Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឡានដឹកខ្យងបុកម៉ូតូ ស្លាប់ស្ត្រីម្នាក់

 ឡានដឹកខ្យងបុកម៉ូតូ ស្លាប់ស្ត្រីម្នាក់

ភ្នំពេញ ៖ រថយន្តកូរ៉េ ដឹកខ្យង ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន និងថែមទំងបំពានភ្លើងស្តុបពណ៌ក្រហម រួចជ្រុលទៅបុកម៉ូតូ ១គ្រឿង បណ្តាលឱ្យស្ត្រីជាអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ចំណែក អ្នកបើកបររថយន្តបង្កហេតុ ត្រូវសមត្ថកិច្ចក្របួចជាប់ ភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុប តាមផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុង៤២ ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល។

ស្ត្រីរងគ្រាះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះសឿ ថាវី អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅ ផ្ទះជួល ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ ដែលត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួន មានឈ្មោះជួង វិន ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅ ភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំ ពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3D-1305 ជារថយន្តដឹកខ្យង បើកបរតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងទិស ដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្តុបលោតភ្លើងក្រហម តែអ្នកបើកបរមិនព្រមឈប់ បែរជាបន្ថែមល្បឿនទៅមុខ ធ្វើឱ្យជ្រុលទៅបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1U-6038 បើកបរដោយស្ត្រីរងគ្រោះរងគ្រោះខាងលើ កំពុងជិះ តាមផ្លូវ លេខ៤២ ទិសដៅពីកើត ទៅលិច រួចកិនអូសម៉ូតូប្រមាណជាង៣០ម៉ែត្រ ទើបរថយន្តឈប់ បណ្តាល ឱ្យស្ត្រីរងគ្រោះជាអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម រីឯម៉ូតូ ខូចខាតស្ទើរទាំងស្រុង ហើយ ភ្លាមនោះ សមត្ថកិច្ចប្រចាំគោលដៅ បានជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុបានភ្លាមៗ។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូ និងរថយន្តបង្កហេតុ ព្រមទាំង នាំខ្លួនអ្នកបើកបរ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ដោយឡែក សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES