ខេត្តសៀមរាបៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានយាងជាព្រះរាជាធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ។
អញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង នាព្រឹកនោះ រួមមានៈ សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងសម្តេចៗជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង ស្ថាប័នជាតិ និងក្រោមជាតិ ជាច្រើនរូបផ្សេងទៀត ។
សូមរំលឹកថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានចាប់ផ្តើមជួសជុលឡើងវិញ កាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើន ជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយស្រាវជ្រាវ នៅប្រាសាទបន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាដើម។ បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ ដើម្បីគ្រប់គ្រងនូវលំហូរការទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អប្រសើរ អាជ្ញាធរជាតិអប្សរា នឹងកំណត់ទិសដៅទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់ការទស្សនា។ ដោយឡែកស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត រក្សាទុកជាច្រកចេញ ។
ក្នុងព្រះរាជសុន្ទរកថា ដ៏មានខ្លឹមសារនិងអត្ថន័យជ្រាលជ្រៅ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការប្រាព្ធរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ ។ ជាមួយនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលថា ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។ កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាំពេលកន្លងមក ពិតណាស់ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ក៏មានព្រះរាជបន្ធូលរំឭកទៅដល់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលព្រះអង្គតែងតែនាំភ្ញៀវជាថ្នាក់ដឹកនាំប្រទេសជាច្រើន មានព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រធានាធិបតី យាងនិងអញ្ជើញមកទស្សនាប្រាសាទអង្គរវត្តយើងនេះ។ ក្នុងពេលដែលព្រះអង្គនៅគង់ប្រថាប់ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា (SNC) និងក្រោយៗមកទៀត ព្រះអង្គនៅតែបន្តនាំភ្ញៀវទៅទស្សនាប្រាសាទអង្គរវត្តយើងនេះដែរ។ ប្រាសាទអង្គរវត្តបានត្រូវបញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
បន្ថែមលើនេះ ព្រះមហាក្សត្រ បានយកឱកាសដ៏ប្រពៃថ្លៃថ្លានេះ ថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ជាពិសេសជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិ នឹងនៅស្ថិតស្ថេរ ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរជាតិអប្សរា និងស្ថាប័នវប្បធម៌កម្ពុជាផ្សេងៗទៀត អាចនឹងបន្តដំណើរការល្អ បំពេញភារកិច្ចរបស់ខ្លួន ទទួលបានជោគជ័យធំធេងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ជាឧត្ដមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្រ្តកម្ពុជា ។
ខាងក្រោមនេះ ជាខ្លឹមសារដើមទាំងស្រុង នៃព្រះរាជសុន្ទរកថា របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៃរមណីយដ្ឋានអង្គរវត្ត នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣៖