Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់បានហើយ ! ប៉ូលិសបើកឡានបុកនគរបាល ចរាចរណ៍

ចាប់បានហើយ ! ប៉ូលិសបើកឡានបុកនគរបាល ចរាចរណ៍

ខេត្តស្វាយរៀង ៖ ករណីបើករថយន្តបុកមន្ត្រីនគរបាលចរាចរណ៍ម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលា ម៉ោង ៦និ១០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នោះ សមត្ថកិច្ចឃាត់ខ្លួនជនបង្កហេតុបានហើយ ដែលជា មន្ត្រីនគរបាលដូចគ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង ខណៈលោកនាយរងផ្នែកសណ្តាប់ធ្នាប់នគបាលចរាចរណ៍ នៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង ម្នាក់ កំពុងឈរមើលសណ្តាប់ធ្នាប់ នៅលើចិញ្ចឹមផ្លូវជាតិលេខ១ នៅចំ ណុចខាងកើតផ្លូវបំបែកជាបួន  ខាងមុខហាងលក់ម៉ូតូ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ស្រាប់តែត្រូវរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស បុកយ៉ាងពេញទំហឹង បណ្តាលឱ្យលោកនាយរង ផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ រងរបួសធ្ងន់ បាក់ឆ្អឹងជំនីរ បាក់ដងកាំបិត បាក់ដៃម្ខាង ដាច់ជង្គង់ទាំងសងខាង បាក់ថ្គាម និងពកក្បាលធ្ងន់ សន្លប់នៅនឹងកន្លែង។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ គឺលោកអនុសេនីយ៍ឯក នាង សុខនរ៉ា នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង បានឈរមើលសណ្តាប់ ធ្នាប់ នៅលើចិញ្ចើមផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើតកែងផ្លូវបំបែកជាបួន ខាងមុខហាងលក់ម៉ូតូ បែរមុខ មកខាងលិចឆៀងខាងត្បូង ។ មួយសន្ទុះក្រោយមក គេឃើញមានរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស បើកពីទិសខាងលិច ទៅកើត យ៉ាងលឿន លុះទៅផុតផ្លូវបំបែកជាបួន បានប្រមាណ ១០០ម៉ែត្រ ចំណុចខាងមុខ យានដ្ឋានជួសជុលរថយន្ត ស្រាប់ចាប់ហ្វ្រាំងបង្អង់ល្បឿន រួចបត់មកក្រោយវិញ បើកពីទិសខាងកើត មកលិច យ៉ាងលឿន សំដៅមកបុកជនរងគ្រោះ ពេញទំហឹង ប៉ើងហោះទៅលើ ខ្ទាតចម្ងាយជាង១០ម៉ែត្រ ធ្លាក់មកលើ ថ្នល់ សន្លប់ស្តូកស្តឹងតែម្តង សំណាងល្អរថយន្ត ១គ្រឿង មកពីលិច មិនបានកិន។

ចំណែករថយន្តបង្កហេតុ បានបន្ថែមល្បឿនយ៉ាងលឿន បើកសំដៅចូលក្នុងក្រុងស្វាយរៀងបាត់ ។ ភ្លាមៗនោះ សមត្ថកិច្ចដែលឈជើងនៅកន្លែងកើតហេតុ បានជិះម៉ូតូ ២គ្រឿង ដេញតាមរថយន្តបង្កហេតុ រហូតមកដល់រង្វង់ មូលនាគរាជ ខាងមុខសាលាដំបូងខេត្ត ក៏បាត់ដានទៅ ។ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅ រថយន្ត សាមុយ នៃមន្ទីរពេទ្យខេត្តស្វាយរៀង បញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ ដើម្បីសង្គ្រោះ ។ សំណាងល្អ នៅកន្លែងកើតហេតុ មានដាក់កាមរ៉ាសុវត្ថិភាព បានឃើញភិនភាគរថយន្តបង្កហេតុ តែមើលមិន ឃើញស្លាកលេខ ប៉ុន្តែសមត្ថកិច្ចបានដាក់កម្លាំងស្ទាក់គ្រប់ផ្លូវ ក្នុងនិងក្រៅក្រុងស្វាយរៀង រហូតដល់ម៉ោង ៦យប់ ថ្ងៃដដែល ទើបរកឃើញរថយន្តបង្កហេតុ ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-5841 យកទៅលាក់ទុកនៅក្នុងផ្ទះមួយ ក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង បានឆែកឆេរក្នុងរថយន្ត ឃើញកាតគ្រីរថយន្ត និងអត្តសញ្ញាណប័ណ្ណចម្លង មួយសន្លឹក ទើបស្រាវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យបាន។

