Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អាជីករផ្សារសាំហាន់ ផ្ទុះការតវ៉ា៧ចំណុច

 អាជីករផ្សារសាំហាន់ ផ្ទុះការតវ៉ា៧ចំណុច

ភ្នំពេញ ៖ អាជីវករផ្សារសាំហាន់ ប្រមាណជាង៤០នាក់ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានបន្តលើកបដាតវ៉ា ដើម្បីទាមទារនូវសំណើចំនួន៧ចំណុច។ការតវ៉ានេះ បានផ្ទុះ ឡើងបន្ទាប់ពីគណៈកម្មការផ្សារ ធ្វើការរុះរើតូបអាជីវករម្នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយបង្ខំឱ្យទៅ លក់ដូរនៅតូបថ្មី ដែលអាជីវករអះអាងថា មានតម្លៃខ្ពស់ និងលក់មិនសូវដាច់។

គួរបញ្ជាក់ថា ផ្សារសាំហាន់ ហៅផ្សារធំទួលសង្កែ មានទីតាំងស្ថិតនៅភូមិបាក់ទូក សង្កាត់ទួល សង្កែទី១ ខណ្ឌឫស្សីកែវ ហើយកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ មានអាជីវករប្រមាណជាង១០នាក់ បាន ជួបប្រមូលផ្តុំតវ៉ាម្តងមកហើយ បន្ទាប់ពីតូបកាហ្វេ លេខ 01R ដែលមានម្ចាស់ឈ្មោះមេ ឃុន ត្រូវបាន គណៈកម្មាការផ្សាររុះរើចេញ។

តាមតំណាងរបស់អាជីវករ បានឲ្យដឹងថា ការតវ៉ាដើម្បីស្នើសុំចំណុច ៧ចំណុច រួមមាន ៖ ១-សុំឱ្យម្ចាស់ផ្សារ គោរពតាមកំណត់ហេតុកន្លងមក ដែលចេញពីអាជ្ញាធរខណ្ឌ។ ២-សុំឱ្យម្ចាស់ផ្សារ បង្ហាញអាជ្ញាប័ណ្ណបញ្ជាក់ថា ខ្លួនពិតជាម្ចាស់អាជីវកម្មពិតប្រាកដ។ ៣-ស្នើសុំឱ្យម្ចាស់ ផ្សារ បញ្ចុះតម្លៃ ៥០ភាគរយ លើថ្លៃឈ្នួលដី។ ៤-ស្នើសុំកុំឱ្យម្ចាស់ផ្សារ យកដីមកចាក់លើផ្លូវចាស់ខាងមុខ និងខាងក្រោយតូបអាជីវករ។ ៥-ស្នើសុំឱ្យម្ចាស់ ផ្សារ បើកលក់ធម្មតានៅថ្ងៃបុណ្យទាន។ ៦-ស្នើសុំបញ្ចុះតម្លៃភ្លើង និងផ្គត់ផ្គង់ភ្លើងឱ្យបានគ្រប់គ្រាន់ដល់អាជីវករ និង៧-ស្នើឱ្យលោកគឹម ឆាយ ដកពាក្យបណ្តឹងដែលប្តឹងឈ្មោះស៊្រុន ភី (តំណាង) ឃឹម ច័ន្ទធា (អាជីវករ) និងឈ្មោះឡុច ស្រីម៉ី (អាជីវករ)។

តាមប្រភពពីអាជីវករ បានឱ្យដឹងថា ការតវ៉ានេះបានផ្ទុះឡើង បន្ទាប់ពីគណៈកម្មការផ្សារសាំហាន់ បាន លួចរុះរើតូបនៅខាងមុខ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយបានឱ្យម្ចាស់តូប ទៅលក់នៅតូបថ្មី ដែលរៀប ចំរួចជាស្រេច។ ម៉្យាងទៀត តូបថ្មីមានទំហំតូច និងថ្លៃ គ្រាន់តែកុងត្រា ដំបូង រយៈពេល២ឆ្នាំ ត្រូវបង់ ២៥០០ដុល្លារ និងបង់ជាប្រចាំខែ ១ខែ ២០០ដុល្លារ ហើយលក់មិនសូវដាច់ទៀត។

លោកគឹម ឆាយ ប្រធានគណៈកម្មការផ្សារ បានឱ្យដឹងថា ចំណុចទាំង៧ ដែលអាជីវករតវ៉ាស្នើសុំ ត្រូវបាន ដោះស្រាយចប់រួចរាល់យូរហើយ នៅសាលាខណ្ឌឫស្សីកែវ ហើយការតវ៉ាថ្មី មានតែ ១តូបទេ ដែលត្រូវបាន គណៈកម្មការផ្សារ រុះរើសតូបចាស់ លេខ 01R ហើយឲ្យគាត់ទៅលក់ដូរនៅតូបថ្មី ដែលគាត់ពុំព្រម។

ប្រធានគណៈកម្មការផ្សារ បានឱ្យដឹងទៀតថា នៅក្នុងការរុះរើតូបចាស់ ធ្វើតូបថ្មី ដើម្បីរៀបចំកែលម្អ ធ្វើប្រព័ន្ធ លូ ឱ្យមានអនាម័យ និងសោភណភាព។ នៅក្នុងការរុះរើ អាជីវករបានឯកភាព នៅសល់តែ ១តូប ពុំព្រម ហើយខាងផ្សារ បានជូនដំណឹង ចំនួន៣លើកមកហើយ នៅតែមិនព្រមរុះរើ ទើបផ្សារបានរុះរើតែម្តង។នៅរសៀលថ្ងៃដដែលនោះដែរ ក្រុមអាជីវករ ក៏បាននាំគ្នាទៅភូមិគ្រឹះសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ផងដែរ តែក្រោយមកក៏មានការសម្របសម្រួលពីអាជ្ញាធរ ដោយសន្យាថា នឹងជួបដោះស្រាយ ទើបក្រុម អាជីវករព្រមត្រឡប់មកវិញ៕

RELATED ARTICLES