Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែជេរនិងហាមដើរលេងយប់ កូនចងក

ម៉ែជេរនិងហាមដើរលេងយប់ កូនចងក

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ តែងដើរលេងជាមួយបនភឿនដាច់យប់ និងធ្លាប់ត្រូវបានម្តាយលួងលោម អប់រំញឹកញាប់ដែរ តែមិនស្តាប់ រហូតដល់ស្ត្រីជាម្តាយទ្រាំមិនបាន ជេរស្តី ២-៣ម៉ាត់ និងហាមដើរលេងយប់ ស្រាប់តែកូនប្រុសឈឺចិត្តស្អិតទ្រូង រត់ទៅចងកលើដើមស្តៅ ខាងក្រោយផ្ទះ។

ករណីកូនប្រុសខឹងម៉ែជេរ និងហាមដើរលេងយប់ ចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង០៥នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចដើមស្តៅ ខាងក្រោយផ្ទះ ស្ថិតក្នុងភូមិសាមគ្គី ឃុំហប់ ស្រុកគាស់ក្រឡ។

យុវជនដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះយ៉េត កក្កដា អាយុ១៤ឆ្នាំ មានលំនៅ ភូមិសាមគ្គី ឃុំហប់ ស្រុកគាស់ក្រឡ។

តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា កន្លងមក ជនរងគ្រោះតែងចូលចិត្តដើរលេងយប់ ទោះជាម្តាយណែនាំ អប់រំយ៉ាងណាក៏មិនស្តាប់ លុះក្រោយមកដោយសារតែខឹងកូនមិនស្តាប់បង្គាប់ ទើបម្តាយ ទ្រាំមិនបាន ក៏បានជេរស្តីកូនប្រុសនេះ ២-៣ម៉ាត់ទៅ និងបានហាមដើរលេងយប់ទៀត។

ប្រភពដដែល បន្តថា ក្រោយពីត្រូវម្តាយជេរស្តីរួច ជនរងគ្រោះជាកូនប្រុស បានដើរចេញពីផ្ទះ សំដៅទៅខាង ក្រោយផ្ទះបាត់ទៅ ស្រាប់តែមិនបានប៉ុន្មាន មានអ្នកប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ធ្វើឱ្យ កើតមានការផ្អើលឆោឡោពេញភូមិ និងរាយការណ៍ប្រាប់ សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលផ្នែកជំនាញអធិការដ្ឋានស្រុកគាស់ក្រឡ សហការជា មួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះពិតជា ស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ដោយបានយកខ្សែអង្រឹង ចងកជាប់នឹងមែកស្តៅ ខាងក្រោយផ្ទះ បណ្តាលឱ្យស្លាប់។ មូលហេតុដោយសារតែខឹងម្តាយស្តីបន្ទោស មិនឱ្យដើរលេងយប់។

សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES