ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ទើបនឹងរៀបការប្រពន្ធរួចថ្មីៗ បើករថយន្តទៅលេងផ្ទះឪពុកម្តាយ រួចជួប ជុំបងប្អូន មិត្តភក្តិ ផឹកស្រាស្រវឹង បើករថយន្តត្រឡប់ទៅផ្ទះវិញ ស្រាប់តែជួបគ្រោះអកុសល ក្រឡាប់រថយន្ត បណ្តាលរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ ជាតិលេខ 56A ស្ថិតក្នុងភូមិទ្រាស់ ឃុំទ្រាស់ ស្រុកស្វាយចេក។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បុរសរងគ្រោះជាអ្នកបើកបររថយន្តក្រឡាប់ ទើបនឹងរៀបការប្រពន្ធរួចថ្មីៗ និងមានលំនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក។ មុនកើតហេតុ ជនរងគ្រោះខាងលើ បានបើករថយន្ត ១គ្រឿង ម៉ាក Mitsubishi ទៅលេងផ្ទះឪពុកម្តាយបង្កើត របស់ខ្លួន ស្ថិតនៅភូមិទ្រាស់ ឃុំទ្រាស់ ស្រុកស្វាយចេក រួចបានជួបជុំ សាច់ញាតិ បងប្អូន ផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក រួចក៏ឡើងបើករថយន្ត បំណងត្រឡប់ទៅផ្ទះប្រពន្ធរបស់ ខ្លួនវិញ។
ប្រភពដដែល បន្តថា លុះពេលធ្វើដំណើរមកដល់ ត្រង់ចំណុចកើតហេតុខាងលើ ដោយសារតែមានស្ថានភាព ស្រវឹងជោកផង ទើបបណ្តាលឱ្យជួបគ្រោះថ្នាក់ចរាចរណ៍ រេចង្កូតក្រឡាប់ដោយខ្លួនឯង ២ទៅ៣ត្រឡប់ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែករថយន្ត រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនក្រុងសិរីសោភ័ណ ហើយរថយន្តដែលក្រឡាប់ចូលព្រៃឈើ ត្រូវបានសាច់ញាតិក្នុងភូមិ ទាញអូសយកទៅធ្វើការជួសជុលដោយ ខ្លួនឯង។
តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ចជំនាញ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពីអ្នកបើកបរ ថយន្តស្ថិតក្នុងស្ថានភាពស្រវឹង និងខ្វះការប្រុងប្រយ័ត្ន៕