Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាំស្រីក្មេង៣នាក់ ចូលផ្ទះសំណាក់ ដាក់ថ្នាំសណ្តំ ដេកស្អាតទាំង៣

នាំស្រីក្មេង៣នាក់ ចូលផ្ទះសំណាក់ ដាក់ថ្នាំសណ្តំ ដេកស្អាតទាំង៣

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ បានល្បួងនារីវ័យក្មេង ៣នាក់ នាំទៅហូបចុកនៅក្នុងផ្ទះសំណាក់ ១កន្លែង ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយប្រាប់ថា ចាំផ្តល់លុយធីបឱ្យ តែបែរជាដាក់ថ្នាំសណ្តំពួក នាងទាំង៣នាក់ ឲ្យបាត់បង់ស្មារតី ដេកស្តូកលែងដឹងខ្លួន ហើយជនសង្ស័យបានប្រមូលយកលុយកាក់ និងគ្រឿងអលង្ការ អស់ពីខ្លួន រួចរត់គេចខ្លួនបាត់។ លុះ៥ថ្ងៃក្រោយមក ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ ខ្លួនជនសង្ស័យបាន នៅឯខេត្តរតនគិរី។

ករណីដាក់ថ្នាំសណ្តំនារីវ័យក្មេង ៣នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់ ម៉ាណែល មានទីតាំងស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ រហូតមកដល់វេលាម៉ោង ៦ព្រលប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅឯខេត្តរតនគិរី។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសួ ពិសិដ្ឋ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានចំនួន៣នាក់ រួមមាន ទី១-ឈ្មោះទូច ស្រីនុត ភេទស្រី អាយុ១៩ឆ្នាំ មុខរបររត់តុ។ ទី២-ឈ្មោះធាន ស្រីលីន ភេទស្រី អាយុ១៩ឆ្នាំ មុខរបររត់តុ និងទី៣-ឈ្មោះស៊ាវ លីនអរ ភេទស្រី អាយុ១៩ឆ្នាំ មុខរបររត់តុ។ ជនរងគ្រោះ ទាំង៣នាក់ សព្វថ្ងៃធ្វើការនិងស្នាក់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះណាក់មួយ កន្លែង ពាក់ព័ន្ធករណីប្រើថ្នាំសណ្តំ លួចយកទ្រព្យ សម្បត្តិ (ខ្សែដៃ ទូរស័ព្ទ និងលុយ) ពីនារីវ័យក្មេង ចំនួន៣នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំ សម្របសម្រួលនីតិវិធីដោយលោកមុត សម្បត្តិ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី។ប្រភពដដែល បន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីយុវតី ៣នាក់ខាងលើ បានរៀបរាប់ថា កាលពីវេលាម៉ោង ៤និង២០នាទី ទៀបភ្លឺ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ពួកនាង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បបួលទៅញ៉ាំអីនៅផ្ទះសំណាក់ ឈ្មោះម៉ាណែល តាមរយៈមេ ការរបស់ ពួកនាង ជាថ្នូរនឹងការផ្តល់លុយធីបឱ្យ។

លុះពេលទៅដល់ ជនសង្ស័យបានឱ្យពួកនាងជួលបន្ទប់ផ្សេងៗគ្នា ស្រាប់តែមួយសន្ទុះក្រោយមក ពួកនាង បានបាត់បង់ស្មារតី ដេកស្តូក លែងដឹងខ្លួន។ លុះពេលដឹងខ្លួនឡើងវិញ ទើបដឹងថាបានបាត់ទ្រព្យសម្បត្តិ សម្ភារៈមានតម្លៃមួយចំនួន រួមមាន ១-ទូរសព្ទដៃ ១គ្រឿង ម៉ាក iPhone 13 Pro Max ពណ៌ខៀវ ២-លុយ ចំនួន ២៩ម៉ឺនរៀល និង ៣-ខ្សែដៃ ចំនួន១ខ្សែ។

ក្រោយពីធ្វើសកម្មភាពដាក់ថ្នាំសណ្តាំលួចយកទ្រព្យសម្បត្តិខាងលើរួច ជនសង្ស័យបានគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រាដែលពួកនាងមកកាន់ខេត្តរតនគិរី ប្រទះឃើញជនសង្ស័យ នៅខេត្តរតនគីរី ទើបពួកនាងក៏រាយការណ៍ប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ខាងលើតែម្តង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតសម្ភារៈ រួមមាន ១-លុយដុល្លារក្លែងក្លាយ ចំនួន៥២០០ដុល្លារ  ២-លុយខ្មែរ ចំនួន២៣ម៉ឺនរៀល ៣-លុយដុល្លារ ៤០ដុល្លារ ៤-ទូរស័ព្ទដៃ ចំនួន២គ្រឿង ៥-ខ្នាយជ្រូកព្រៃ ចំនួន១ និងបន្តោងព្រះ ចំនួន១។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីរង់ចាំ ប្រគល់ជូនកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលជាម្ចាស់ ករណី នាំយកទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES