Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឈឿន ឧត្តម នាំឪលួចម៉ូតូក្នុងវត្ត ជាប់ខ្នោះទាំង២

 ឈឿន ឧត្តម នាំឪលួចម៉ូតូក្នុងវត្ត ជាប់ខ្នោះទាំង២

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ២នាក់ឪពុកកូន ដែលជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្ម  និងត្រូវបានអ្នកស្រុក ស្គាល់ឈ្មោះច្បាស់ថា ម្នាក់ឈ្មោះឈឿន ឧត្តម បានធ្វើសកម្មភាពដឹកគ្នាចូលទៅលួចម៉ូតូ ១គ្រឿង នៅក្នុងវត្ត តែត្រូវម្ចាស់ឃើញទាន់ ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ប្រដេញតាមចាប់ក្របួចជាប់ទាំង ២នាក់ឪពុកកូន នាំយកមកចាត់ការតាមច្បាប់។

ករណីឪកូនដឹកគ្នាទៅលួចម៉ូតូក្នុងវត្តនេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នៅចំណុចបរិវេណ វត្តចំប៉ាចារ្យ ស្ថិតក្នុងឃុំអង្គពពេល ស្រុកគងពិសី។

ជនសង្ស័យទាំង២នាក់ឪពុកកូន ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ជនសង្ស័យជាឪពុក មានឈ្មោះឈឿន ណាន ហៅចិន អាយុ៥៧ឆ្នាំ មានលំនៅ ភូមិបឹងកក់ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យជាកូនប្រុស មានឈ្មោះឈឿន ឧត្តម អាយុ១៨ឆ្នាំ មានលំនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលប្រជាពលរដ្ឋកំពុងនាំគ្នាធ្វើបុណ្យ កាន់បិណ្ឌ នៅក្នុងវត្តចំប៉ាចារ្យ ស្ថិតក្នុងឃុំអង្គពពេល ស្រុកគងពិសី ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ ឪពុកកូនខាងលើ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្ម បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាចូលទៅដល់ក្នុង បរិវេណវត្ត រួចធ្វើសកម្មភាពកាច់កម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-2787 បានសម្រេច រួចក៏ជិះរត់គេចខ្លួន តែភ្លាមនោះត្រូវបានម្ចាស់ម៉ូតូប្រទះឃើញទាន់ ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ប្រដេញតាមអស់រយៈពេលប្រមាណ២០នាទី ទើបកម្លាំងនគរបាល អធិ ការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួមនិងកម្លាំងប្រជាការពារស្ទាក់ចាប់បានជនសង្ស័យទាំង២នាក់ឪពុកកូន ព្រមទាំងដកហូតវត្ថុតាង ម៉ូតូធ្វើសកម្ម ភាព ១គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ ១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ)។

ជនសង្ស័យទាំង២នាក់ឪពុកកូនខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ ការបន្តតាមនីតិវិធី ៕

RELATED ARTICLES