Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងប្រចណ្ឌ ប្តីដុតផ្ទះចោល ចោទប្រពន្ធមាន សហាយ

ភ្លើងប្រចណ្ឌ ប្តីដុតផ្ទះចោល ចោទប្រពន្ធមាន សហាយ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ មានចិត្តប្រចណ្ឌប្រពន្ធ ចោទមានប្រុសសហាយ និងចេះតែរករឿងឈ្លោះប្រកែក ជាប្រចាំ រហូតដល់ចុងក្រោយ បែកគំនិតដុតផ្ទះចោល បណ្តាលឱ្យឆាបឆេះ និងបង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាងជួយពន្លត់ទាន់ពេល ។ បន្ទាប់មក សមត្ថកិច្ចបានចុះចាប់វាយខ្នោះជនសង្ស័យដុតផ្ទះ នាំយក ទៅចាត់ការតាមច្បាប់។

ករណីបុរសប្រចណ្ឌប្រពន្ធដុតផ្ទះខ្លួនឯងចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣  នៅចំណុចក្រុមទី០៤ ភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ។

ជនសង្ស័យជាប្តីដែលដុតផ្ទះខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពេជ្រ ពន អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សប្រើប្រាស់ថ្នាំញៀនជាប្រចាំ មានប្រពន្ធឈ្មោះ រស់ ថាន អាយុ៣៨ឆ្នាំ មុខរបរកសិករ និងមានលំនៅ ក្រុមទី០៤ ភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ។តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ជនសង្ស័យឈ្មោះពេជ្រ ពន តែងប្រើប្រាស់គ្រឿងញៀន ជាប្រចាំ រហូតដល់បាត់បង់សតិស្មារតី លែងដឹងខុសត្រូវ និងចេះតែរករឿងឈ្លោះអុកឡុកក្រុមគ្រួសារ ប្រចណ្ឌ ប្រពន្ធរបស់ខ្លួនមិនឈប់ ហើយក៏ធ្លាប់ប្រើហិង្សាលើប្រពន្ធផងដែរ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនសង្ស័យទើបនឹងប្រើប្រាស់ថ្នាំញៀនរួច (បែកថ្នាំ) ចាប់ផ្តើមរករឿងឈ្លោះ ប្រចណ្ឌប្រពន្ធសាជាថ្មី បន្ទាប់មក ក៏បែកគំនិតយកភ្លើងដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ជួយពន្លត់ទាន់។ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើប្តីកំណាចរូបនេះតទៅទៀតលែងបាន ទើបស្ត្រីជាប្រពន្ធ សម្រេច ចិត្តប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនបុរសជាប្តី យកទៅចាត់ការតាមច្បាប់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះជាប្រពន្ធរួចមក និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារ ប្រឆាំងការជួញដូរមនុស្សនិងការពារអនី តិជន និងការងារយេនឌ័រ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំង នគរបាលស្រុក រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរដំបង១ ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះពេជ្រ ពន បាននៅវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃដដែល នៅចំណុចកើតហេតុ រួចក៏នាំយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដុតផ្ទះ ខ្លួនឯងចោលប្រាកដមែន។ មូលហេតុដោយសារតែខ្លួនបានប្រើប្រាស់ថ្នាំញៀន និងមានចិត្តប្រចណ្ឌប្រពន្ធ។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES