ភ្នំពេញ៖សុខ ស្រីនាង បានបាត់ខ្លួនដល់ទៅជាង៧ខែ ទៅហើយដោយគ្មានសកម្មភាពសិល្បៈអ្វីទាំងអស់ ពោលគឺក្រោយពីនាងវិលមកពីដើរលេងចុងក្រោយនៅប្រទេសជប៉ុនកាលពីដើមខែមេសា ឆ្នាំ២០២៣ ដែលអំឡុងពេលនាងលែងចេញមុខនេះមានព័តមានជាច្រើនបានបោកបក់លើអតីតតារាហង្សមាសរូបនេះដូចជាថានាងបញ្ចប់អាជីពចម្រៀងព្រោះផ្គាប់ចិត្តគូស្នេហ៍ ,នាងធុញទ្រាន់រឿងស្រីតាមស្រលាញ់ច្រើនពេកទើបឈប់ច្រៀង និងខ្លះទៀតសង្ស័យថានាងលាក់មុខព្រោះមានកូនជាដើម។ប៉ុន្ដែទោះជាលេចឭរឿងរ៉ាវយ៉ាងណាបោកបក់លើខ្លួនក៍ស្រីនាង មិនដែលចេញមុខប្រតិកម្មតតប ឬបង្ហោះសារណាមួយដើម្បីបំភ្លឺរឿងផ្ទាល់ខ្លួននោះទេ ស្របពេលដែលផេកហ្វេសបុកនាងដែលមាន1,1M followers នោះបាត់បង់សកម្មភាពទាំងស្រុងតែម្ដងជិត៨ខែ មកនេះ។Fan របស់ស្រីនាង ចង់ឃើញនាងវិលមកវិញ ឬចេញមុខប្រាប់ពីហេតុផលដែលនាងបោះបង់អាជីពចម្រៀងឲ្យបានច្បាស់លាស់ ហើយរឿងដែលគេរឹតតែចង់ដឹងថែមទៀតនោះថាតើបុរសណាទៅដែលហ៊ានដាក់សម្ពាធដល់រូបនាងរហូតមិនអាចបន្ដអាជីពចម្រៀងបានតទៅទៀតបែបនេះ?
យ៉ាងណាចម្ងល់ទាំងនេះនៅតែគ្មានចម្លើយព្រោះសុខ ស្រីនាង នៅតែអត់ហ៊ានចេញមុខបកស្រាយជុំវិញពាក្យចរចាមអារ៉ាមដែលបោកបក់មកលើខ្លួននាងនោះទេ គឺទុកឲ្យឆ្ងល់ ខណៈដែលអ្នកដឹកនាំសម្ដែងភាពយន្ដនិងខារ៉ាអូខេនៅហង្សមាសមួយចំនួនពេលដែលអ្នកយកព័តមានយើងសាកសួរពីស្រីនាង ពួកគេបានឆ្លើយស្រដៀងគ្នាថាមិនដែលបានជួបនាង ជាច្រើនខែមកហើយ និងមិនបានដឹងថាហេតុអីបានជានាងលែង ច្រៀងបែបនេះទេ។ប៉ុន្ដែ កាលពីដើមខែតុលា លោកEco Vak Song ដែលជាអ្នកដឹកនាំសម្ដែងខារ៉ាអូខេនៅហង្សមាសបានចេញមុខនិយាយរឿងស្រីនាង បាត់ខ្លួននេះជំនួសសាម៉ីខ្លួនដោយលោកថែមទាំងការពារស្រីនាង ថាមិនមែនឈប់ពីព្រោះតែនាងមានសំពាធស្នេហានោះទេ ប៉ុន្ដែមកពីនាងជាប់រវល់រកស៊ី។តែអ្នកដឹកនាំរូបនេះមិនបានបញ្ជាក់ថាស្រីនាង សម្រុករកស៊ីលើមុខរបរអ្វីខ្លះរហូតដល់ដកខ្លួនមិនរួចបែបនេះឡើយ ដែលធ្វើឲ្យការបកស្រាយរបស់លោកនៅតែមិនទាន់ធ្វើឲ្យអស់ក្ដីមន្ទិលសង្ស័យនោះទេ ព្រោះលោកមនិយាយមិនអស់សេចក្ដីនិងចំណុចដែលគេសង្ស័យ។
យ៉ាងគេកត់កត់សម្គាល់ថាមុនដកខ្លួនចេញពីសិល្បៈសុខ ស្រីនាង បានចេញទៅលំហែកាយ៉ានៅបរទេសជាបន្ដបន្ទាប់ក្នុងនោះមានទាំងនៅតំបន់អាស៊ី និងប៉ែកអ៊ឺរ៉ុប តែនាងមិនដែលបង្ហាញថាអ្នកណារួមតំណើរជាមួយខ្លួនឡើយ។អតីតតារាK.H និងសាន់ដេ រូបនេះបានបាត់បង់តំណែងជាគណៈកម្មាការ Cambodian Idol Junior រដូវកាលទី២ តែរយៈពេល៥ឆ្នាំ នាងបន្សល់ស្នាដៃធំ២នៅហង្សមាសគឺជាតួឯកគឺទី១៖តួឯកភាពយន្ដ២រឿងផ្សេងគ្នាគឺរឿងភាគ”រាជនីយភូមិគ្រឹះ” និងតួឯកភាពយន្តខ្នាតធំរឿង”ខ្ញុំមានញាណលើស”(មិនទាន់ដាក់បញ្ចាំង) និងទី២៖MV ខ្សែរឿង”ស្នេហាខ្ញុំផ្លូវ២ “ដែលលេងស្រីស្រលាញ់ភេទដូចគ្នាជាមួយឱក សុគន្ធកញ្ញា ។ចំណែកបទចម្រៀងដែលគេស្គាល់ច្បាស់ស្រីនាង នៅហង្សមាសមានតែមួយបទគត់គឺ”ហត់ទេ ស្រលាញ់គេម្នាក់ឯង?” តែពេលចូលផលិតកម្មនេះនាងបានវិវត្តន៍ខ្លួនពីធ្លាប់តែច្រៀងបទស្លូវសុទ្ធមកជាច្រៀងបទញាក់ដែលចេះក្បាច់រាំនិងមានក្រុមរាំអមដូចតារាល្បីៗផ្សេងទៀតផង។ប៉ុន្ដែសុខៗស្រីនាង បាត់ខ្លួនជាច្រើនខែបែបនេះបញ្ជាក់ថានាងអាចនឹងមានភាគរយខ្ពស់មិនវិលត្រឡប់មករកអាជីពចាស់វិញទេ។
គូររំលឹកថាសុខ ស្រីនាង បានចែកផ្លូវជាមួយអតីតប្ដីនាងលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ហើយនាងជាតារាតែម្នាក់គត់ដែលលាក់រឿងស្នេហាថ្មីបានយូជាងគេពោលគឺជិត១៣ឆ្នាំ ដែលគេមិនធ្លាប់ប្រទះឃើញអ្នកមេម៉ាយរូបស្រស់នេះបណ្ដើរប្រុសស្នេហ៍ថ្មីជាចំហម្ដងណាឡើយ បើទោះជានៅឆ្នាំ២០២៣ នេះធ្លាយរឿងថាតារាវ័យ៣៦ឆ្នាំ រូបនេះរងសម្ពាធស្នេហ៍រហូតដល់មិនអាចកាន់ក្បាលមីក្រូឡើងឆាកសារជាថ្មីបានមែន ប៉ុន្ដែម្ចាស់ស្នេហ៍ថ្មីរបស់នាងគឺជាអ្នកណានៅតែគ្មានអ្នកដឹង។យ៉ាងណាអតីតស្វាមី សុខស្រីនាង លោកស៊ី សុវត្ថិ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបុរសដែលអាចធ្វើជាប្ដីស្រីនាង បានទាល់តែមានគុណសម្បត្តិ២យ៉ាងទៅជាមួយគ្នាគឺទី១៖អំណាច និងទី២៖លុយ ,ទើបអាចទៅរួច ៕