Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអង្គុយហូបប្រហិត គេកាប់រយះពោះ

អង្គុយហូបប្រហិត គេកាប់រយះពោះ

ភ្នំពេញ ៖ យុវជន៣នាក់ កំពុងអង្គុយហូបប្រហិតចៀន នៅក្នុងផ្ទះលក់ប្រហិត ១កន្លែងសុខៗ ស្រាប់តែលេច មុខក្រុមក្មេងទំនើង ១ក្រុម ដែលគេស្គាល់រហស្សនាមថា “ក្រុម DS (ដីខ្សាច់)” ប្រដាប់ទៅដោយកាំបិតផ្គាក់ បានសម្រុកចូលទៅកាប់ប្រហារទាំងកំរោល បណ្តាលឱ្យយុវជន ម្នាក់រងរបួសរយះពោះ និងជើង យ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកមិត្តភក្តិ ២នាក់ទៀត រងរបួសស្រាល រីឯក្រុម ជនដៃដល់ ក្រោយពីកាប់មនុស្សរួច បានកាប់កម្ទេចម៉ូតូជនរងគ្រោះ ២គ្រឿងទៀត មុននឹងគេចខ្លួន។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះលក់ចាប់ហួយ និងប្រហិត ១កន្លែង នៅច្រកចូលបុរីមហាសែនសុខ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះលក់ចាប់ហួយ បានរៀបរាប់ប្រាប់ថា ផ្ទះរបស់គាត់ គឺមានលក់ចាប់ហួយ និង ប្រហិតចៀន ហើយមុនពេលកើតហេតុ មានយុវជនមួយក្រុម មានគ្នា ៣ទៅ៤នាក់បាននាំគ្នាមកអង្គុយ និង កុម្មង់ប្រហិតចៀនហូប នៅផ្ទះរបស់គាត់។ លុះដល់វេលាម៉ោងកើតហេតុ ខណៈពេលដែលគាត់កំពុងតែរៀប ចំដាក់ចៀនប្រហិត ឱ្យយុវជនទាំងនោះ ស្រាប់តែមានយុវជនមួយក្រុមទៀត មានគ្នាជិត២០នាក់ ជិះម៉ូតូ ៨ទៅ៩គ្រឿង ក្នុងដៃប្រដាប់ដោយកាំបិតផ្គាក់ ដំបង និងដុំថ្ម ស្ទើរគ្រប់ដៃ បានជិះមកឈប់ រួចរត់ចូលមកកាប់ យុវជនដែល កំពុងអង្គុយចាំញ៉ាំប្រហិតចៀន ក្នុងផ្ទះរបស់គាត់ ធ្វើឱ្យយុវជនដែលមកញ៉ាំប្រហិតចៀនទាំងនោះ នាំគ្នាងើបរត់គេចខ្លួនចូលទៅពួនក្នុងផ្ទះរបស់គាត់ តែក្រុមយុវជនប្រដាប់ដោយកាំបិត បានរត់ចូលទៅតាម រួចកាប់យុវជនរងគ្រោះ ដល់ក្នុងផ្ទះរបស់គាត់តែម្តង បណ្តាលឱ្យរងរបួស រយះពោះ និងជង្គង់ខាងស្តាំ យ៉ាងធ្ងន់ រីឯយុវជនរងគ្រោះ ២នាក់ទៀត រងរបួសស្រាល។

ម្ចាស់ផ្ទះខាងលើ បានបន្តថា បន្ទាប់មក ក្រុមជនបង្កទាំងនោះ បានទៅកាប់កម្ទេចម៉ូតូហុងដាឌ្រីម ១គ្រឿង និងម៉ូតូធូដេ ១គ្រឿង ទៀតដែលចតនៅខាងមុខផ្ទះគាត់ ថែមទាំងវាយបំបែកទូកញ្ចក់របស់គាត់ បណ្តាលឱ្យបែក រងការខូចខាតទៀតផង មុននឹងនាំគ្នាឡើងជិះម៉ូតូ រត់គេចខ្លួន។

តាមសម្តីពីយុវជនរងគ្រោះ បានឱ្យដឹងថា ពួកគេមិនធ្លាប់មានបញ្ហាឈ្លោះប្រកែកគ្នាជាមួយនឹងក្រុមជនបង្ក ហេតុទាំងនោះពីមុនមកទេ គ្រាន់តែដឹងថា ក្រុមយុវជនបង្កទាំងនោះ គឺជាក្រុម DS (ដីខ្សាច់) ដែលមានឈ្មោះ ល្បីល្បាញខាងកាប់ចាក់ និងកាងនៅពោធិ៍ចិនតុង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមៈភ្លាមៗ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើការសាកសួរ ដើម្បីកំណត់មុខសញ្ញា និងតាមចាប់ខ្លួនក្រុមជនបង្ក ហេតុ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES