Sunday, February 9, 2025
Homeសង្គម និងជីវិតសង្ឃទេវតាដើរដី ផ្អើលភ្លូកទឹកភ្លូកដីអង្គរ ខ្ទរដល់ដី ចម្ការព្រហ្មខឹម វាសនា ជើងភ្នំគូលែន

សង្ឃទេវតាដើរដី ផ្អើលភ្លូកទឹកភ្លូកដីអង្គរ ខ្ទរដល់ដី ចម្ការព្រហ្មខឹម វាសនា ជើងភ្នំគូលែន

ខេត្តសៀមរាប ៖ ខណៈដែលព្រះសង្ឃធុតង្គ ចន្ទមុនី ដែលគេល្បីថាចាលោកឪសួង ទី២ ទេវតាដើរដី មានបារមី ខ្លាំងពូកែ និមន្តទៅខេត្តសៀមរាប សម្តែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទាន នៅវត្តអង្គរខាងជើង ផ្អើល ពុទ្ធបរិស័ទភ្លូកទឹកភ្លូកដី ទៅថ្វាយបង្គំពេញបរិវេណប្រាសាទអង្គរវត្ត នោះ បានធ្វើឲ្យក្រើកខ្ទរដល់ដីចម្ការជើងភ្នំ គូលែន របស់លោកខឹម វាសនា  ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ ថ្លែងចំអកឲ្យព្រះសង្ឃធុតង្គ ចន្ទមុនី ថាជាទេវតារុកដី ផ្លិតបក់ ក្លាយជាផ្លិតទិព្វ ។

 សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការវត្តតាសុត ខេត្តកំពង់ ឆ្នាំង ដែលពុទ្ធបរិស័ទផ្អើលជឿថាជាលោកឪសួង ទី២ ទេវតាដើរដីនោះ បាននិមន្តទៅកាន់ទឹកដីខេត្តសៀមរាប ដើម្បីសម្តែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទាន នៅវត្តឥន្ទបត្តបុរី អង្គរខាងជើង ដែលស្ថិតនៅខាងជើង ប្រាសាទអង្គរវត្ត ប៉ុន្តែមុននឹងនិមន្តមកកាន់វត្តអង្គរខាងជើង ព្រះអង្គបាននិមន្តទៅកាន់វត្តរាជបូណ៌ ថ្វាយបង្គំ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ដោយមានមនុស្សម្នា ពុទ្ធបរិស័ទជាច្រើន មកពីគ្រប់គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា រួមទាំងប្រជាជនថៃ ផងដែរ បានមកហែហម ថ្វាយបង្គំ សុំពរជ័យពីព្រះអង្គ ដែលមាន តែផ្លិតមួយ សម្រាប់បក់ព្រោះព្រំជំនួសឲ្យការប្រោះព្រំទឹកមន្ត ។

តាមប្រភពមគ្គុទេសក៍ទេសចរណ៍ នៅប្រាសាទអង្គរវត្ត បានបញ្ជាក់ថា ព្រះវត្តមានព្រះធម្មវនវាសី ចន្ទមុនី នៅបរិវេណប្រាសាទអង្គរវត្ត ធ្វើឲ្យធាតុអាកាសមានភាពត្រជាក់ត្រជំ មានភ្លៀងធ្លាក់ស្រិចៗ ហើយអ្វីដែលពិសេសមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ២៣ឆ្នាំកន្លងទៅនេះ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាប្រាសាទអង្គរវត្ត យ៉ាងច្រើនកុះករ រាប់លាននាក់ ភាគច្រើនជាជនជាតិខ្មែរ មកពីបណ្តាខេត្ត-រាជ ធានី ទូទាំងប្រទេសកម្ពុជា ដែលមានបំណងមកជួបសុំពរជ័យ ពីព្រះអង្គ ចន្ទមុនី ។

 តាយាយដែលមកអង្គុយចាំថ្វាយបង្គំព្រះធម្មវនវាសី ចន្ទមុនី នៅក្នុងបរិវេណប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ពួកគាត់មានជំនឿលើព្រះអង្គ ចន្ទមុនី ថាមានបារមីខ្លាំងពូកែពិតប្រាកដមែន ទើបពួកគាត់ខំធ្វើដំណើរមកពីបណ្តាខេត្តឆ្ងាយៗ មកជួបព្រះអង្គ នៅប្រាសាទអង្គរវត្ត  ។

ទោះបីជាយ៉ាងណា ភាពល្បីល្បាញរបស់ព្រះសង្ឃធុតង្គ ចន្ទមុនី បានធ្វើឲ្យកក្រើកដល់លោកខឹម វាសនា ដែលតាំងខ្លួនជាព្រហ្មរក្សាលោក បានថ្លែងរិះគន់ បន្តុះបង្អាប់ព្រះធម្មវនវាសី ចន្ទមុនី ថាជាទេវតារុកដី មានតែផ្លិតមួយបក់ មិនសមល្បីកើតទេ តែដោយសារគេលើកព្រះអង្គជ្រុលពេក ពិបាកត្រឡប់មកវិញបាន ។

