ខេត្តព្រៃវែង ៖ យុទ្ធនាការធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង របស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត បានរកឃើញថា មានមន្ត្រីនគរបាលសរុបចំនួន ១១នាក់ មានសារធាតុញៀននៅក្នុងខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មន្ត្រីនគរបាលទាំង ១១នាក់នោះ ត្រូវបានបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា «ដោយមានការចង្អុលដឹកនាំពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការធ្វើតេស្តរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង។ ជាលទ្ធផល គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបានរកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន១១នាក់។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនមន្ត្រីនគរបាល ទាំង១១នាក់នោះ ទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយឡែកចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្ត នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ នាពេលក្រោយ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណ និងត្រៀមជាស្រេចដោយក្តីរីករាយ ដើម្បីទទួលរាល់កិច្ចសហការ មតិរិះគន់ស្ថាបនាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្តាញសារព័ត៌មាន ដែលកន្លងមកបានចូលរួមសហការនិងបន្តសហការក្នុងការបង្ការ បង្ក្រាប បទល្មើសគ្រឿងញៀន ព្រមទាំងសម្រិតសម្រាំងដល់មន្ត្រីនគរបាលខេត្តព្រៃវែង»៕