Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចទូរស័ព្ទ ឱ្យមិត្តភក្តិលក់ ជាប់ខ្នោះទាំង២

លួចទូរស័ព្ទ ឱ្យមិត្តភក្តិលក់ ជាប់ខ្នោះទាំង២

ខេត្តកណ្តាល ៖ ក្រុមគ្រួសារមួយ បានជួបជុំបងប្អូនហូបចុកថ្ងៃបុណ្យភ្ជុំបិណ្ឌ លុះស្រវឹងក៏នាំគ្នាសម្រាក នៅខាងក្រោមផ្ទះជុំគ្នា ស្រាប់តែវេលាទៀបភ្លឺ មានជនសង្ស័យម្នាក់ លបផ្លោះរបងចូលមកលួចយកទូរស័ព្ទ បានចំនួន៤រេគឿង និងនាឡិកាដៃ ព្រមទាំងខ្សែជើង រួចរត់គេចខ្លួន យករបស់ទាំងនោះទៅឱ្យមិត្តភក្តិនៅ ភ្នំពេញ ជួយលក់ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។ករណីលួចខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

ជនរងគ្រោះមានឈ្មោះខុង ឆាំរ៉េន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមន្ត្រីរាជការ មានលំនៅ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចច្ចាប់ឃាត់ខ្លួន ទី១-ឈ្មោះគាំ ដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុក កៀនកៀនស្វាយ និងទី២-ឈ្មោះចាន់ តុលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុសទូរស័ព្ទ ស្នាក់នៅ បន្ទប់ជួល ស្ថិតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក រួមមាន ទូរស័ព្ទដៃ ចំនួន៤គ្រឿង (ម៉ាក iPhone 11 ពណ៌ស្វាយ ម៉ាក iPhone7 ពណ៌ខ្មៅ ម៉ាក Oppo S7 ពណ៍ក្រម៉ៅ និងម៉ាក Von plus11 ពណ៌បៃតង) នាឡិកាដៃពណ៌ស ម៉ាក CTzen ១គ្រឿង និងខ្សែជើងលោហធាតុ ចំនួន២ខ្សែ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះ និងបងប្អូនសាច់ញាតិជាច្រើននាក់ផ្សេងទៀត បានមកលេងផ្ទះជីដូន ឈ្មោះជឿន គុន អាយុ៨៤ឆ្នាំ មានលំនៅ ភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ រួចក៏នាំគ្នាផឹកស្រាបៀរ។ លុះដល់វេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ក្រោយពីហូបចុករួច ជនរងគ្រោះ និងបងប្អូនសាច់ញាតិច្រើននាក់ បាននាំគ្នាដេកលក់នៅខាងក្រោមផ្ទះ។ ដល់ម៉ោង ៤ទៀបភ្លឺ ជនរងគ្រោះ បានក្រោកពីដេក ស្រាប់តែឃើញស្រមោលមនុស្សរត់ចេញពីកន្លែងកើតហេតុ (ក្រោមផ្ទះជីដូនជនរងគ្រោះ) បាត់ទៅ។ ពេលនោះ ជនរងគ្រោះមានការសង្ស័យ ពិនិត្យមើល ទើបដឹងថា បានបាត់បង់សម្ភារៈទ្រព្យ សម្បត្តិដូចបានរៀបរាប់ដូចខាងលើ។ លុះព្រឹកឡើង ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល ដីឥដ្ឋ កម្លាំងប៉ុស្តិ៍ក៏បានសហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយ ក្រោយទទូលបានបណ្តឹង កម្លាំងនគរបាលយុត្តិធម៌ស្រុក បានចុះដល់ចំណុចកើតហេតុ  ពិនិត្យប្រមូលព័ត៌មាន និងបើកការស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញា។

លុះដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ កម្លាំងកំណត់មុខសញ្ញាបាន គឺជន សង្ស័យឈ្មោះគាំ ដា រួចក៏បានឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះគាំ ដា បានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពផ្លោះរបងចូលលួចទូរសព្ទ័ដៃ នាឡិកា នឹងខ្សែជើងប្លាទីន របស់ជនរងគ្រោះមែន ហើយពេលធ្វើសកម្មភាពរួច ក៏ផ្លោះរបងចេញមកវិញ ដើរទៅផ្ទះ របស់ខ្លួន។ រហូតដល់វេលាម៉ោង ៦និង១៥នាទីព្រលប់ ថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៣ ខ្លួនបានទុកខ្សែជើងប្លាទីន ២ខ្សែ នៅផ្ទះ រួចបានជិះម៉ូតូយកទូរស័ព្ទ ចំនួន៤គ្រឿង និងនាឡិកា ចំនួន១គ្រឿង ទៅជួបមិត្តភក្តិឈ្មោះចាន់ តុលា ហៅវិន នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានឲ្យទូរស័ព្ទ ១គ្រឿង ឱ្យឈ្មោះចាន់ តុលា យកទៅលក់ បានលុយ ១៣០ដុល្លារ។ រីឯទូរស័ព្ទនៅសល់ ៣គ្រឿង និងនាឡិកាដៃ ១គ្រឿង  ខ្លូនបានទុកនៅឈ្មោះចាន់ តុលា  រក្សាទុកសិន ហើយខ្លួនក៏ត្រឡប់មកផ្ទះនៅស្រុកកៀនស្វាយ វិញ។

ក្រោយពីបានចម្លើយសារភាពរបស់ឈ្មោះគាំ ដា រួច កម្លាំងបានសុំគោលការណ៍ណីលោកអធិការ បន្តនីតិវិធី ទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ តុលា និង វត្ថុតាង មកសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាម នីតិវិធី៕

RELATED ARTICLES