Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ម៉ែប្រើឱ្យទិញម្ហូប កូនចាញ់ល្បិចតា ប៊ិះអស់ម៉ូតូ

 ម៉ែប្រើឱ្យទិញម្ហូប កូនចាញ់ល្បិចតា ប៊ិះអស់ម៉ូតូ

ខេត្តកណ្តាល ៖ យុវជនម្នាក់ ត្រូវបានម្តាយ ប្រើឱ្យទៅទិញម្ហូបនៅផ្សារ លុះជិះម៉ូតូទៅតាមផ្លូវ ក៏មានបុរសម្នាក់ បក់ដៃហៅឱ្យឈប់ ចំណែកយុវជនរូបនោះ នឹកស្មានថាជាមិត្តភក្តិឪពុកខ្លួន ក៏ឈប់ម៉ូតូ សួរនាំ ស្រាប់តែបុរសចំ ណាស់នោះ បានហុចលុយឱ្យ ១ម៉ឺនរៀល រួចពឹងឱ្យជូនទៅផ្ទះសំណាក់ បន្ទាប់មកក៏ប្រើល្បិចខ្ចីម៉ូតូមួយភ្លែត តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋក្បែរនោះប្រទះឃើញ មានការសង្ស័យ ឃាត់សួរនាំ ទើបដឹងថាជាជន ឆបោក ក៏ចាប់ក្របួចប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ករណីឆបោកម៉ូតូនេះ បានកើតឡើង កាលពីវែលាម៉ោង ១០និង៤០នាទីព្រឹក  ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅ ចំណុចភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល។

ជនរងគ្រោះ មានឈ្មោះផេន ធឿនដារាវិដ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិជោទ្រាជ ឃុំម្កាក់ ស្រុកអង្គស្នួល។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលី ម៉េង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ រីឯ សម្ភារៈបាត់បង់ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JF-8728 (ជារបស់ជនរងគ្រោះ យកបានមកវិញ)។ ដោយឡែកវត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JF-8728 (ជារបស់ជនរងគ្រោះ) និងទូរស័ព្ទដៃ ម៉ាក ណូគា អិន ចុចពិល ចំនួន១គ្រឿង ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយលេងនៅផ្ទះរបស់ខ្លួន ហើយ ម្តាយបានប្រើឱ្យទៅទិញម្ហូប នៅផ្សារបាសិទ្ធ ស្ថិតនៅភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល។ បន្ទាប់មក ជនរង គ្រោះបានជិះម៉ូតូរបស់ខ្លួន ម៉ាកហុងដា ឌ្រីម មកដល់ចំណុចមុខធនាគារអេស៊ីលីដា សាខាឃុំម្កាក់ ស្រាប់តែជន សង្ស័យបានស្រែកហៅជនរងគ្រោះឱ្យឈប់ម៉ូតូ។ ពេលនោះជនរងគ្រោះ ស្មានថាជាមិត្តភក្តិរបស់ឪពុកខ្លួន ក៏បានឈប់ម៉ូតូភ្លាម ចំណែកជនសង្ស័យបានដកលុយចំនួន ១ម៉ឺនរៀល ឱ្យជនរងគ្រោះជូនខ្លួនទៅផ្ទះសំណាក់ ម្អមស្រែ ស្ថិតនៅភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល។

ពេលទៅដល់ផ្ទះសំណាក់នោះ ជនសង្ស័យបានឱ្យជនរងគ្រោះចុះពីលើម៉ូតូ ហើយជនសង្ស័យបានខ្ចីម៉ូតូ របស់ ជនរងគ្រោះ ថាទៅយកទូរស័ព្ទដៃ មួយភ្លែត ពេលនោះជនរងគ្រោះបានឱ្យម៉ូតូទៅជនសង្ស័យជិះ។ ភ្លាមនោះជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះចេញពីផ្ទះសំណាក់ ម្អមស្រែ បានប្រហែល ២០០ម៉ែត្រ ស្រាប់តែប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ មានការសង្ស័យ ដោយមិនដែលស្គាល់មុខជនសង្ស័យ ក៏នាំគ្នាស្ទាក់ ឃាត់ជនសង្ស័យសួរនាំ ហើយបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ម្កាក់ តែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ម្កាក់ បានសហការជាមួយកម្លាំងផ្នែកជំនាញ នគរបាលយុត្តិធម៌ ស្រុក បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួននិងបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើជាខ្ចីម៉ូតូរបស់ជនរងគ្រោះ គោល បំណងយកទៅលក់ ដើម្បីយកលុយមកលេងល្បែង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES