Friday, January 24, 2025
Homeព័ត៌មានជាតិព្រះសង្ឃធុតង្គ ចន្ទមុនី និមន្តសម្ដែងធម៌ទេសនាបុណ្យកឋិនសាមគ្គី នៅវត្តទ្រា ខេត្តកំពង់ឆ្នាំង ថ្ងៃ០៩ វិច្ឆិកា

ព្រះសង្ឃធុតង្គ ចន្ទមុនី និមន្តសម្ដែងធម៌ទេសនាបុណ្យកឋិនសាមគ្គី នៅវត្តទ្រា ខេត្តកំពង់ឆ្នាំង ថ្ងៃ០៩ វិច្ឆិកា

ខេត្តកំពង់ឆ្នាំងៈ បន្ទាប់ពីបាននិមន្តទៅសម្ដែងព្រះធម៌ទេសនា នៅវត្តអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំំ២០២៣ កន្លងទៅ និងមានអ្នកមានជំនឿគោរព បានទៅជួបជុំ សុំទទួលពរជ័យភ្លូកទឺកភ្លូកដីនោះ ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃធុតង្គ ចៅអធិការវត្តតាសុត នឹងនិមន្តទៅសម្ដែងព្រះធម៌ទេសនាក្នុងបុណ្យកឋិនសាមគ្គី ដង្ហែចីវរទាន វេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់មួយត្រីមាស ក្នុងពុទ្ធសីមា វត្តធម្មរតនៈសោភា ហៅវត្តទ្រា ស្ថិតនៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានព្រះទេវមុនីសេង ដា ជាព្រះចៅអធិការ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។

បើតាមព្រះគូ្រចៅអធិការ សេង ដា បានឲ្យដឹងថា វត្តធម្មរតនៈសោភា ហៅវត្តទ្រា មានចំនួន៣៧អង្គ ដែលកំពុងសិក្សារៀនសូត្រ ។ ដូច្នេះព្រះអង្គសុំបិណ្ឌបាតពុទ្ធបរិស័ទទីជិតឆ្ងាយ ចូលរួមក្នុងបុណ្យអង្គកឋិនទានសាមគ្គី ដង្ហែចូលវត្តធម្មរតនៈសោភា ហៅវត្តទ្រា ដែលមាននិមន្តព្រះសង្ឃធុតង្គ ចន្ទមុនិ សម្ដែងធម៌ទេសនា ឲ្យបានច្រើនកុះករ ដើម្បីបានបច្ច័យមួយចំណែកសម្រាប់ចំណាយលើការទិញលៀង ត្រៃចីវរ ជូនព្រះសង្ឃផង និងមួយចំណែកទៀត យកទៅកសាងសមិទ្ធផលក្នុងវត្ត ជាពិសេសព្រះវិហារ ដែលមិនទាន់បានសាងសង់រួចរាល់ផង ។

ព្រះតេជគុណសេង ដា បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា “ ជិតដល់ថ្ងៃហើយយញោម វត្តបានកម្មង់ចីវរ​ រួចហើយ ចំនួន​​ត្រៃធំ៧​ លៀងតូច​ ៣០​ ។ សូមគោរពអញ្ជើញញាតិញោមចូលរួមផង ព្រះសង្ឃគង់ចាំវស្សា​ ៣៧អង្គ​ ក៏សង្ឃឹមថាមិនខ្វះ​ សុំត្រឹមគ្រប់ព្រះសង្ឃ៣៧អង្គ​ ប្រើប្រាស់ទៅបានហើយញោម​ ។ បញ្ជាក់ៈ​ ទើបបាន​ ៨​ លៀងទេ​ និងត្រៃបាន​ ៣​ នៅខ្វះច្រើន ។ សូមទាក់ទងខ្ញុំព្រះករុណាអាត្មាភាព ព្រះចៅអធិការវត្ត ០៦៦ ៨៥៤ ៤៤៧, ០៩៥ ៨៥៤ ៤៤៧, ០១០ ៨៥៤ ៤៤៧ ។ សូមអនុមោទនា! “ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ ព្រះទេវមុនី សេង ដា ព្រះចៅអធិការវត្តធម្មរតនៈសោភា ហៅវត្តទ្រា បានមានថេរដីកាប្រាប់ “នគរធំ” នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ដោយព្រះទ័យអនុគ្រោះ​របស់ព្រះធម្មវនវាសី​ ចន្ទមុនី​ ព្រះសង្ឃធុតង្គ​ នឹងនិមន្តមកសម្ដែងព្រះធម៌ទេសនា​ នៅវេលាម៉ោង​ ៨:៣០​នាទីព្រឹក​ ថ្ងៃទី០៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ នៅថ្ងៃឆ្លងអង្គកឋិនទានសាមគ្គី​ ក្នុងវត្តធម្មរតនៈសោភា ហៅវត្តទ្រា ដើម្បីទ្រទ្រង់ព្រះសង្ឃ​គង់សិក្សារៀនសូត្រព្រះវិន័យ​ និងកសាងព្រះវិហារ​បន្ត​ ។ ដូច្នេះសូមបិណ្ឌបាតញាតិញោមពុទ្ធបរិស័ទចូលរួមឲ្យបានគ្រប់គ្នា តាមពេលវេលាដែលមានកំណត់នៅក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គី ។

