Friday, January 24, 2025
Homeព័ត៌មានជាតិអបអរសាទរខួប២០ឆ្នាំ ការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

អបអរសាទរខួប២០ឆ្នាំ ការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាខួបទី២០ឆ្នាំ នៃការដាក់បញ្ចូល របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ នៅក្នុងខួប២០ឆ្នាំនេះ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចហ៊ុន ម៉ាណែត ព្រមទាំងក្រសួងនានា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមមានៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាដើម ព្រមទាំងប្រជាជនខ្មែរទាំងមូល បានផ្ញើសារអបអរសាទរ សម្ដែងមោទនភាពជាតិ ដែលរបាំមួយនេះ ត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​របស់អង្គការយូណេស្កូ អស់រយៈពេល២០ឆ្នាំមកហើយ ។

សារអបអរសារទរដែលមានន័យប្រហាក់ប្រហែលគ្នា ទាំងថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋខ្មែរ គឺបានចាត់ទុក របាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌមានតម្លៃបំផុតរបស់កម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។ ជាពិសេសរបាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យ ជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ ។ មិនតែប៉ុណ្ណោះ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ ។ អ្វីដែលវិសេសវិសាលជាងនេះ របាំនេះ សម្រាប់សម្តែងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ព្រះនគរ និងក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រ និងប្រមុខរដ្ឋ ហើយមានចារនៅក្នុងសិលាចារឹកផងដែរ ។

គួរបញ្ជាក់ថា របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ កន្លងទៅ។

គួររំលឹកថា របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួកគី ៕

RELATED ARTICLES