Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបុកម៉ូតូ ស្លាប់គ្រូបង្រៀនម្នាក់

ឡានបុកម៉ូតូ ស្លាប់គ្រូបង្រៀនម្នាក់

ខេត្តឧត្តរមានជ័យ ៖ បុរសជាគ្រូបង្រៀនម្នាក់ បានជិះម៉ូតូក្នុងល្បឿនលឿន រួចជ្រុលចូលចំណែកផ្លូវម្ខាងទៀត ធ្វើឱ្យរថយន្ត ១គ្រឿង ជ្រុលបុកយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែក អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅលើ កំណាត់ផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦២-៦៣ ស្ថិតក្នុងភូមិកណ្តោលដុំ ឃុំពង្រ ស្រុកចុងកាល់។

បុរសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះសុខ សេរី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរគ្រូបង្រៀន នៅសាលាបឋមសិក្សាជ្រឹងខាងកើត មានលំនៅ ភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់។តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាង ម៉ូតូនិងរថយន្ត ក្នុងលក្ខណៈផ្ទុយទិសគ្នា ពីជើង ទៅត្បូង បណ្តាលឱ្យស្លាប់មនុស្សនៅកន្លែងកើតហេតុ ចំនួន១នាក់ ភេទប្រុស។

ប្រភពដដែល បន្តថា ភាគីម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខឧត្តរ មានជ័យ 1F-6785 បើកបរដោយឈ្មោះសុខ សេរី ជាគ្រូបង្រៀន (ស្លាប់នៅនឹងកន្លែង) ធ្វើដំណើរក្នុង ទិសដៅពីជើង ទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ត្រូវថយន្ត ១គ្រឿង ម៉ាកកាមរី ស៊េរីឆ្នាំ៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2A-0269 បើកបរពីត្បូង ទៅជើង អ្នកបើកបរបានគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺដោយសារអ្នកបើកបរម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ បើកបរមិនប្រកាន់ស្តាំ។ បន្ទាប់មក សមត្ថកិច្ចបានអូសយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកចុងកាល់ ដើម្បីដោះស្រាយតាមនីតិវិធី។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី៕

RELATED ARTICLES