ខេត្តស្ទឹងត្រែង ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗបានបាត់ខ្លួនចេញពីផ្ទះ មិនដឹងទៅណា ជាមួយអ្នកណា ធ្វើឱ្យក្រុមគ្រួសារជ្រួលច្របល់ ចែកផ្លូវគ្នាតាមស្វែងរកសព្វកន្លែង តែគ្មានដំណឹងសោះ គិតមកដល់ពេលនេះ មានរយៈពេលជិត ១ខែមកហើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារ ពិសេសម្តាយឪពុកមាន ការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចកូនស្រីចាញ់ល្បិចមនុស្សមិនល្អ នាំយកទៅធ្វើបាប បានប្រកាសហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។យុវតីរូបស្រស់ដែលបាត់ខ្លួន មានឈ្មោះសុ ឃីម អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានឱ្យដឹងថា យុវតីឈ្មោះ សុ ឃីម បានបាត់ខ្លួនចេញពីផ្ទះ គិតមក ដល់ថ្ងៃនេះ មានរយៈពេលជិត ១ខែមកហើយ ដោយមិនដឹងថាទៅណាឡើយ។ តាំងពីថ្ងៃបាត់ខ្លួនដំបូង ក្រុមគ្រួសារ បងប្អូន សាច់ញាតិ បាននាំគ្នាស្វះស្វែងរកគ្រប់កន្លែងដែរ ប៉ុន្តែមិនទទួលបានតម្រុយអ្វីបន្តិច សោះឡើយ ទើបធ្វើឱ្យឪពុកម្តាយ មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចកូនស្រីត្រូវមនុស្សមិនល្អ ប្រើល្បិចបោក បញ្ឆោតនាំទៅធ្វើបាប។
ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញ យុវតីដែលមានភិន ភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈកាសែត «នគរធំ» ឬវិទ្យុអេប៊ីស៊ី ដោយក្តីអនុគ្រោះ៕