Friday, January 24, 2025
Homeព័ត៌មានជាតិភ្លើងទៀន រកកល់រលត់ លោករ៉ុង ឈុន ចោលភ្លើងទៀន ចូលបក្សកម្លាំងជាតិ

ភ្លើងទៀន រកកល់រលត់ លោករ៉ុង ឈុន ចោលភ្លើងទៀន ចូលបក្សកម្លាំងជាតិ

ភ្នំពេញៈ លោករ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតប្រធានសហភាពសហជីពកម្ពុជា បានសម្រេចចិត្តលាលែងពីតំណែងអនុប្រធានគណបក្សភ្លើងទៀន មក​ចូលរួមសកម្មភាព​នយោបាយជាមួយ​គណបក្ស​កម្លាំង​ជាតិ ដែលជាគណបក្សបង្កើតថ្មី មានស្ថាបនិកចេញមកពីគណបក្សភ្លើងទៀន ។

លោករ៉ុង ឈុន បញ្ជាក់ថា មូលហេតុនៃការចាកចេញពីគណបក្សភ្លើងទៀន ព្រោះតែគណបក្សភ្លើងទៀន មិនអាចចូលរួមការបោះឆ្នោត នៅពេលខាងមុខតទៅទៀតបានទេ ។ ដូច្នេះដើម្បីបន្តចរន្តនយោបាយ លោកមើលឃើញថា មានតែគណបក្សកម្លាំងជាតិ មួយគត់​ ដែលមានទស្សននយោបាយ ឆន្ទៈ ព្រមទាំងគោលដៅច្បាស់លាស់ ជាអ្នកបន្ត និងរក្សាបាននូវស្មារតីដើមរបស់គណបក្សភ្លើងទៀន ដោយពិតប្រាកដ ។

ការចាកចេញរបស់លោករ៉ុង ឈុន នៅពេលនេះ គឺធ្វើឡើងក្រោយការចាកចេញរបស់លោកជា មុនី អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សភ្លើងទៀន មកចូលរួមសកម្មភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ នេះផងដែរ ដែលធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដាននយោបាយមើលឃើញថា ការចាកចេញរបស់ថ្នាក់ដឹកនាំសំខាន់នៅពេលនេះ អាចជាសញ្ញាថា ភ្លើងទៀន រកកល់រលត់ហើយ ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោករ៉ុង ឈុន បានបញ្ជាក់ពីការចាកចេញពីគណបក្សភ្លើងទៀន មកចូលគណបក្សកម្លាំងជាតិ នេះថា “ សូមជម្រាបជូនបងប្អូនប្រជាពលខ្មែរទាំងក្នុង និងក្រៅប្រទេស សាធារណជន និងថ្នាក់ដឹកនាំ សមាជិក សមាជិកគណបក្សភ្លើងទៀន មេត្តាជ្រាបថា ខ្ញុំ រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន សូមប្រកាសចាកចេញពីសមាជិក និងតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន ចាប់ពីថ្ងៃនេះតទៅ ។ មូលហេតុនៃការចាកចេញពីគណបក្សភ្លើងទៀន នាថ្ងៃនេះ ព្រោះគណបក្សភ្លើងទៀន ដែលជាមូលដ្ឋានអ្នកប្រជាធិបតេយ្យ មិនអាចចូលរួមការបោះឆ្នោតនានា នៅពេលខាងមុខតទៅទៀតបានទេ ដូច្នេះដើម្បីបន្តចរន្តនយោបាយ និងគោលជំហរដើមរបស់គណបក្សភ្លើងទៀន ព្រមទាំងបន្តកម្លាំងនយោបាយប្រជាធិបតេយ្យ ឲ្យកាន់តែរីកធំធាត់ជាបន្តបន្ទាប់ ឈានទៅដឹកនាំប្រទេស ដោយការប្រកួតប្រជែងតាមរយៈការបោះឆ្នោតនៅពេលខាងមុខ ខ្ញុំ រ៉ុង ឈុន សូមប្រកាសចូលរួមជាមួយគណបក្សកម្លាំងជាតិ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ “ ។

សេចក្ដីប្រកាសព័ត៌មានដដែល បន្តថា “ ខ្ញុំមើលឃើញថា មានតែគណបក្សកម្លាំងជាតិ មួយគត់​ ដែលមានទស្សននយោបាយ ឆន្ទៈ ព្រមទាំងគោលដៅ មានភាពច្បាស់លាស់ ជាអ្នកបន្ត និងរក្សាបាននូវស្មារតីដើមរបស់គណបក្សភ្លើងទៀន ដោយពិតប្រាកដ ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សាធារណជន និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សភ្លើងទៀន ជ្រាបជាព័ត៌មាន “ ។

បន្ថែមលើខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើនេះ លោករ៉ុង ឈុន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកចាត់ទុកគណបក្សភ្លើងទៀន ប្រៀបដូចជាផ្ទះចាស់ ឬជាសារមន្ទីរ សម្រាប់តែធ្វើការគោរពសក្ការៈប៉ុណ្ណោះ តែបើឲ្យនៅជាមួយបន្តទៀត មិនអាចធ្វើបានទេ គឺត្រូវតែរកឡានថ្មី ដើម្បីបន្តដំណើរទៅមុខឲ្យដល់គោលដៅ ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀត គណបក្សកម្លាំងជាតិ ដែលលោកទៅចូលរួមជាមួយនោះ មិនបានបិទផ្លូវក្នុងការចងសម្ព័ន្ធជាមួយគណបក្សនយោបាយផ្សេងទេ គឺលោកនឹងជំរុញឲ្យមានការចងសម្ព័ន្ធ ដូចដែលគណបក្សភ្លើងទៀន បានធ្វើជាមួយគណបក្ស ៣ទៀត ។

លោករ៉ុង ឈុន បញ្ជាក់ថា ការដែលលោកទៅចូលរួមជាមួយកម្លាំងជាតិ មិនមែនបានន័យថា ជាការចូលរួមចំណែកបំបែកសំឡេងគណបក្សប្រឆាំង (ភ្លើងទៀន) ទេ ហើយការចូលទៅនេះ ក៏មិនមែនដើម្បីបានតំណែងប្រធានស្ដីទី ឬតំណែងជាន់ខ្ពស់អ្វីមួយក្នុងគណបក្សកម្លាំងជាតិដែរ ព្រោះបើលោកប្រាថ្នាទ្រព្យសម្បត្តិតំណែងបុណ្យស័ក្ដិ លោកមិនលាឈប់ពីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានឋានៈជាឧត្ដមមន្រ្តី និងបានប្រាក់ខែច្រើននោះទេ ។

លោករ៉ុង ឈុន បានមានប្រសាសន៍ថា “ យើងបន្តនូវឆន្ទៈដើម ស្មារតីដើម អ្នកប្រជាធិបតេយ្យ ហើយក៏ជានិមិត្តរូបមួយ សម្រាប់គណបក្សប្រជាធិបតេយ្យ ។ អ៊ីចឹងហើយបានជាខ្ញុំសម្រេចចិត្តចូលជាមួយគណបក្សកម្លាំងជាតិ ។ ទាក់ទងទៅនឹងការសម្រេចចិត្តនេះ យើងបានធ្វើការសិក្សាគ្រប់ជ្រុងជ្រោយ អ៊ីចឹងហើយបានជាយើងសម្រេចចិត្តចូលរួមជាមួយគណបក្សកម្លាំងជាតិ ស្របទៅនឹងអ្វីដែលអ្នកគាំទ្រចង់បាន ក៏ដូចជាថ្នាក់ដឹកនាំក្រោមជាតិចង់បាន ។ អ៊ីចឹងយើងមិនសម្រេចចិត្តផ្ទុយពីអ្វីដែលអ្នកគាំទ្រចង់បាន ដូចខ្ញុំបញ្ជាក់ខាងដើមអ៊ីចឹង គណបក្សកម្លាំងជាតិ ជាគណបក្សបន្តដំណើរពីគណបក្សភ្លើងទៀន ។ ការដែលយើងចាកចេញពីគណបក្សភ្លើងទៀននេះ ដូចដែលខ្ញុំបានបញ្ជាក់ខាងដើមអ៊ីចឹង គឺថា មិនមែនយើងចង់ដើរចេញពីគណបក្សភ្លើងទៀននោះទេ ក៏ប៉ុន្តែយើងចង់បន្តដំណើរពីគណបក្សភ្លើងទៀន បន្ទាប់ពីក្រសួងមហាផ្ទៃមិនឲ្យឯកសារ ផ្ដល់ឯកសារជូនគណបក្សភ្លើងទៀន ក្នុងការចូលរួមការបោះឆ្នោត ហើយបើសិនជាថាយើងនៅឱបគណបក្សភ្លើងទៀន ពេលហ្នឹងអត់មានអ្នកបន្តដំណើរ ហើយគណបក្សភ្លើងទៀនក៏មិនអាចចូលរួមការបោះឆ្នោត ។ អ៊ីចឹងដំណើរប្រជាធិបតេយ្យនៅកម្ពុជា គឺត្រូវបានចប់ហើយ ។ អ៊ីចឹងហើយមានន័យថា ដូចយើងជិះឡានក្រុងទៅសៀមរាបអ៊ីចឹង ប៉ុន្តែចៃដន្យឡានហ្នឹងវាទៅដល់ស្គន់ វាត្រូវជាប់ប៉ារាស់គេមិនឲ្យទៅមុខបន្តទៀត អ៊ីចឹងយើងត្រូវមានឡានមួយទៀត គឺសាងពីឡានហ្នឹង ដើម្បីធ្វើម៉េចទៅដល់គោលដៅ គឺសៀមរាប ។ ដូច្នេះដូចគ្នាអ៊ីចឹង នៅពេលគណបក្សភ្លើងទៀន មិនអាចចូលរួមការបោះឆ្នោតបាន អ៊ីចឹងយើងត្រូវតែធ្វើដំណើរបន្តទៀត យើងជិះឡានផ្សេង ធ្វើម៉េចឲ្យទៅដល់គោលដៅ និងដើម្បីសម្រេចបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ គាត់ចង់បានប្រទេសមួយមាននីតិរដ្ឋ ប្រទេសមួយមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។ អាហ្នឹងដែលជាសេចក្ដីប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋចង់បាន ។ ដូច្នេះគណបក្សភ្លើងទៀន នៅតែជាគណបក្សភ្លើងទៀន ជាគណបក្សមួយស្របច្បាប់ ហើយគណបក្សភ្លើងទៀន យើងតម្កល់ទុក ចាត់ទុកដូចជាសារមន្ទីរ ជាទីសក្ការៈរបស់អ្នកប្រជាធិបតេយ្យ ប៉ុន្តែយើងត្រូវបន្តដំណើរតទៅមុខទៀត យើងអត់ប្រារព្ធធ្វើតែទីសក្ការៈ នៅតែជាមួយភ្លើងទៀនទេ យើងត្រូវបន្តដំណើរធ្វើម៉េចដើម្បីទៅដល់គោលដៅរបស់យើងដែលពលរដ្ឋប្រាថ្នាចង់បាន អាហ្នឹងដែលជាគោលបំណង ហើយការធ្វើបែបនេះ វាមិនមែនជារឿងថា យើងដើរចេញពីភ្លើងទៀនទេ ។ បើគណបក្សភ្លើងទៀន ត្រូវក្រសួងមហាផ្ទៃផ្ដល់ឯកសារជូនឲ្យចូលរួមការបោះឆ្នោត យើងទាំងអស់គ្នានឹងនៅជាមួយគណបក្សភ្លើងទៀនរហូត ប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ប៉ុន្តែធ្វើម៉េចយើងឃើញហើយ បោះឆ្នោតថ្ងៃ២៣ កក្កដា កន្លងទៅនេះ យើងអត់បានចូលរួមម្ដងទៅហើយ ហើយឥឡូវនេះក៏មិនអាចចូលរួមបានដែរ ។ អ៊ីចឹងហើយបានជាខ្ញុំធ្វើការប្រកាស និងសម្រេចចិត្តជំហរនយោបាយនៅពេលនេះ “ ។

លោករ៉ុង ឈុន បានមានប្រសាសន៍បន្តថា “ តាមការពិត គណបក្សកម្លាំងជាតិ ជាគណបក្សមួយដែលមានការប្រមូលផ្ដុំអ្នកប្រជាធិបតេយ្យ ។ អ៊ីចឹងការទំនាក់ទំនងតែងតែមានហើយ យើងដឹងស្រាប់ហើយ លោកស៊ុន ចន្ធី ដែលជាប្រធានគណបក្ស ដែលគាត់កន្លងមកធ្លាប់ជាសមាជិកគណៈកម្មាធិការនាយក ជាប្រធានក្រុមការងារ ក៏ដូចជាប្រធានប្រតិបត្តិខេត្ត នៃគណបក្សភ្លើងទៀន ផងដែរ ។ អ៊ីចឹងគាត់ចាកចេញ ដោយគាត់យល់ឃើញថា គណបក្សភ្លើងទៀន ដែលមិនបានចូលរួមការបោះឆ្នោត ហើយបើសួរថា ហេតុអីមិនរង់ចាំពេលបោះឆ្នោតក្រុមប្រឹក្សាខេត្តរាជធានី ព្រឹទ្ធសភា ដើម្បីការពារសំឡេងអង្គបោះឆ្នោត? តាមការពិត ទាំងអស់នេះ យើងបានគិតរួចហើយ ដូចខ្ញុំបានជម្រាបខាងដើមអ៊ីចឹង គឺគំនិតដើម យើងរកផ្ទះថ្មី ស្របទៅនឹងការចង់បានរបស់ប្រជាជន​ ប៉ុន្តែយើងមានបញ្ហាបច្ចេកទេសខ្លះដែលធ្វើឲ្យមានភាពស្មុគស្មាញ ប៉ុន្តែពីពេលនេះ ទៅដល់ថ្ងៃបោះឆ្នោត យើងគិតថា វានៅពេលយូរច្រើន ហើយនឹងអាចជជែកគ្នារកផ្លូវចេញ ច្រកធ្វើម៉េចដើម្បីរក្សាអង្គបោះឆ្នោតកុំឲ្យមានការបែកខ្ញែក អាហ្នឹងជាគោលការណ៍ ។ ក្នុងន័យនេះដែរ នៅពេលដែលខ្ញុំចូល ហើយត្រូវបានគណបក្សកម្លាំងជាតិទទួលផ្លូវការ ខ្ញុំនឹងជជែកទាក់ទងរឿងសម្ព័ន្ធ ហើយបើតាមខ្ញុំដឹងខ្លះៗ​ គណបក្សកម្លាំងជាតិ ក៏មិនបិទផ្លូវដែរ ពីរឿងសម្ព័ន្ធភាព។ អ៊ីចឹងនៅពេលដែលខ្ញុំក្លាយទៅជាសមាជិកពេញសិទ្ធិនៅក្នុងគណបក្សកម្លាំងជាតិ ខ្ញុំនឹងជជែករឿងហ្នឹង ថាតើគួរពិចារណាបែបម៉េចទាក់ទងទៅនឹងសម្ព័ន្ធភាព? ពីព្រោះយើងដឹងហើយ គណបក្សកម្លាំងជាតិ មកដល់ពេលនេះក៏មិនទាន់មានរចនាសម្ព័ន្ធក្បាលម៉ាស៊ីនច្បាស់លាស់ដែរ ។ អ៊ីចឹងយើងអាចត្រូវការពេលវេលារៀបចំខ្លួនឲ្យបានរឹងមាំ ហើយបានមកចងសម្ព័ន្ធគ្នាក៏ថាបាន អាហ្នឹងយើងត្រូវការពេលវេលារៀបចំ ហើយបើយើងងាកមើលសម្ព័ន្ធភាព យើងឮពាក្យថា សម្ព័ន្ធភាពល្អប្រសើរហើយ ប៉ុន្តែសំខាន់ថាតើក្នុងសម្ព័ន្ធភាពហ្នឹងរៀបចំខ្លួនបែបម៉េច ដើម្បីឲ្យស្របទៅតាមនិយមន័យថាសម្ព័ន្ធភាពខ្លាំង ហើយវាមិនដូចគណបក្សសិទ្ធិមនុស្ស បូកជាមួយគណបក្សសម រង្ស៊ី ចេញទៅគណបក្សសង្រ្គោះជាតិទេ មិនអាចធៀបគ្នាបានទេ ផ្សេងពីគ្នា ហើយបើយើងចូលសម្ព័ន្ធភាព បើយើងមើលសម្ព័ន្ធភាពមកដល់ឥឡូវនេះ ក៏មិនទាន់បានសរសេរពីគោលនយោបាយ ឬលក្ខន្តិកៈ គោលការណ៍ឯកសារគតិយុត្តិ ដែលធ្វើឲ្យសមាជិកទី៥ ទី៦ គួរពិចារណា គួរចូលរួមបែបម៉េច អាហ្នឹងយើងទើបតែឃើញមានសេចក្ដីថ្លែងការណ៍រួមមួយសន្លឹក កាលពីថ្ងៃ១៤ នោះទេ តែគោលការណ៍ និងឯកសារបទដ្ឋានគតិយុត្តទាំងអស់មិនទាន់មានទេ ទាក់ទងទៅនឹងកិច្ចព្រមព្រៀង ហើយនិងគោលការណ៍បែបម៉េចៗ មិនទាន់មាននោះទេ ហើយយើងក៏មិនបិទផ្លូវនោះដែរ យើងនឹងពិចារណា នៅពេលដែលខ្ញុំចូលដល់គណៈកម្មាធិការនាយក យើងនឹងជជែកគ្នា ទាក់ទងនឹងរឿងនេះ “ ។

