ភ្នំពេញ៖ កាលពីព្រឹកមិញនេះ បក្សប្រឆាំងបានស្នើសុំជួបបក្សកាន់អំណាចនៅកម្ពុជា ក្នុងបំណងជជែក កុំឲ្យមានការលាបពណ៌ទៅវិញទៅមក ជុំវិញឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយនៅកម្ពុជា តែសំណើរនេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យប្រកាន់អំណាចថា មិនមានភាពចាំបាច់ ។
គួរបញ្ជាក់ផងដែរថា សំណើរខាងលើនេះ ត្រូវបានលោក អេង ឆៃអ៊ាង មន្រ្ដីជាន់ខ្ពស់បក្សប្រឆាំង ថ្លែងប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួន នៅទីស្នាក់ការបក្ស នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ ។ លោកបានចាត់ទុកការធ្វើឃាតកម្មលើលោក កែម ឡី គឺជាស្ថានការណ៍មួយដ៏ធ្ងន់ធ្ងរ ដែលតម្រូវឲ្យគណបក្សនយោបាយទាំងពីរ ជួបជជែកគ្នា ដើម្បីបញ្ឈប់ការលាបពណ៌ដាក់គ្នា ។
ឆ្លើយតបនឹងការលើឡើងខាងលើនេះ លោក សុខ ឥសាន មន្រ្ដីអ្នកនាំពាក្យបក្សកាន់អំណាច ថាប្រាប់ឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ថា គ្មានជំនួបចរចារវាងគណបក្សកាន់អំណាច និងបក្សប្រឆំាងនោះទេ បើទោះបីជាគណបក្សប្រឆំាង តែងតែលើកឡើងថា នឹងមានជំនួបនៅពេលខាងមុខ ក៏ដោយ ។
អ្នកនាំពាក្យរូបនេះ បានបន្ដថា ការដែលបក្សប្រឆំាងចេះតែថា មានជំនួបនោះ មកពីគណបក្សនេះ ចង់បានប្រជាប្រិយភាពពីប្រជាជន ថាខ្លួនមានបំណងដោះស្រាយបញ្ហា ផ្ទុយទៅវិញគណបក្សប្រឆំាងទេ ដែលកំពុងប្រើឧបាយកលនយោបាយខ្លួនចង់បានសន្តិភាព និងស្ថេរភាព ។
លោកបញ្ជាក់ថា “បើតាមខ្ញុំយល់ គ្មានគណបក្សណាចង់បានសន្តិភាព ស្ថេរភាពសង្គម ជាជាងគណបក្សប្រជាជនកម្ពុជានោះទេ ព្រោះថាគណបក្សកាន់អំណាចមិនចង់ឲ្យមានកើតឃាតកម្ម អស្ថេរភាពក្នុង សង្គមនោះទេ” ៕