ប្រភពដដែល បន្តថា ជនសង្ស័យ ឈ្មោះ ប្រាក់ ឯមសារ៉ាវុធ អាយុ២៩ឆ្នាំ ជាមន្ត្រីនគបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង មានលំនៅ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជាកូន មន្ត្រីគយ ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោង ៨និង១០នាទីយប់។ បើតាមសាច់ញាតិរបស់ជនសង្ស័យ បាននិយាយថា មិនមែនមានចេតនាបុកជនរងគ្រោះ ដូចការសង្ស័យ របស់សមត្ថកិច្ចនោះទេ គឺមកពីងងុយដេក ងោកមួយភាំង ទើបបង្កគ្រោះថ្នាក់បែបនេះ។

ជនបង្កហេតុ បន្តថា មុនពេលកើតហេតុ ខ្លួនបានបើករថយន្តទៅលេងនៅខេត្តសៀមរាប កាលពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០៣ រហូតដល់ថ្ងៃអាទិត្យ ទី២៩ តុលា ឆ្នាំ២០២៣ វេលាម៉ោង ៦យប់ ទើបត្រឡប់មកវិញ រថយន្ត ខូច។ លុះព្រឹកឡើង ថ្ងៃទី៣០ ខែតុលា ខ្លួនបានយកឡាន ទៅជួសជុល តែពេលទៅដល់យានដ្ឋានជួសជុល មិនឃើញជាងបើកទ្វារ ក៏បើករថយន្តត្រឡប់មកផ្ទះវិញ ស្រាប់តែងងុយដេក ងោក ងងឹតមុខ ទើបរេចង្កូតទៅ បុកជនរងគ្រោះតែម្តង។

ទោះបីយ៉ាងណា សមត្ថកិច្ចនៅតែដាក់ការសង្ស័យថា ជនបង្កហេតុ មានចេតនា ដូច្នេះសមត្ថកិច្ចកំពុងធ្វើការ សាកសួរ ស្រាវជ្រាវបន្ត។

ក៏ប៉ុន្តែបើតាមការស្រាវជ្រាវបឋម ចំណុចទី១ មើលតាមរូបភាពកាមេរ៉ាសុវត្ថិភាព ជនរងគ្រោះឈរនៅ លើដីចិ ញ្ចើមផ្លូវ រថយន្តបើកល្បឿនលឿន ពីទិសខាងកើត តាមចិញ្ចើមផ្លូវ មកបុកជនរងគ្រោះតែម្តង ដោយបុកប៉ើង ខ្ទាតចម្ងាយជាង១០ម៉ែត្រ ហើយបន្ថែមល្បឿនយ៉ាងលឿនទៅមុខ គ្មានរេចង្កូតអ្វីទេ ។

ចំណុចទី២- បុកហើយបើករត់គេចមិនទទួលខុសត្រូវ ។ ចំណុចទី៣-បើតាមការស្រាវជ្រាវបឋម ជនសង្ស័យ បើករថយន្តពីទិសខាងលិច ទៅកើត ទំនងជាឃើញជនរងគ្រោះ ឈរនៅលើចិញ្ចើមផ្លូវ ទើបបើករថយន្តទៅ មុខហួសប្រមាណចម្ងាយ១០០ម៉ែត្រ ក៏បង្អង់ល្បឿនរថយន្តរួចបត់ត្រឡប់មកក្រោយវិញ រួចបើករថយន្តយ៉ាង លឿន តម្រង់មកបុកជនរងគ្រោះតែម្តង ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។

ចំណែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ បានធូរស្រាលបន្តិចហើយ ដោយគ្រូពេទ្យបញ្ជាក់ថា រួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ៕

RELATED ARTICLES