លោករ៉ុង ឈុន បានមានប្រសាសន៍បន្តទៀតថា “ តាមការពិត តួនាទី ឋានៈ វាជារបស់ក្រៅខ្លួនទេ វាមិនសំខាន់សម្រាប់ខ្ញុំទេ ។ បើសិនជាខ្ញុំមានចិត្តចង់ជួយគណបក្សណាមួយ មិនចាំបាច់តួនាទី ខ្ញុំសមាជិកសាមញ្ញធម្មតា ជួយទៅបានហើយ ហើយបើគិតអំពីតួនាទីសំខាន់ ម្ល៉េះពេលនេះខ្ញុំកំពុងអង្គុយនៅកៅអី គ.ជ.ប ដែលមានឋានៈជាឧត្ដមមន្រ្តី ឋានៈធំ មានរបបសព្វបែបយ៉ាង ប្រាក់ខែច្រើន ខ្ញុំមិនទៅឈប់ពី គ.ជ.ប ទេ បើសិនជាខ្ញុំស្រលាញ់ឋានៈតួនាទីបុណ្យស័ក្ដិទ្រព្យសម្បត្តិ ខ្ញុំមិនឈប់ពី គ.ជ.ប ទេ ។ អាហ្នឹងគ្រាន់តែបង្ហាញជំហរអារឿងប្រធានស្ដីទី គ្រាន់តែថាតួនាទីខ្យល់តែប៉ុណ្ណឹងទេ ហើយអ្វីដែលសំខាន់សម្រាប់ខ្ញុំ ថាតើខ្ញុំមានលទ្ធភាពប៉ុន្មានដើម្បីទៅជួយប្រទេសជាតិ ការពារបូរណភាពទឹកដី ស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ អាហ្នឹងដែលជារឿងសំខាន់សម្រាប់ខ្ញុំ ។ ទី២ ករណីថា បែកសំឡេង អត់មានរឿងអីដែលត្រូវបែកសំឡេងទេ ដូចខ្ញុំបានបញ្ជាក់ខាងដើមអ៊ីចឹង ដោយសារគណបក្សភ្លើងទៀន មិនត្រូវបានក្រសួងមហាផ្ទៃ ចេញឯកសារជូនឲ្យស្របទៅនឹងអ្វីដែល គ.ជ.ប ចង់បាន ។ បើសិនជាគណបក្សភ្លើងទៀន អាចចូលរួមប្រកួតការបោះឆ្នោតបាន ហើយខ្ញុំចាកចេញទៅបក្សមួយផ្សេងទៀត អាហ្នឹងអាចនិយាយចោទប្រកាន់ថា ខ្ញុំបំបែកសំឡេង ជារឿងត្រឹមត្រូវ តែបើគណបក្សភ្លើងទៀន មិនបានចូលរួមការបោះឆ្នោត ហើយយើងនៅតែឱបជាមួយគណបក្ស មានន័យថា យើងស្រលាញ់ណាស់ ប៉ុន្តែយើងកំពុងតែសម្លាប់ប្រជាធិបតេយ្យ យើងកំពុងតែផ្ដល់ឱកាសឲ្យស្រុកទេសយើងកាន់តែមានគ្រោះដ៏ធ្ងន់ធ្ងរទៅ ពីព្រោះយើងអត់បានចូលរួមប្រកួត អត់បានអីផងហ្នឹង ហើយនៅ២០២៧ ផុតអាណត្តិ ពេលហ្នឹងគណបក្សភ្លើងទៀន នៅតែស្របច្បាប់ដដែលអ៊ីចឹង ដូចខ្ញុំបានជម្រាបខាងដើមអ៊ីចឹង វាជាសារមន្ទីរ កន្លែងសក្ការៈអ្នកប្រជាធិបតេយ្យ ។ ដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តពេលនេះ គឺខ្ញុំមើលគ្រប់ជ្រុងជ្រោយ ថាមានតែគណបក្សកម្លាំងជាតិទេ ជាអ្នកបន្តដំណើរពីគណបក្សភ្លើងទៀន ហើយអត់មានទៅហែក ទៅបំបែកសំឡេងអីទេ ពីព្រោះខ្ញុំបានស្ទាបស្ទង់ ខ្ញុំបានដើរធ្វើប្រជាមតិទៅថ្នាក់ក្រោមជាតិច្រើនណាស់ ហើយគាត់លើកដៃមួយរយភាគរយ គាត់ចង់បានអ៊ីចឹង ។ អ៊ីចឹងទាក់ទងរឿងនេះ ដូចថ្នាក់ដឹកនាំរាជធានីខេត្តស្រុកខណ្ឌ ក៏ដូចជានៅតាមឃុំសង្កាត់ គណបក្សភ្លើងទៀន នៅរក្សាភាពស្ងប់ស្ងាត់ នៅជាមួយគណបក្សភ្លើងទៀន ដើម្បីរក្សាអង្គបោះឆ្នោត ក៏តំណែងនៅក្រុមប្រឹក្សារាជធានីខេត្ត ជំទប់ទី១ ជំទប់ទី២ មេឃុំ៤ ។ អ៊ីចឹងយើងនៅរក្សាភាពស្ងប់ស្ងាត់ ដើម្បីរក្សាអង្គបោះឆ្នោត ហើយយើងធ្វើការបម្រើប្រជាពលរដ្ឋ ។ គោលដៅគណបក្សកម្លាំងជាតិ ដែលគោលដៅសំខាន់ គឺ២០២៧ និង២០២៨ ។ ការបោះឆ្នោតព្រឹទ្ធសភា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ វាជាផ្នែកមួយទេ វាសំខាន់ដែរ ។ អ៊ីចឹងអ្នកដែលខិតខំចូលរួម គាត់នឹងបានឈរតំណែងជាសមាជិកក្រុមប្រឹក្សាខេត្ត ជាសមាជិកក្រុមប្រឹក្សារាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ទន្ទឹមនឹងហ្នឹង អស់លោកដែលនៅថ្នាក់ក្រោមជាតិនៅក្នុងគណបក្សភ្លើងទៀន នៅពេលដែលឈរក្រុមប្រឹក្សាខេត្ត ដូចថា ថ្ងៃចុះឈ្មោះស្អែកហ្នឹង យើងដាក់ឈ្មោះក្នុងបញ្ជីគណបក្សកម្លាំងជាតិទៅ ហើយអង្គបោះឆ្នោតហ្នឹង ទៅបោះឆ្នោតឲ្យគណបក្សកម្លាំងជាតិទៅ ហើយរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ គឺអត់ប៉ះពាល់ទេ រចនាសម្ព័ន្ធគឺមានយ៉ាងម៉េច ទៅកម្លាំងជាតិ អាចលើកទៅបណ្ដុំ បន្ទាប់ពីបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ។ អ៊ីចឹងកុំបារម្ភបងប្អូនដែលនៅថ្នាក់ក្រោមជាតិ ថាបន្តគាំទ្រកម្លាំងជាតិ បាត់បង់តួនាទីអី យើងនៅផ្ទះចាស់សិន នៅភ្លើងទៀនសិន នៅពេលដែលបោះក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ពេលនោះយើងទាំងអស់គ្នាទៅឈរឲ្យកម្លាំងជាតិ ហើយលើកទាំងផ្ទាំងទៅតែម្ដង អាហ្នឹងជាគោលការណ៍” ។

