ភ្នំពេញ ៖ យុវតីម្នាក់ ទើបនឹងចេញពីធ្វើការ ជិះម៉ូតូសំដៅមកផ្ទះជួលវិញ លុះមកដល់ ក៏ចាក់សោចូលទៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យម្នាក់ ដើរតាមពីក្រោយ លុះអ្នកស្នាក់នៅក្នុងនោះសួរនាំថាមករកអី? បែរជាឆ្លើយ យ៉ាងរំភើយថា មកលួចកូនក្រមុំគេ ធ្វើឱ្យយុវតីរូបនោះ ភ័យ ស្រែកឆោឡោផ្អើលអ្នកជិតខាងព័ទ្ធចាប់ក្របួច ជាប់ រួចព្រួតវាយម្នាក់១ដៃ១ជើង រហូតបែកមាត់ ទ្រោមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការបន្ត។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅ តាមបណ្តោយផ្លូវបេតុង ក្នុងប្លុកផ្ទះជួល មួយកន្លែង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
តាមប្រភពបងប្អូនប្រជាពលរដ្ឋ បានដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ បានចេញពីធ្វើការ ជិះ ម៉ូតូសំដៅមកផ្ទះជួល ស្រាប់តែពេលចាក់សោចូលទៅក្នុងផ្ទះ មានជនសង្ស័យម្នាក់ ដើរតាមក្រោយរួចចូលទៅ ក្នុងផ្ទះនោះ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ សួរថា “ចូលមកផ្ទះនេះធ្វើអី?” ភ្លាមនោះជនសង្ស័យឆ្លើយថា “ចូល ទៅលួចកូនស្រីគេនៅក្នុងផ្ទះ” ធ្វើឱ្យនារីរូបនោះភ័យ ក៏ស្រែកឱ្យបងប្អូនប្រជាពលរដ្ឋជួយ និងបាននាំគ្នាព្រួត វាយម្នាក់១ដៃ១ជើង ទើបប្រគល់ឱ្យសមត្ថកិច្ច។
ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋ បានឃាត់ខ្លួនជនសង្ស័យ ប្រគល់ឱ្យទៅសមត្ថកិច្ច ដើម្បីចាត់ការបន្ត តាមនីតិវិធី។ រីឯនារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ ផងដែរ៕