 ព្រះតេជគុណ សេងដា បានមានថេរដីកាថា “សូមក្រាបថ្វាយបង្គំចំពោះព្រះករុណាគុណម្ចាស់គ្រប់ៗព្រះអង្គ ដោយសេចក្ដីគោរពកោតក្រែងស្ងប់ស្ញែងយ៉ាងក្រៃលែង! សូមចម្រើនពរដល់ឯកឧត្ដម លោកជំទាវ ញាតិញោមពុទ្ធបរិស័ទយើងទាំងអស់ដោយសេចក្ដីរាប់អាន! អាត្មាភាពសូមចម្រើនពរបិណ្ឌបាតនិងប្រគេនដំណឹងពីបុណ្យកឋិនទានសាមគ្គី ដង្ហែចូលវត្តធម្មរតនៈសោភា ហៅវត្តទ្រា ដែលនិមន្តព្រះធម្មវនវាសី ចន្ទមុនី សម្ដែងព្រះធម៌ទេសនា ។ អ៊ីចឹងទេចម្រើនពរញាតិញោមចូលរួមកម្មវិធីបុណ្យនោះ ថ្ងៃទី០៨ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយព្រះអង្គគ្រូធម្មវនវាសី ចន្ទមុនី ព្រះសង្ឃធុតង្គ និមន្តមកសម្ដែងព្រះធម៌ នៅវេលាម៉ោង៨និង៣០នាទីព្រឹក នាថ្ងៃទី០៩ វិច្ឆិកា ជាថ្ងៃឆ្លងកឋិនរបស់យើង “ ។

ព្រះតេជគុណសេង ដា មានថេរដីកាបន្តថា “ អ៊ីចឹងសូមចម្រើនពរញាមញោមចូលរួមទាំងអស់គ្នា ដើម្បីបានជាប្រយោជន៍ ដើម្បីបានជាបុណ្យកុសល ហើយមួយទៀតឥឡូវនេះ វត្តយើងក៏ពុងតែខ្វះខាតនូវបច្ច័យសម្រាប់កសាង ក៏ដូចជាសម្រាប់អង្គកឋិនទានឆ្នាំនេះ គឺយើងទទួលបានតែ៧លៀង និងត្រៃធំ៣ទេ នៅក្នុងថ្ងៃទី០៣ វិច្ឆិកា នេះ នៅខ្វះខាតច្រើន ដែលព្រះសង្ឃយើង៣៧អង្គ ។ អ៊ីចឹងសូមចម្រើនពរបិណ្ឌបាតញាតិញោមចូលរួម ទោះបីតិចក្ដី ច្រើនក្ដី តាមសទ្ធា ។ វត្តធម្មរតនៈសោភា ហៅវត្តទ្រា ស្ថិតនៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទំនាក់ទំនងលេខទូរស័ព្ទ នៅខាងលើស្រាប់ សូមអនុមោទនា! “ ៕  

 

 

 

 

ប្រតិកម្មទាំងអស់៖

132132

RELATED ARTICLES