ថ្លែងនៅក្នុងសន្និសារព័ត៌មាននោះដែរ លោកជា មុនី អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាកចេញពីគណបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ដូចគ្នាដែរ បានឆ្លើយសំណួរអ្នកសារព័ត៌មានមកពីអង្គភាពសារព័ត៌មាន “នគរធំ” ថា ហេតុអ្វីសម្រេចចិត្តចាកចោលគណបក្សភ្លើងទៀន ដោយភ្លេចពាក្យរួមសុខទុក្ខជាមួយ ព្រោះកាលស្នើសុំចូលរួមសកម្មភាពជាមួយគណបក្សភ្លើងទៀន លោកបានបញ្ជាក់ក្នុងកម្មវត្ថុ ថា សុំចូលរួមសុខរួមទុក្ខនយោបាយក្នុងគណបក្សភ្លើងទៀន? លោកជា មុនី បានឆ្លើយខ្លីថា ការរស់នៅក្នុងនាមជាអ្នកនយោបាយ វាមិនខុសពីការរស់នៅក្នុងផ្ទះទេ បើកាលណាមិនសុខហើយ ត្រូវរកកន្លែងដែលបានសុខហើយ ។

លោកជា មុនី បានមានប្រសាសន៍ថា “ សេរីភាពពេញលេញ ក្នុងការចូលរួមសុខទុក្ខ ក្នុងការចេញពីសុខទុក្ខ ។ អ៊ីចឹងនៅពេលណាដែលយើងមានសេចក្ដីសុខ យើងនៅទៅ កាលណាយើងអត់មានសេចក្ដីសុខទេ យើងដើរចេញទៅ ត្រូវទេ? អ៊ីចឹងខ្ញុំឆ្លើយខ្លីៗអ៊ីចឹង គឺខ្ញុំសេរីភាពរបស់ខ្ញុំពេញតែម្ដង សេរីភាពរបស់ប្រជាពលរដ្ឋ គឺមានន័យថា ប្រពន្ធក៏ដោយ កាលណារួមសុខរួមទុក្ខជាមួយគាត់ហើយ ប៉ុន្តែដល់ពេលខ្ញុំពិបាកនៅជាមួយគាត់ពេក ខ្ញុំទៅផ្សេងវិញទៅ ។ ម្យ៉ាងទៀត ដោយសារតែខ្ញុំអត់មានតួនាទីអីនៅក្នុងគណបក្សភ្លើងទៀន ខ្ញុំគ្រាន់តែជាអ្នកគាំទ្រ ដូច្នេះរឿងអីផ្ទៃក្នុងរបស់គណបក្ស ខ្ញុំមិនចង់ដឹងទេ “ ។

គួរបញ្ជាក់ថា គណបក្សកម្លាំងជាតិ ដែលលោករ៉ុង ឈុន និងលោកជា មុនី ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មួយចំនួនទៀត​ កំពុងបន្តនាំគ្នាទៅចូលរួមសកម្មភាពនយោបាយជាមួយនោះ គឺជាគណបក្សថ្មី ដែលក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ជាផ្លូវការ តាមរយៈប្រកាស ស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្ទាប់ពីបានដាក់ពាក្យស្នើសុំបង្កើត កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។

ស្ថាបនិកគណបក្សកម្លាំងជាតិ ដែលមានរូបអំពូលភ្លើង និងមានអក្សរកាត់ គ.ក.ជ គឺលោក ស៊ុន ចន្ធី ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន និងជាអតីតជំនួយការលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាស្ថាបនិកគណបក្សភ្លើងទៀន ។ ស្ថាបនិករូបនេះ ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ រយៈពេល ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤០ ( ឆ ) ចុះ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ដែលរំលាយគណបក្សសង្រ្គោះជាតិ ។ លោក ស៊ុន ចន្ធី បានដាក់ពាក្យស្នើសុំផ្តល់នីតិសម្បទា នូវសិទ្ធិធ្វើនយោបាយឡើងវិញ ទៅសម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្ដល់នីតិសម្បទាឡើងវិញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ។

គណបក្សកម្លាំងជាតិ នឹងធ្វើសមាជ ប្រកាសរចនាសម្ព័ន្ធថ្នាក់ជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។ មុនសមាជមកដល់ លោកស៊ុន ចន្ធី ដែលជាប្រធានស្ថាបនិកគណបក្ស បានធ្វើលិខិតអញ្ជើញលោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងថ្នាក់ដឹកគណបក្សភ្លើងទៀន ជាច្រើនទៀន ទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីសមាជ ដែលនឹងប្រារព្ធធ្វើនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ចំណែកលោករ៉ុង ឈុន ដែលកាលនៅក្នុងគណបក្សភ្លើងទៀន មានតំណែងជាអនុប្រធានគណបក្ស និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នោះ មិនទាន់ដឹងថា នឹងត្រូវអង្គសមាជគណបក្សកម្លាំងជាតិ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឲ្យកាន់តំណែងអ្វីនៅឡើយទេ បើទោះបីមានព៌មានលេចឮថា លោកអាចនឹងត្រូវតែងតាំងជាអនុប្រធានបក្សថ្មីនេះ ដូចកាលនៅគណបក្សចាស់ (ភ្លើងទៀន) ក៏ដោយ ៕ កុលបុត្រ

RELATED ARTICLES