំរាមអាកសម្លាប់យកលុយទៅទិញថ្នាំញៀនជក់ ។
លោកតាជីយាយជីបានបន្តទៀតថា បុរសញៀនថ្នាំតែងតែអុកឡុកនៅក្នុងវត្តជារៀងរាល់លើកពេលដែលគេជក់ថ្នាំរួច ។ មិនតែប៉ុណ្ណោះកន្លងមកបុរសញៀនថ្នាំបានវាយធ្វើបានយាយបង្កើតដែលមានឈ្មោះ សំ ឡាំ ត្រូវជាបងរបស់លោកយាយសំ លោកធ្វើឲ្យលោក យាយ សំ ឡំា លែងហ៊ានរស់នៅក្នុងវត្តរហូតដល់សព្វថ្ងៃ មិនដឹងថាទៅរស់នៅទីណានោះទេ ដោយទ្រាំនៅទង្វើរបស់ចៅលែងបាន ។ ដោយសារតែទង្វើរបស់បុរសញៀនថ្នាំតែង តែអុកឡុកនៅក្នុងវត្តហើយថែមទាំងគំរាមអាកលោកយាយដើម្បីយកលុយទៅទិញថ្នាំ
ញៀនជក់ ទើបក្រុមតាជីយាយជីក៏បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចអោយមកចាប់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោយកទៅសួរនាំនិងកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការទៅតាមច្បាប់ ៕
ណន អ៊ាត