ខេត្តសៀមរាប ៖ ម៉ូតូ ចំនួន២គ្រឿង បើកបរក្នុងល្បឿនលឿនដូចគ្នា រួចជ្រុលបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យយុវតីម្នាក់ ស្លាប់នៅនឹងកន្លែង ចំណែកក្មេងចាស់ប្រុសស្រី ៥នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ (២០២) ស្ថិតក្នុងភូមិព្រលឹត ឃុំល្វា ស្រុកពួក។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1T-5796 បុកជាមួយនឹងម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ (គ្មានស្លាកលេខ) បណ្តាលឱ្យស្លាប់មនុស្ស ១នាក់ (ស្រី) និងរបួសមនុស្ស ៥នាក់ (ស្រី២នាក់) របួសធ្ងន់ ២នាក់ (ស្រី) និងរបួសមធ្យម ២នាក់។
យុវតីរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះ ធា ធាក់ ភេទស្រី អាយុ១៨ឆ្នាំ មានលំនៅ ភូមិរើល ឃុំរើល ស្រុពួក។
ចំណែកជនរងគ្រោះ ៥នាក់ទៀត ដែលរងរបួសធ្ងន់-ស្រាល រួមមាន ទី១-ឈ្មោះឡាត ហេង ភេទប្រុស អាយុ៨ឆ្នាំ (របួសស្រាល)។ ទី២-ឈ្មោះឡាត សំណាង ភេទប្រុស អាយុ៣ឆ្នាំ (របួសស្រាល)។ ទី៣-ឈ្មោះយាង មិត្ត (របួសធ្ងន់)។ ទី៤-ឈ្មោះធី នី ភេទប្រុស អាយុ១៨ឆ្នាំ (របួសស្រាល) និងទី៥-ឈ្មោះហម ជឿង ភេទស្រី អាយុ៤៣ឆ្នាំ មានលំនៅ ភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ (របួសធ្ងន់)។
តាមការឱ្យដឹងពីសមត្ថកិច្ច ករណីនេះ បានបង្កឱ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់ស្រាល ៥នាក់ ខូចខាតម៉ូតូ ២គ្រឿង។ រីឯមូលហេតុ កើតឡើងដោយសារម៉ូតូពាក់ផ្លាកលេខ សៀមរាប 1T-5796 បើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូទាំង២គ្រឿង បន្ទាប់ពីវាស់វែងតាមជំនាញរួច សមត្ថកិច្ចបានអូសយកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី នៅពេលក្រោយ។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