លោកខឹម វាសនា បានថ្លែងទៅកាន់សាវ័ករបស់ខ្លួន នៅក្នុងចម្ការ នាជើងភ្នំគូលែន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ថា “ក្មួយឯងគិតមើលៗ អាទេវតារុកដីនេះ អត់សមល្បីកើតទេ! អាទេវតារុកដី គ្មានសមល្បីកើតទេ ប៉ុន្តែរៀបចំឲ្យមានឈុតឆាកបែបហ្នឹងណា៎! យល់ទេ! រៀបចំឲ្យល្បីទៅកើតមើល! មនុស្សខ្មែរ ទៅជាឡប់អ៊ីចឹង កើត! ទុកឲ្យអ្ហែងនិយាយតទៅកូន តចៅ ក្រោយពីទឹកលិចលោកទៅ សល់តែពួកអ្ហែង ។ ដល់ពេលអ្ហែងនិយាយប្រាប់កូនចៅតទៅ ជំនាន់ហ្នឹងវាម៉េច? ដល់ពេលយូរៗទៅ អាកូនចៅហ្នឹង អត់ជឿទៀត! យល់ទេ! វាថាភូត ថាអីទៀត យល់ទេ! ប៉ុន្តែអ៊ីចឹងមែន អាទេវតារុកដីហ្នឹង មុនដំបូង អត់ចេះភូតប៉ុន្មានទេ យល់ទេ! ប៉ុន្តែគេលើកៗទៅជ្រុល ដូចគង់ហ៊ាន លើកៗទៅ គ្នាក៏ចុះវិញអត់កើត ។ ផ្លិតហ្នឹង គឺថាបក់ៗហ្នឹង គឺថាដៃទំនេរទេ ធម្មតាគេគ្រវាសទឹក ហើយដល់ពេលវាអត់កាន់គ្រវាសទឹក ដល់ពេលអ៊ីចឹង ដៃទំនេរ ។ ដល់ដៃទំនេរ កាន់ផ្លិតមួយទៅៗ ដល់កាន់ផ្លិតយូរៗ ឥឡូវបានផ្លិតទុកហើយ ។ ក្រសួងធម្មការ គេឲ្យអាផ្លិតទិព្វ នោះ អាផ្លិតអីគេហ្នឹង ឥស្សរិយយសថ្នាក់ចត្វា (សើច) ។ អញថា អូ! អញមើលទៅ អញគិតតែពីសើចតែម្ដង អញថា សម័យកាលមុនអាទឹកលិចលោកហ្នឹង ព្រហ្មរក្សាលោក ចុះមកហ្នឹង គឺថាសព្វម៉ូដសព្វម៉ាក់តែម្ដង»។

លោកខឹម វាសនា បន្តថា «អ៊ីចឹងហើយបានថា ពូហៅទាំងអស់គ្នាឲ្យមកចូលពូទៅ គឺថាវាសមតែថាវង្វេង ។ ពូពន្យល់សោះនេះ! អ្ហែងស្ដាប់នៅផ្ទះទៅ អញពន្យល់តើ! ហេតុផលពន្យល់តើ! អញមិនមែនឲ្យអ្ហែងយល់ថាអញត្រូវទេ ឲ្យអ្ហែងរកមើលថា អញខុស ខុសត្រង់ណា? បើខុស អញព្រមដែរ តែខុសត្រង់ណា? អញមិនឲ្យអ្ហែងតាមអញ ថាអញត្រូវទេ យល់ខុសក៏បានដែរ ប៉ុន្តែឲ្យហេតុផលផង ខុសត្រង់ណា? អ្នកមានបុណ្យ នៅនឹងមុខហើយ អ្ហែងមិនដឹង ចាំមើលតែទឹកលិចលោកហ្នឹង ទរហើយ! យំស្រែក ! អាឆ្កួត អានិស្ស័យសត្វឡប់ហ្នឹង អញចុះមកម្ដងណាក៏អ៊ីចឹងដែរ ។ ចាំមើលព្រះសិអារ្យមេត្រី អញមកម្ដងទៀត ជួបរឿងអ៊ីចឹងទៀត យល់ទេ!“ ។

 គួរបញ្ជាក់ថា ព្រះសង្ឃធុតង្គ ព្រះធម្មវនវាសី ចន្ទមុនី បន្ទាប់ពីបានជួបពុទ្ធបរិស័ទ ផ្អើលភ្លូកទឹកភ្លូកដីអង្គរ ខ្ទរដល់ដីចម្ការព្រហ្មខឹម វាសនា នាជើងភ្នំគូលែន និងចូលរួមហែអង្គកឋិនទាននៅវត្តអង្គរខាងជើង រួចមក នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣  ព្រះធម្មវនវាសី ចន្ទមុនី បាននិមន្តមកប្រទានពរជ័យដល់អ្នក ឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅផ្ទះ ទឹក របស់អ្នកឧកញ៉ា សៀង ណាំ ក្នុងក្រុងសៀមរាប ផងដែរ ៕ កុលបុត្រ

RELATED ARTICLES