Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្មករធ្លាក់រណ្តៅមាស បែកក្បាលស្លាប់

កម្មករធ្លាក់រណ្តៅមាស បែកក្បាលស្លាប់

ខេត្តព្រះវិហារ ៖ បុរសជាកម្មករជីកមាសម្នាក់ បានចុះរណ្តៅមាស ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យ ភ្លាត់ស្នៀត រអិលជើងធ្លាក់ចូលរណ្តៅមាស ដែលមានជម្រៅប្រមាណ២ម៉ែត្រ បណ្តាលឱ្យបែកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចរណ្តៅរ៉ែមាស មួយកន្លែង ស្ថិតក្នុងក្រុមហ៊ុនរ៉ែមាស ក្នុងភូមិសាស្ត្ររំដង ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុកកំរៀង។បុរសរងគ្រោះ មានឈ្មោះចែន ភក្តី ហៅភ័ក្ត្រ អាយុ៣៦ឆ្នាំ មុខរបរកម្មកររណ្តៅរ៉ែមាស មានស្រុក កំណើតនៅឯ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីកម្មករ ជីករ៉ែមាសម្នាក់ បានជួបគ្រោះថ្នាក់បាត់បង់ជីវិតក្នុងពេលធ្វើការងារ។

ក្រោយពីទទួលបានព័ត៌មាន ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកស្នងការនគរបាលខេត្តព្រះវិហារ លោកបានបញ្ជាទៅអធិការនគរបាលស្រុកកំរៀង ឱ្យបង្កើតគណៈកម្មការ ដែលមានកម្លាំងជំនាញ គ្រូពេទ្យ ចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យទីតាំងកើតហេតុ និងធ្វើកោសលវិច័យសពជនរងគ្រោះ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងការចូលរួមពីក្រុមគ្រួសារជនរងគ្រោះ ផងដែរ។

ក្រោយការពិនិត្យឃើញថា សពបានធ្លាក់ចូលក្នុងរណ្តៅរ៉ែមាស ជម្រៅជិត២ម៉ែត្រ ដោយមានស្នាមបែកក្បាល ប៉ះត្រូវនឹងវត្ថុរឹង ដូច្នេះទើបសមត្ថកិច្ចជំនាញ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ព្រោះតែធ្លាក់ចុះ ចូលក្នុងរណ្តៅរ៉ែមាស ដោយសារមានការធ្វេសប្រហែស បណ្តាលឱ្យបោកក្បាលស្លាប់ប្រាកដមែន។សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ឯស្រុក កំណើត៕

RELATED ARTICLES