Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះ៣នាក់ ហែកហ្វេសប៊ុក ឆាតខ្ចីលុយ ១ម៉ឺនដុល្លារ

 វ៉ៃខ្នោះ៣នាក់ ហែកហ្វេសប៊ុក ឆាតខ្ចីលុយ ១ម៉ឺនដុល្លារ

ខេត្តព្រៃវែង ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចចូលក្នុងគណនីហ្វេសប៊ុក របស់គេ រួច ឆាតទៅខ្ចី លុយពីអ្នករកស៊ីជាមួយគ្នា ចំនួន៣៩លានរៀល (ជិត ១ម៉ឺនដុល្លារ) បានសម្រេច ទីបំផុតត្រូវជនរងគ្រោះប្តឹង សមត្ថកិច្ច ស្រាវជ្រាវរកមុខឃើញ ក៏ចាប់ក្របួចជាប់ ចំនួន៣នាក់ នាំយកទៅចាត់ការតាមច្បាប់។ករណីឆបោកប្រាក់នេះ បានកើតឡើង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអាន ដានិត ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់អនឡាញ មានលំនៅ ភូមិចំណោទរាម ឃុំបិតប្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី២-ឈ្មោះនី ចិត្រា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ មានលំនៅ ភូមិចំណោទរាម ឃុំបិតប្រាំង ស្រុកព្រៃនប់ ខេតព្រះសីហនុ និងទី៣-ឈ្មោះអ៊ាម គិមរាស ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេតបន្ទាយមានជ័យ។

ចំណែកជនរងគ្រោះ មានចំនួន២នាក់ ទី១-ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ SAVY HUN មានលំនៅ ភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ និងទី២-ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Khut Vibol មានលំនៅ ភូមិបង្អែក ឃុំស្វាយ ភ្លោះ ស្រុកពាមជរ។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង បានឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ បានលួចចូលហ្វេសប៊ុក ឈ្មោះ SAVY HUN មានលំនៅ ភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ ហើយបានឆាតមកម្ចាស់ហ្វេសប៊ុក ឈ្មោះ Khut Vibol មានលំនៅ ភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ឱ្យផ្ញើលុយ ចំនួន៣៩លានរៀល។ ដោយសារម្ចាស់ហ្វេសប៊ុក ទាំងពីរ ជាមនុស្សស្គាល់គ្នា ហើយរកស៊ីផ្ញើលុយ ជាមួយគ្នាទៅវិញទៅមក ក៏បានផ្ញើឱ្យជនសង្ស័យ។ ក្រោយមក ទើបដឹងថា ហ្វេសប៊ុក របស់ឈ្មោះ SAVY HUN ត្រូវបានចោរលួចចូល (ហែក) ដើម្បីឆាតឆបោកប្រាក់ រួចក៏ប្រញាប់ដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីមន្ត្រី ជំនាញអាវុធហត្ថ ភ្លាមៗតែម្តង។

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង បានបន្តថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តម សេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាឱ្យកម្លាំងជំនាញសហការ ជាមួយក្រុមហ៊ុនវីង ដើម្បីឆែកទីតាំងដកលុយ។ ជាលទ្ធផល ឃើញថា ការដកលុយនេះ គឺដកនៅក្នុងភូមិ ចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ទាប់មក កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយអាវុធហត្ថខេត្តព្រះសីហនុ ឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ទី១-ឈ្មោះអាន ដានិត ភេទស្រី និងទី២-ឈ្មោះនី ចិត្រា ភេទប្រុស ព្រម ទាំងដកហូតបានវត្ថុតាង រួមមាន ម៉ូតូ ២គ្រឿង

អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ច្បាប់ដើម ២សន្លឹក សំបុត្រកំណើត ១ច្បាប់ សំបុត្របញ្ជាក់កំណើត ២ច្បាប់ និងឯកសារមួយចំនួន កាតធនាគារ៥ បណ្ណ័សម្គាល់យានយន្ត ច្បាប់ដើម១ ប័ណ្ណបើកបរ ចំនួន១ ប័ណ្ណចាក់ វ៉ាក់សាំងកូវីដ-១៩ ចំនួន២ លោហធាតុពណ៌លឿង ចំនួន១ខ្សែ និងបន្តោងរូបសត្វ ចំនួន១ ស៊ីមកាត ចំនួន ២១ស៊ីម កាបូបដៃ១ កាបូបយួរដៃ១ សោរថយន្ត១ ស្លាកលេខម៉ូតូ ព្រះសីហនុ 1J-8234 ទូរស័ព្ទ ចំនួន៩គ្រឿង និងប្រាក់ដុល្លារ ១៤០០ដុល្លារ និងប្រាក់រៀល ៣ ៩០៣ ០០០រៀល។

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង បន្តទៀតថា បន្ទាប់ពីធ្វើការស្តាប់ចម្លើយជនសង្ស័យទាំងពីរនាក់ និង សហការជាមួយក្រុមហ៊ុនវីង ឆែកមើលកាមេរ៉ា ឃើញមានការដកលុយនៅចំណុចផ្ទះវីង ឈ្មោះផល្លែន នៅភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយ កម្លាំងបានស្នើសុំគោលការណ៍ ពន្លាតដែន ដីទៅសហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីស្រាវជ្រាវបន្ត។

ក្រោយពីបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួចមក កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀត ឈ្មោះអ៊ាម គិមរាស ភេទស្រី ដោយដកហូតវត្ថុតាង រួមមាន ទូរស័ព្ទដៃ ចំនួន១គ្រឿង អត្តសញ្ញាណប័ណ្ណ ចំនួន១ និងប្រាក់រៀល ចំនួន ១ ៨០០ ០០០រៀល។ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង រៀបចំកសាង សំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES