Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជីកផ្នូរខ្មោចលួចមាស ជាប់ខ្នោះ៥នាក់

ជីកផ្នូរខ្មោចលួចមាស ជាប់ខ្នោះ៥នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ១ក្រុម បានបែកគំនិតនាំគ្នាដើរជីកផ្នូរខ្មោច ដើម្បីលួចវត្ថុបុរាណ ឬរបស់មានតម្លៃ មានមាសជាដើម ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន៥នាក់ នាំយក​មកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមលួចជីកផ្នូរខ្មោចនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចខ្ទមដឺអាតុល ចម្ងាយ៥០០០ម៉ែត្រ ខាងលិចភូមិដូនណូយ ស្ថិតក្នុងឃុំទ្រាស ស្រុកស្វាយចេក។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសូត្រ សំអៀត ភេទប្រុស អាយុ​៣៣ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក។ ទី២-ឈ្មោះទី ណៃ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក។ ទី៣-ឈ្មោះថន សឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក។ ទី៤-ឈ្មោះអិម ឈៀត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិ​ដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក។ និងទី៥-ឈ្មោះលី វីឆាត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ តាអុងកើត ឃុំរលួស ស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពី​ប្រជាពលរដ្ឋរាយការណ៍ថា នៅត្រង់ចំណុចខ្ទមដឺអាតុល ខាងលិចភូមិដូនណូយ ស្ថិតក្នុងឃុំទ្រាស មាន​មនុស្ស​ចេញចូលជាប្រចាំ សង្ស័យប្រើប្រាស់ថ្នាំញៀន  លោកបានចាត់តាំងកម្លាំងចំណុះអធិការដ្ឋាននគរបាល​ស្វាយ​ចេក កម្លាំងនគរបាលប៉ុស្តិ៍រលួស កម្លាំងនគរបាលប៉ុស្តិ៍ស្វាយចេក និងនគរបាលប៉ុស្តិ៍ទ្រាស ចុះល្បាតនៅត្រង់​ចំណុចគោលដៅដែលប្រជាជនរាយការណ៍ ហើយបានប្រទះឃើញមនុស្ស ១ក្រុម ដែលជាមុខសញ្ញាក្រុមដើរ​ជីក​ផ្នូរខ្មោច ដើម្បីរកវត្ថុបុរាណ ឬរបស់មានតម្លៃ យកមកលក់ មានគ្នាចំនួន៥នាក់ កំពុងតែប្រើប្រាស់គ្រឿង​ញៀន ក៏ឃាត់ខ្លួនតែម្តង។

លោកអធិការ បានបញ្ជាក់ថា ជាមួយនេះ សមត្ថកិច្ច បានរកឃើញមានម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យ​ជាគ្រឿងញៀន ចំនួន៥កូនថង់ ដបកែច្នៃសម្រាប់ជក់១ ដែកកេះ១ បំពង់កែវសម្រាប់ជក់ ១ និងថង់សម្រាប់ច្រក​ថ្នាំ មួយចំនួនទៀតផង។

ជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត​តាមនីតិវិធី៕

RELATED ARTICLES