Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្អូនលង់ទឹក បងជួយ ស្លាប់ទាំង២

 ប្អូនលង់ទឹក បងជួយ ស្លាប់ទាំង២

ខេត្តបាត់ដំបង ៖ ក្មេងស្រី ២នាក់ ជាបងប្អូនបង្កើត ឆ្លៀតពេលឪពុកម្តាយភ្លេចខ្លួន នាំគ្នាចុះទៅលេង ទឹកប្រឡាយ ស្រាប់តែក្រោយមក ប្អូនស្រីតូច ទើបនឹងមានអាយុ៣ឆ្នាំ បានលង់ទឹក ទើបបងស្រីវ័យ១២ឆ្នាំ បានស្ទុះចុះទៅជួយ តែអកុសល បែរជាលង់ទឹកស្លាប់ទាំង២នាក់បងប្អូន យ៉ាងអាណោចអាធ័ម។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ចប្រទ្បាយតាសេក ស្ថិតនៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី។

ក្មេងស្រីរងគ្រោះ ទាំង២នាក់បងប្អូន ដែលលង់ទឹកស្លាប់ រួមមាន បងស្រី មានឈ្មោះសាម៉េត រក្សា អាយុ១២ឆ្នាំ។ ចំណែកប្អូនស្រី មានឈ្មោះសាម៉េត ចាន់ណា អាយុ៣ឆ្នាំ។ ក្មេងស្រីទាំង២នាក់បងប្អូន មានលំនៅ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីទាំង២នាក់បងប្អូនខាងលើ បាននាំគ្នា ទៅលេងទឹកប្រឡាយ ត្រង់ចំណុចកើតហេតុខាងលើ ដោយមិនបានប្រាប់ឪពុកម្តាយឱ្យបានដឹងនោះទេ ហើយ ស្របពេលដែលឪពុកម្តាយរវល់ភ្លេចខ្លួនផង ទើបមិនបាន តាមទៅមើលកូនស្រីនោះឡើយ។ ស្រាប់តែក្រោយមក ក្មេងស្រីតូចជាប្អូន បានលង់ទឹក ទើបបងស្រីស្ទុះមកជួយ តែអកុសលមិនត្រឹម តែជួយប្អូន ស្រីមិនបាន បែរជាបាត់បង់ជីវិតទាំង២នាក់បងប្អូនទៅវិញ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលផ្នែកជំនាញស្រុក សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ និងសពក្មេងស្រីទាំង២នាក់ រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង ពីរ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងស្រីទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាម ប្រពៃណី៕

RELATED ARTICLES