Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្រុមដីឡូត៍ ក្រុមអូរអំបិល ដេញកាប់គ្នា ជាប់ខ្នោះ១

 ក្រុមដីឡូត៍ ក្រុមអូរអំបិល ដេញកាប់គ្នា ជាប់ខ្នោះ១

ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម ដែលម្ខាងមានរហស្សនាមក្រុម OMB (អូរអំបិល) ចំណែកម្ខាងទៀតមានរហស្សនាម ក្រុម DL (ដីឡូត៍) បានបើកឆាកប្រយុទ្ធ ដេញកាប់គ្នាប្រសាចពេញដងផ្លូវ ទីបំផុតត្រូវកម្លាំងអាវុធហត្ថស្រាវជ្រាវកំណត់មុខសញ្ញាបាន ក៏ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នាំយកមកចាត់ការតាមច្បាប់ ខណៈដែលបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។

ករណីក្រុមក្មេងទំនើងដេញកាប់គ្នានេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង០៨នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខការ៉ាស់សាំង PTT ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុង សិរីសោភ័ណ។ រហូតមកដល់វេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ទើបកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់។

តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ ឃាត់ខ្លួនក្មេងទំនើងម្នាក់ ករណីហិង្សាដោយ ចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង ៣និង០៨នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខការ៉ាស់សាំង PTT ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើ មានឈ្មោះឈុន គឹមឈាន ហៅម៉ៃ ភេទប្រុស អាយុ១៥ឆ្នាំ មានលំ នៅ ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បញ្ជាក់ថា កាលពីវេលាកើតហេតុ មានក្រុមក្មេងទំនើង ចំនួន២ក្រុម មាន គ្នាប្រហែលចំនួន ៩នាក់ ម៉ូតូ ចំនួន០៤គ្រឿង ធ្វើសកម្មភាពដេញកាប់ និងគប់គ្នា នៅចំណុចមុខការ៉ាស់សាំង PTT ក្រោយពីធ្វើសកម្មភាពរួច ក្រុមទាំងពីរបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងពិនិត្យកាមេរ៉ាសុវត្ថិភាព ជុំវិញកន្លែង កើតហេតុ កំណត់បាននូវមុខសញ្ញាក្មេងទំនើងទាំង២ក្រុម រួមមាន ទី១-ក្រុម DL (ដីឡូត៍) និងទី២-ក្រុម OMB (អូរអំបិល)។ បន្ទាប់ពីកំណត់មុខសញ្ញាបានហើយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួន បានក្មេងទំនើងម្នាក់ នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ យកមកសាកសួរនៅមូល ដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ។

ក្រោយឃាត់ខ្លួននិងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនជាសមាជិកក្នុងក្រុម DL (ដីឡូត៍) ហើយកន្លងមក ក្រុមរបស់ខ្លួន ពុំដែលមានទំនាស់ជាមួយក្រុម OMB (អូរអំបិល) នោះទេ។ នៅថ្ងៃកើតហេតុ វេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ខ្លួននិងបក្ខពួក មកពីដើរលេងនៅផ្សាររាត្រី ពេលជិះដល់ម៉ូតូមកដល់ចំណុច ការ៉ាស់សាំង PTT ក៏បានជួបនិងក្រុម OMB (អូរអំបិល) មានម៉ូតូ ៣គ្រឿង ជិះដេញកាប់ពួកខ្លួនតែម្តង។

ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES