Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉េអឹមដឹកស្រី ឡានបុកស្លាប់

ប៉េអឹមដឹកស្រី ឡានបុកស្លាប់

ភ្នំពេញ ៖ បុរសជាមន្ត្រីអាវុធហត្ថម្នាក់ កំពុងជិះម៉ូតូដឹកនារីរូបស្រស់ម្នាក់ ធ្វើដំណើរតាមផ្លូវ នៅពេលយប់សុខៗ ស្រាប់តែមានរថយន្ត ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន រួចជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យ បុរសជាមន្ត្រីអាវុធហត្ថ ប៉ើងខ្ទាតបោកទៅនឹងថ្នល់ ស្លាប់ភ្លាមៗមួយរំពេច ចំណែកនារីដែលរួមដំណើរ រងរបួស ធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ រីឯរថយន្តបង្កហេតុ បានបន្ថែមល្បឿនគេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវ២១៤ កែងផ្លូវ៥១ (ផ្លូវប៉ាស្ទ័រ) ស្ថិតក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ។

បុរសរងគ្រោះ ដែលបាត់បង់ជីវិត មានឈ្មោះភាង មុន្នីស័ក្តិ ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីកងរាជ អាវុធ ហត្ថមូលដ្ឋានខណ្ឌចម្ការមន និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំណែកនារីជាអ្នករួមដំណើរ មិន ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ (រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាក YAMAHA FILANO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IN-1318 ដឹកនារីម្នាក់ ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ២១៤ ក្នុងទិសដៅពីលិច ទៅកើត។

ប្រភពដដែល បន្តថា លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាព្រូស (មិនចាំស្លាកលេខ) ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ (ផ្លូវប៉ាស្ទ័រ) ទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះ ចំពាក់កណ្តាល យ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូអូសខ្ទាតជាច្រើនម៉ែត្រ រងការខូចខាតស្ទើរទាំងស្រុង ហើយបុរសជាអ្នក បើកម៉ូតូ បានប៉ើងខ្ទាតទៅចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុមួយរំពេច។ ចំណែកនារីដែលរួមដំណើរជាមួយ រងរបួសធ្ងន់ ត្រូវបានដឹកតាមរថយន្តសង្គ្រោះ យកទៅសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែត ភ្លាមៗ។

ដោយឡែករថយន្តបង្កហេតុ ក្រោយពីបុកម៉ូតូរួចហើយ ក៏បានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោលតែម្តង។ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងកម្លាំងអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុ និងជួយទាក់ទងផ្តល់ ដំណឹងដល់សាច់ញាតិជនរងគ្រោះ ក៏ដូចជាដាក់កម្លាំងដើម្បីជួយធ្វើការស្រាវជ្រាវ ស្វែងរករថយន្តបង្កហេតុ ផងដែរ។

បន្ទាប់មក សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង រួចអូសយកម៉ូតូទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការស្រាវជ្រាវ ស្វែងរករថយន្តបង្កហេតុ ជាអ្នកបើកបរ យកមកចាត់ ការតាមច្បាប់។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យសាច់ញាតិ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES