Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បង្ហាញលទ្ធផលឃាត់ខ្លួនមនុស្ស ៨៣នាក់

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បង្ហាញលទ្ធផលឃាត់ខ្លួនមនុស្ស ៨៣នាក់

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីប្រតិបត្តិការចុះបង្ក្រាបអាជីវកម្មល្បែងស៊ីសង ខុសច្បាប់ ជាលក្ខណៈកាស៊ីណូ ជ្រកក្រោមស្លាកឈ្មោះ «ការកម្សាន្ត ក្រោន» (CROWN ENTERTAINMENT) ស្ថិតនៅផ្ទះលេខ B6 ផ្លូវ៧៨ (Gold) សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ដោយឃាត់ខ្លួនមនុស្ស បានចំនួន ៨៣នាក់។

សេចក្តីប្រកាសព័ត៌មាន របស់ អ.គ.ល.ក បានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក) សហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងជាសមាជិក គ.ល.ក និងដោយមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋានខណ្ឌចម្ការមន ក្រោមការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបអាជីវកម្មល្បែង ស៊ីសងខុសច្បាប់ ជាលក្ខណៈកាស៊ីណូ ជ្រកក្រោមស្លាកឈ្មោះ «ការកម្សាន្ត ក្រោន» (CROWN ENTERTAINMENT) មានទីតាំងស្ថិតនៅផ្ទះលេខ B6 ផ្លូវ៧៨ (Gold) សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចចម្រុះបានចុះឆែកឆេរ បង្ក្រាបនិងបិទទីតាំង «ការកម្សាន្ត ក្រោន» (CROWN ENTERTAINMENT) ដកហូតវត្ថុតាង រួមមាន តុល្បែង និងម៉ាស៊ីនម៉ាស៊ីនល្បែងគ្រប់ប្រភេទ និងវត្ថុតាងជា ប្រាក់កាសមួយចំនួន ព្រមទាំងបានដឹកជញ្ជូនវត្ថុតាងទាំងអស់ចេញពីទីតាំងនេះយកទៅរក្សាទុក។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិចិន ចំនួន១១នាក់ (ស្រី៥នាក់) ជនជាតិ វៀតណាម ចំនួន៤នាក់ (ស្រី៣នាក់) និងជនជាតិខ្មែរ ចំនួន៦៨នាក់ (ស្រី៥៣នាក់) ដើម្បីបន្តនីតិវិធី។ដោយឡែក ទីតាំងខាងលើនេះ ត្រូវបានចាក់សោ បិទសៀល និងសម្រេចប្រគល់ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រងថែរក្សាជាបណ្តោះអាសន្ន រង់ចាំសេចក្តីសម្រេចថ្មីរបស់តំណាងអយ្យការ៕

RELATED ARTICLES