ភ្នំពេញ ៖ ប្រជាពលរដ្ឋម្នាក់ រស់នៅភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា គាត់ដាក់ពាក្យបណ្ដឹង ចូលទៅចៅសង្កាត់កាកាបទី១ ប្ដឹងជនញៀនថ្នាំម្នាក់ ដែលចេះតែមកអុកឡុកនៅមុខផ្ទះ និងគំរាមសម្លាប់ក្រុមគ្រួសាររបស់គាត់ ធ្វើឲ្យក្រុមគ្រួសារគាត់ មានការភ័យខ្លាច បារម្ភពីសុវត្ថិភាព។ ប៉ុន្តែក្រោយការដាក់បណ្ដឹង រហូតមកដល់ពេលនេះ ៣ខែហើយ ក្រុមគ្រួសារទន្ទឹងរង់ចាំចំណាត់ការរបស់អាជ្ញាធរសង្កាត់ មិនទាន់ឃើញចុះមកដោះស្រាយ ដោយទុកឲ្យជនញៀនថ្នាំនោះ នៅតែបន្តអុកឡុកមុខផ្ទះរបស់គាត់ ជាញឹកញាប់ ។ លុះគាត់សួរទៅអាជ្ញាធរ រុញឲ្យទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ ឯសមត្ថកិច្ច រុញឲ្យប្តឹងទៅអាជ្ញាធរ ដូច្នេះហើយទើបគាត់សម្រេចស្នើសារព័ត៌មាន “នគរធំ” ឲ្យជួយចុះផ្សាយព័ត៌មាននេះ ដើម្បីជាសេចក្ដីរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាអន្តរាគមន៍ដោះស្រាយករណីអសន្តិសុខក្នុងភូមិនេះ ដើម្បីឲ្យគ្រួសាររបស់គាត់រស់នៅបានកក់ក្តៅផង ។
នៅក្នុងលិខិតគោរពជូនអង្គភាពសារព័ត៌មាន “នគរធំ” នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកហួត សុវណ្ណា ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានសរសេររៀបរាប់ថា “ខ្ញុំបាទជាប្រជា ពលរដ្ឋ រស់នៅក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សូមគោរពស្នើសុំសារ ព័ត៌មាន «នគរធំ» ចុះផ្សាយព័ត៌មានដែលទាក់ទងនឹងអសនិ្តសុខរបស់ប្រជាពលរដ្ឋ និងផ្ទះរបស់ខ្ញុំបាទ ព្រោះមានជនអនាមិក ពីមុនធ្លាប់មកស្នាក់អាស្រ័យក្នុងបន្ទប់ជួលរបស់ម្ដាយមីងខ្លួន ដែលជួលនៅជិតផ្ទះរបស់ខ្ញុំ ដោយជននេះ តែងតែមកអង្គុយជិតផ្ទះខ្ញុំ ហើយទិញស្រាថ្នាំ ម្ដងកន្លះលីត្រ មកផឹក រហូតដល់ស្រវឹង តែងមកស្រែកជេរ និងកាន់ដុំថ្មធំៗនៅដៃទាំងសងខាង ឈរពីមុខផ្ទះខ្ញុំ គំរាមគប់ផ្ទះខ្ញុំ ហើយស្រែកគំរាមរកអារកប្រពន្ធនិងកូនរបស់ខ្ញុំ ។ នៅពេលជននេះមកអុកឡុកម្ដងៗ ខ្ញុំបានរាយការណ៍ទៅសមត្ថកិច្ចដែរ តែសមត្ថកិច្ច បានត្រឹមតែមកដេញជនបង្ក ហេតុនេះ ឲ្យទៅវិញ ជាច្រើនលើកច្រើនសា លុះសមត្ថកិច្ចទៅបាត់ ប្រហែលពីរបីថ្ងៃ ឬយ៉ាងយូរ ៧ថ្ងៃ ជននេះក៏ត្រលប់មកអុកឡុកវិញដដែល ។ ពេលខ្ញុំសួរសមត្ថកិច្ចថា តើត្រូវធ្វើម៉េច កុំឲ្យជននេះមកឡុកទៀត? សមត្ថកិច្ច បានឆ្លើយថា បើចង់ចាត់វិធានការលើជននេះ តាមផ្លូវច្បាប់ ទាល់តែឲ្យខ្ញុំទៅដាក់ពាក្យបណ្ដឹង នៅសាលាសង្កាត់ ទើបអាជ្ញាធរសង្កាត់ មានចំណាត់ការ ។ ពេលខ្ញុំទៅដាក់ពាក្យបណ្ដឹង នៅសាលាសង្កាត់ រួចហើយ អ្នកទទួលពាក្យបណ្ដឹង បានប្រាប់ខ្ញុំថា ចាំគាត់ដាក់ជូនលោកស្រីចៅសង្កាត់ ពេលប្រជុំការងារ នៅថ្ងៃស្អែកហើយ“ ។
លោកហួត សុវណ្ណា បានសរសេររៀបរាប់បន្តថា “ក្រោយការដាក់បណ្ដឹងទៅសាលាសង្កាត់ បានប្រហែលបីទៅបួនថ្ងៃ ជនបង្កហេតុនេះ បានមកអុកឡុកបន្តទៀត នូវសកម្មភាពដដែលៗ ដូចអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ ។ ខ្ញុំក៏បានសួរទៅលោកស្រីចៅសង្កាត់ តើត្រូវចាត់វិធានការយ៉ាងណា ក្នុងនាមអាជ្ញាធរ? លោកស្រីចៅសង្កាត់ បានសួរនាំខ្ញុំ ពីជនបង្កហេតុនេះ ហើយពេលឆ្លើយរៀបរាប់ប្រាប់គាត់អស់ គាត់ប្រាប់ថា ជនបង្កហេតុនេះ មិនមែនជនអនាថា គឺជាជនល្មើស ដូច្នេះបើកកាលណាជាជនល្មើស ត្រូវទុកតួនាទីភារកិច្ចឲ្យសមត្ថកិច្ចប៉ូលិស ចាត់ការ ហើយលោកស្រី ចៅសង្កាត់ ក៏បានឲ្យខ្ញុំហៅសមត្ថកិច្ចប៉ូលិស (ប៉ូលិសប៉ុស្តិ៍) ចូលមកជួបគាត់ ដើម្បីឲ្យគាត់បាននិយាយប្រាប់សមត្ថកិច្ចថា ជនបង្កនេះ មិនមែនជនអនាថាទេ គឺជាជនល្មើស អ៊ីចឹងសមត្ថកិច្ច ត្រូវចាត់ការរឿងហ្នឹង ។ ប៉ុន្តែនៅពេលខ្ញុំទៅសួរសមត្ថកិច្ច តាមការចង្អុលបង្ហាញរបស់លោកស្រីចៅសង្កាត់នេះ ខាងសមត្ថកិច្ច បែរជាបញ្ជាក់ថា ចាំគោលការណ៍ពីសង្កាត់សិន តើត្រូវឲ្យធ្វើយ៉ាងណា? បានន័យថា បើបានគោលការណ៍ពីសង្កាត់ហើយ សមត្ថកិច្ចនឹងអនុវត្តភ្លាម ។ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានចំណាត់ការណាមួយពីខាងសង្កាត់ ក៏ដូចជាពីខាងសមត្ថកិច្ចសោះ គឺសង្កាត់ ឆ្លើយដាក់ប៉ូលិស ឯប៉ូលិស ឆ្លើយដាក់សង្កាត់ ។ តើខ្ញុំត្រូវទៅជម្រាបជូនអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធថ្នាក់ណាទៀត ឲ្យជួយដោះស្រាយ បើ៥ទៅ៦ថ្ងៃ ជនបង្កនេះមកអុកឡុកម្ដងៗ ហើយមកដេកនៅមុខផ្ទះខ្ញុំ ធ្វើឲ្យខ្ញុំបាទមានការភ័យខ្លាច ។ បើអាជ្ញាធរមានសមត្ថកិច្ច មិនមានដំណោះស្រាយ មានតែឲ្យគ្រួសារខ្ញុំបាទ ពេលឃើញជនបង្កនេះមក នាំកូននាំចៅបិទទ្វារ ចូលផ្ទះសំងំ មិនបាច់ប្រកបរបររកទទួលទានទេ (បច្ចុប្បន្នផ្ទះខ្ញុំបាទ លក់ដូរបន្តិចបន្តួច)“ ។
ប្រជាពលរដ្ឋខាងលើ បានរៀបរាប់បន្តទៀតថា “ជនបង្កហេតុនេះ តែងតែមកអង្គុយផឹកស្រា នៅមុខផ្ទះដែលម្ដាយមីងរបស់វាជួល ដោយម្ដាយមីង និងម្ចាស់ផ្ទះជួល មិនបានដេញជនបង្កហេតុនេះចេញទេ ហើយជនបង្កហេតុនេះ ពេលឃើញកូនស្រីខ្ញុំជិះម៉ូតូទៅរៀន វាបានហក់មកស្ទាក់មុខម៉ូតូកូនខ្ញុំ ធ្វើឲ្យកូនខ្ញុំភ័យ ខំប្រឹងបើកម៉ូតូគេច វិះនឹងដួលគ្រោះថ្នាក់ទៀតផង ។ ឃើញសកម្មភាពបែបនេះ លើកូនស្រីដែលជិះម៉ូតូទៅរៀននោះ ខ្ញុំក៏បានទៅជម្រាបអាជ្ញាធរមូលដ្ឋាន មេភូមិ ឲ្យពួកគាត់បានជ្រាបថា បើកូនខ្ញុំគ្រោះថ្នាក់ តើខាងណាទទួលខុសត្រូវ? ជាមួយនេះ ខ្ញុំបានសំណូមពរថា បើអាជ្ញាធរ មិនមានចំណាត់ការចាប់បញ្ជូនជនបង្កហេតុនេះទៅណាទេ សូមអាជ្ញាធរប្រាប់ម្ចាស់ផ្ទះជួល ឲ្យបញ្ឈប់ការជួលឲ្យម្ដាយមីងជនបង្កហេតុនេះ ព្រោះបើឲ្យម្ដាយមីងជនបង្កហេតុនេះ ជួលបន្ទប់ស្នាក់នៅទីនេះទៀត ជនបង្កហេតុ នៅតែមកអុកឡុកដដែល“ ។
ភ្ជាប់ជាមួយការរៀបរាប់តាមលិខិតខាងលើនេះ លោកហួត សុវណ្ណា ក៏បានបង្ហាញវីដេអូឃ្លីបមួយចំនួន ដែលជាភ័ស្តុតាងបញ្ជាក់ថា ជនបង្កហេតុ ពិតជាបានធ្វើសកម្មភាពអុកឡុករំខាន និងគំរាមសម្លាប់ក្រុមគ្រួសាររបស់លោក នាពេលកន្លងមក ដូចជាគំរាមរកអារកប្រពន្ធនិងកូនរបស់លោក និងគំរាមគប់ដុំថ្ម ជាដើម ។
ដោយឡែក ពាក្យបណ្ដឹង ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដែលលោកហួត សុវណ្ណា បានដាក់ចូលទៅលោកស្រីចៅសង្កាត់កាកាបទី១ ប្ដឹងបុគ្គលដែលអុកឡុក គំរាមសម្លាប់ក្រុមគ្រួសារគាត់នោះ មានខ្លឹមសារថា «ខ្ញុំបាទ ឈ្មោះហួត សុវណ្ណា អាយុ៥១ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន លំនៅបច្ចុប្បន្ន ផ្ទះលេខ5A ផ្លូវ២០០៤ ក្រុមទី១ ភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សូមគោរពចូលមកលោកស្រីចៅសង្កាត់កាកាបទី១ ។ កម្មវត្ថុ ៖ សំណើសុំប្ដឹងឈ្មោះម៉យ ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ ជនអនាថា លំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទសូមជម្រាបជូនលោកស្រីចៅសង្កាត់ ពីមូលហេតុនៃការប្ដឹងនោះថា ដោយសារ ជនអនាមិកខាងលើ មកបង្កអុកឡុកគំរាមកំហែង រកសម្លាប់ យ៉ាងយូរប្រហែលមួយអាទិត្យ មកបង្កគំរាមកំហែងម្ដង ដោយសារមានសាច់ញាតិ ត្រូវជាម្ដាយមីងរបស់ខ្លួន ជួលផ្ទះស្នាក់នៅក្បែរហ្នឹង ។ គោលបំណងរបស់ខ្ញុំបាទ សូមឲ្យ អាជ្ញាធរ និងសមត្ថកិច្ច ជួយដោះស្រាយឲ្យខ្ញុំផង ព្រោះខ្ញុំបាទរស់នៅដោយមានការភ័យខ្លាច ចំពោះជនអនាមិកហ្នឹង ។
អាស្រ័យដូចបានជមា្របជូនខាងលើ សូមលោកស្រីចៅសង្កាត់ មេត្តាស្រាវជ្រាវ និងរកយុត្តិធម៌ឲ្យរូបខ្ញុំបាទ ដោយក្ដីអនុគ្រោះ» ។
ទោះបីជាយ៉ាងណា ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចសុំការបញ្ជាក់ ឆ្លើយតបពីលោកស្រី ទៀប វណ្ណរឿង ចៅសង្កាត់កាកាបទី១ បានទេ កាលពីល្ងាចម្សិលមិញ ដោយលេខទូរស័ព្ទរបស់លោកស្រី មិនអាចទាក់ទងបាន ។ ចំណែកលោកវរសេនីយ៍ត្រី ទូច ទី នាយប៉ុស្តនគរបាលកាកាបទី១ ក៏មិនទាក់ទងសុំយោបល់បានដូចគ្នា នៅថ្ងៃដដែលនោះ ៕ កុលបុត្រ