Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូស្ពាយកាំភ្លើង ប៉ូលិសឃាត់ បាញ់៤គ្រាប់

ជិះម៉ូតូស្ពាយកាំភ្លើង ប៉ូលិសឃាត់ បាញ់៤គ្រាប់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ បានយកកាំភ្លើងអាកា មករុំក្នុងក្រមា រួចស្ពាយជិះម៉ូតូតាមផ្លូវ នៅពេលយប់ លុះត្រូវ សមត្ថកិច្ចល្បាតប្រទះឃើញ ឃាត់សាកសួរ បានព្យាយាមជិះរត់គេច លុះសមត្ថកិច្ចដេញតាមទាន់ បានទាញកាំ ភ្លើងបាញ់សំដៅសមត្ថកិច្ច ចំនួន ៤គ្រាប់ តែសំណាងល្អ មិនផ្ទុះ ទើបត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅ ចាត់ការតាមច្បាប់។

ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង២៥នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ១០៨-១០៩ ត្រង់ចំណុចភូមិឡ ឃុំប្រាំបីមុំ ស្រុកថ្ពង។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ុល ស៊ីណាត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិរយាស ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង២៥យប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍ស្រុកថ្ពង ដែលដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលនគរបាលស្រុកថ្ពង ដោយប្រើមធ្យោបាយម៉ូតូ ច្រើនគ្រឿង បានចុះល្បាតក្នុងភូមិសាស្ត្រ ឃុំយាអង្គ និងឃុំប្រាំបីមុំ ពេលមកដល់ចំណុច ភូមិឡ ឃុំប្រាំបីមុំ ស្រុកថ្ពង លុះចេញល្បាតមកដល់ត្រង់ចំណុច ខាងលើ ក៏បានឃើញមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ ស្លៀកខោពណ៌ត្រេអ៊ី  ពាក់អាវយឺតពណ៌ត្រេអ៊ី ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-0656 តាម បណ្តោយផ្លូវលេខ៤៤ បើកបរ ពីទិសខាងលិចទៅទិសខាងកើត ដោយមានដាក់កាំភ្លើងរុំក្រមា បើកបរយ៉ាង លឿន ហើយពេលឃើញកម្លាំងសមត្ថកិច្ច បុរសនោះបានព្យាយាមរត់គេច។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលនគរបាលស្រុកថ្ពង បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីមាន បទបញ្ជាណែនាំ ចង្អុលបង្ហាញរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកអធិការរងនគរបាលស្រុកថ្ពង បាន ដេញតាមជនសង្ស័យ រហូតដល់ផ្លូវបំបែក ជនសង្ស័យបានជិះម៉ូតូគេចចូលតាមផ្លូវបេតុង ចូលទៅភូមិព្រៃវែង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លុះដល់ប្រឡាយទឹក ជនសង្ស័យបានឈប់ម៉ូតូ ទាញកាំភ្លើងអាមេបញ្ចូល គ្រាប់ លើកទី១ បាញ់សំដៅមកលើសមត្ថកិច្ច មិនផ្ទុះ រួចអាម៉េបញ្ចូលគ្រាប់ ៤ដង បាញ់សំដៅមកសម្ថកិច្ច ដដែលប៉ុន្តែ មិនផ្ទុះ រួចបោះកាំភ្លើងនោះចោល ហើយជិះម៉ូតូត្រឡប់បកមកក្រោយវិញ។ លុះមកដល់ស្ពានទី៣ ចន្លោះគីឡូម៉ែត្រ១០៨-១០៩ ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរសនោះបានតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-0656 និងអាវុធ១ដើម ម៉ាកអាកាសេកូ លេខ 197165723 និងគ្រាប់ ចំនួន១៧គ្រាប់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្ត កាលពីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES