Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកកម្មករបេះស្វាយ បុកគ្នាក្រឡាប់ របួស៦០នាក់

ឡានដឹកកម្មករបេះស្វាយ បុកគ្នាក្រឡាប់ របួស៦០នាក់

ខេត្តកំពង់ស្ពឺ ៖ ក្រុមកម្មករបេះផ្លែស្វាយ ប្រមាណ៦០នាក់ កំពុងធ្វើដំណើរតាមរថយន្ត ១គ្រឿង ស្រាប់តែត្រូវ រថយន្ត ១គ្រឿងទៀត ជ្រុលមកបុក បណ្តាលឱ្យរថយន្តដឹកកម្មករបេះស្វាយ ក្រឡាប់ទាំងកំរោល ចាក់កម្មករ ចោល រងរបួសធ្ងន់-ស្រាល ដេកដួលរដូករណែលពេញផ្លូវ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច។

លោកកែវ ផាត នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BR-2738 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែរេចង្កូតចូលចំណែកផ្លូវខាងឆ្វេង រួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1646 បើកបរដោយឈ្មោះស៊ន សុខន ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិក្បាលទឹកក្រោម ឃុំជាំសង្កែ ស្រុកភ្នំស្រាល និងមានដឹកកម្មករបេះផ្លែស្វាយ ប្រមាណជាង៦០ នាក់ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យរថយន្តដឹកកម្មករបេះស្វាយ ក្រឡាប់ចាក់កម្មករចោល រងរបួសរដូករណែលពេញផ្លូវតែម្តង។

ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះអន្តរាគមន៍ ទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកអ្នករងរបួសធ្ងន់ទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។

ចំពោះវត្ថុតាង រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចអូសយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំភាគីទាំងសងខាង ចូលមកដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES